បាត់ដំបងៈ បុរសមានជម្ងឺសរសៃប្រសាទពីណើតអាយុ២៨ឆ្នាំម្នាក់ ត្រូវបានរថភ្លើងកិនស្លាប់កាលពីថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ នៅក្នុងស្រុកសង្កែ បន្ទាប់ពីបានបាត់ខ្លួនពីផ្ទះអស់រយៈពេល២ថ្ងៃ ហើយបានទៅដេកលើផ្លូវរថភ្លើង។
អធិការនគរបាលស្រុកសង្កែ លោកយុត តុងហូ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធ ទី៨ ខែមករាថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថភ្លើងកិនមនុស្សម្នាក់ នៅវេលាម៉ោងជាង៧ព្រឹក នៅត្រង់ចំណុចវាលស្រែលូ៦ ស្ថិតក្នុងភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យជនជនរងគ្រោះឈ្មោះ ផ្លុង សាវឿន ស្លាប់នៅកន្លែងកើតហេតុ ដោយដាច់ជើងឆ្វេងផងដែរ។
លោកតុងហូមានប្រសាសន៍ថា៖«យើងអាចសន្និដ្ឋានថា គាត់ដេកនៅលើផ្លូវរថភ្លើងហ្នឹងឯង ដោយសារតែសភាពសាកសពរមួលនៅហ្នឹងផ្លូវដែកហ្នឹងតែម្តង។ គាត់អាចដេកនៅប្រឡោះផ្លូវដែកហ្នឹង ដោយយកជើងម្ខាងដែលដាច់ហ្នឹងគងលើផ្លូវដែក»។
លោកបន្តថា ជនរងគ្រោះមានជម្ងឺសរសៃប្រសាទប្រចាំកាយតាំងពីកំណើតមក ហើយធ្លាប់ចេញបាត់ពីផ្ទះអស់រយៈពេលរាប់ខែផងដែរ។ នៅពេល ដែលគ្រួសាររបស់គាត់បានប្រទះឃើញវិញ ក៏បានចាប់ដាក់ច្រវាក់ ដើម្បីកុំឱ្យដើរចេញពីផ្ទះទៀត។
លោកផ្លុង ហាប់ អាយុ៥៨ឆ្នាំ ដែលជា ឪពុករបស់ជនរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៩៖៣០នាទីព្រឹកកាលពីថ្ងៃទី៥ ខែមករានេះ លោកបានចេញទៅច្រូតស្មៅឱ្យគោ។ លោក បានទុកកូន ដែលជាជនរងគ្រោះនៅផ្ទះ ដោយ ដាក់ជើងចាក់ជាប់ច្រវាក់ ពីព្រោះតែកូន មានជំងឺសរសៃប្រសាទតាំងពីកំណើតមកនេះ។
ក្រោយពី ច្រូតស្មៅបានហើយមកដល់ផ្ទះវិញ លោកមិនបានឃើញកូននោះទេ ហើយបាននាំគ្នាដើររកកូន ប៉ុន្តែរកមិនឃើញនោះទេ។ លុះដល់ថ្ងៃទី៧ ខែមករា វេលាម៉ោងប្រហែល៨:០០នាទីព្រឹក ទើបមានគេមកប្រាប់ថាកូនរបស់ខ្លួនត្រូវបានរថភ្លើងកិនស្លាប់នៅចំណុចវាលស្រែលូ៦។
កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានទៅពិនិត្យកន្លែងកើតហេតុ ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុកកិនស្លាប់ ពិតប្រាកដមែន។ នគរបាលស្រុកសង្កែបានធ្វើកំណត់ហេតុ និងបានប្រគល់សាកសពជនរងគ្រោះទៅក្រុមគ្រួសារជនរងគ្រោះ។
នេះការករណីស្លាប់ ដោយសារតែគ្រោះថ្នាក់លើផ្លូវដែកជាលើកទី១ ក្នុងខេត្តបាត់ដំបង នៅដើមឆ្នាំ២០២៥នេះ។
គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃទី៧ មករា បានកើតមានឡើងចំនួន ៥លើក ដែលបណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ នេះបើយោងតាមនគរបាលជាតិ។
ក្នុងរយៈពេល៧ ថ្ងៃ គិតពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមករានេះ យានយន្តចូលគោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន ២ ០៦៦គ្រឿង ដែលរួមមាន រថយន្តធំ ១៤គ្រឿង រថយន្តតូច ៨០៨គ្រឿង និងម៉ូតូ ១ ២៤៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១ ៥៥៩គ្រឿង ដែលមាន រថយន្តធំ ១២គ្រឿង រថយន្តតូច ៥៧៦គ្រឿង និងម៉ូតូ ៩៧១គ្រឿង ត្រូវបានផាកពិន័យទៅតាមផ្លូវច្បាប់៕