រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា គ្រោង​ជួប​ជាមួយ​ស្មៀន​ឃុំ សង្កាត់​ទាំង​ ១៦៥២ ​ទូទាំង​ប្រទេស​នា​ពេល​ឆាប់ៗ​ខាង​មុខ​ដើម្បី​ស្វែង​យល់​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ត្រូវ​កែ​លម្អ​ ក៏ដូចជា​សំណូមពរ​ឬ​សំណើ​ផ្សេងៗ​របស់​ស្មៀន។

លោក ទូច សុខៈ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាម​រយៈ​ជំនួប​នេះ​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នឹង​ទទួល​បាន​នូវ​ព័ត៌មាន​ផ្ទាល់​ពី​ស្មៀន​ឃុំ សង្កាត់​ទាំង​អស់​អំពី​កង្វល់ និង​សំណើ​នានា​ ដែល​អាច​ជួយ​ឲ្យ​ការ​ផ្ដល់​សេវា​សាធារណៈ​របស់​ពួក​គេ​មាន​ភាព​ប្រសើរ​ឡើង។

លោក​ថ្លែង​ថា៖ «បច្ចុប្បន្ន​ នៅ​តាម​ឃុំ​សង្កាត់​មាន​ស្មៀន​តែ​ម្នាក់​ទេ ហើយ​ការងារ​សព្វ​បែប​យ៉ាង​គឺ​គាត់​រ៉ាប់រង​ជាមួយ​ប្រជាពលរដ្ឋ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់​ជាមួយ​ស្មៀន ប៉ុន្តែ មិន​បាន​ដឹង​ពី​ទំហំ​ការងារ​របស់​ស្មៀន​ទេ។ ពេល​ខ្លះ​ថ្ងៃ​បុណ្យ ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ​ បង​ប្អូន​យើង​មួយ​ចំនួន​ថា ស្មៀន​អត់​នៅ​ការិយាល័យ ហើយ​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​រក​ដំណោះ​ស្រាយ»។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា យល់​ឃើញ​ថា វា​ជា​រឿង​ល្អ​ដែល​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ​ជួប​ផ្ទាល់​ជាមួយ​ស្មៀន​ឃុំ​សង្កាត់ ពីព្រោះ​វា​ជា​ការ​សន្ទនា​គ្នា​មួយ​រវាង​អាជ្ញាធរ​នៅ​ថ្នាក់​ជាតិ ជាមួយ​មន្ត្រី​នៅ​ថ្នាក់​មូល​ដ្ឋាន។ 

វា​ក៏​ជា​ឱ​សម្រាប់​ស្មៀន​លើក​ឡើង​ពី​កង្វល់ បញ្ហា​ប្រឈម​ និង​ស្នើ​សុំ​ការ​អន្តរាគមន៍​​បន្ថែម​ដើម្បី​បង្កើន​ប្រសិទ្ធភាព​និង​ប្រសិទ្ធផល​នៃ​ការងារ។

លោក​បន្ត​ថា៖ «ក្រសួង​មហាផ្ទៃ​ក៏​អាច​ប្រើប្រាស់​ជំនួប​ជា​ឱកាស​ក្នុង​ការ​ពញ្ញាក់​ស្មារតី​ឲ្យ​មន្ត្រី​ស្មៀន​ទាំង​អស់​យក​ចិត្ត​ទុកដាក់​បំពេញ​តួនាទី ភារកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​បន្ថែម​ទៀត ក្នុង​ការ​បម្រើ​ប្រជា​ពលរដ្ឋ ជា​ពិសេស​គឺ​លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​លើ​ការ​វៀរចាក​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ទាំង​ថវិកា​ឃុំ​សង្កាត់ ឬ ការ​លួច​លក់​ទ្រព្យ​សម្បត្តិ​សាធារណៈ ឬ​ក៏​ការ​ឃុបឃិត​ក្នុង​ទម្រង់​ណា​មួយ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន»។

លោក​សង្ឃឹម​ថា ជំនួប​នេះ​នឹង​ពង្រឹង​ដល់​គោលការណ៍​អភិបាល​កិច្ច​ល្អ​នៅ​តាម​ឃុំ​សង្កាត់៕