ភ្នំពេញៈ ដំរីអាស៊ីមួយហ្វូង ដែលរួមមានទាំងកូនដំរីផងនោះ ត្រូវបានថត ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅតំបន់ជួរភ្នំ​ក្រវាញកណ្តាល ខណៈដែលមេ និងកូនខ្ទីងក៏បានបង្ហាញវត្តមានផងដែរ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងខេត្តព្រះវិហារ។

ក្រសួងបរិស្ថាន កាលពីថ្ងៃទី ៨ ខែកមករា នេះបានចាត់ទុក ការបង្ហាញវត្តមានសត្វទាំងនោះ ថាជា ដំណឹងដ៏រីករាយសាទរឆ្នាំថ្មី ២០២៥នេះ។

នៅក្នុង វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិ នោះ បានបង្ហាញឱ្យឃើញនូវវត្តមាន ដំរីអាស៊ីមួយហ្វូង យ៉ាងហោចណាស់ មាន៤ក្បាល ដែលកំពុងតែដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាល ស្ថិតក្នុងខេត្តកោះកុង។ មួយក្បាល ក្នុងចំណោមនោះ គឺជាកូនដំរីតូចជាងគេ ដែលមើលទៅហាក់មានសុខភាពល្អ។

ក្រសួងបានលើកឡើងថា វត្តមាននៃកូនដំរីនេះ បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។

សត្វ​ដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការIUCNដែលកំពុងតែរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកនៅទូទាំងពិភពលោក។

ក្រសួងបញ្ជាក់ថា៖«ការការពារទីជម្រកធម្មជាតិ គឺមានសារៈសំខាន់ណាស់ក្នុងការរស់រាននៃសត្វដំរីអាស៊ី និងសត្វព្រៃសំខាន់ៗដទៃទៀត ដែលរក្សានូវលំនឹងបរិស្ថានធម្មជាតិ»។

​ដំរី​អាស៊ី​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល ត្រូវបានប៉ាន់ប្រមាណថា មានវត្តមាននៅ​កម្ពុជា ហើយភាគ​ច្រើនពួកវារស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើត។ 

នៅក្នុងធម្មជាតិ សត្វដំរី ដើរតួនាទីជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម។ ពួកវាត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។  ​សត្វដំរីក៏ដើរតួនាទីយ៉ាងសំខាន់ផង ក្នុងការបែកខ្ញែកគ្រាប់ពូជរុក្ខជាតិនៅក្នុងព្រៃ និងពួកវាត្រូវការជម្រកធម្មជាតិ ដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់នៅ។

នៅតំបន់ជួរភ្នំក្រវាញកណ្តាល អង្គការអភិរក្សអន្តរជាតិកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងដៃគូពាក់ព័ន្ធ ដោយមានការគាំទ្រពី គម្រោងមរតកបៃតង(USAID Morodok Baitang), The Legacy Landscapes Fund និង Procter & Gamble Co ធ្វើការរួមគ្នាក្នុងការពារសត្វព្រៃរួមទាំងដំរីអាស៊ី និងជម្រករបស់វា តាមរយៈគម្រោង រេដបូក(REDD+)។ 

ស្របពេលជាមួយគ្នានេះផងដែរ វត្តមានសត្វខ្ទីង ដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងខេត្តព្រះវិហារ។ ពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។

ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានឱ្យដឹងថា សត្វមេខ្ទីង និងកូនរបស់វា និងហ្វូងសត្វខ្ទីងខ្លះទៀត ពួកវាតែងបង្ហាញវត្តមាន នៅក្នុងឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាមួយហ្វូងគោអ្នកភូមិប្រមាណពី៣ទៅ៤ដងក្នុងឆ្នាំ២០២៤កន្លងមក។

មេ និងកូនខ្ទីងបង្ហាញវត្តមាន ជាមួយនឹងហ្វូងគោអ្នកភូមិ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងខេត្តព្រះវិហារ។ រូបថត ក្រសួងបរិស្ថាន

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានថ្លែងថា ការបង្ហាញវត្តមានសត្វទាំងនេះ គឺជាការរីកចម្រើន នៃជីវចម្រុះ ដោយ​សារ​​​​​តែ​មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជា បានល្អប្រសើរ។

លោកមានប្រសាសន៍ថា៖«កិច្ចការពារបាននៃជីវចម្រុះ ជួយឱ្យរក្សាបាននូវលំនឹងបរិស្ថានក្នុងតំបន់ ជាពិសេសរក្សាបានសត្វព្រៃ ក្នុងតំបន់ធម្មជាតិ ដែលនេះវាក៏ជាការបន្សល់ទុកនូវកេរ្តិ៍មរតកដល់មនុស្សជំនាន់ក្រោយ ជារបស់ដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានសោះឡើយ»។ 

ខ្ទីងរស់នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ក្នុងនោះមានដូចជា ភូមិភាគឦសាន និងខាងជើង ខេត្តកោះកុង ពោធិ៍សាត់(ជួរភ្នំក្រវាញ) និងកំពង់ស្ពឺ។

សត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្ដាលខ្នង ហើយមានកខ្លីបន្តិច រាង មាំដោយបួរនៅផ្នែកខាងក្រោម។ ចំណែកជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ រីឯនៅលើថ្ងាសមានរោមវែងពណ៌ប្រផេះ ឬលឿងមាសស្រាល។ 

ខ្ទីងញី មានមាឌតូច និងស្នែងតូច ហើយពុំសូវមានបូក និងបួរដូចខ្ទីងឈ្មោលទេ។ ស្នែងខ្ទីង មានរាងសំប៉ែតជាងស្នែងទន្សោង ហើយដុះមកពណ៌ប្រផេះខៀវ ផ្នែកគល់ ដុះចេញក្រៅរួចកោងឡើងទៅលើដូចទន្សោងដែរ។ ខ្ទីងមានទម្ងន់ពី៥០០ ទៅ១ ០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥ ទៅ២ម៉ែត្រ រីឯញី១,៦០ម៉ែត្រ។

សត្វខ្ទីង វាចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ខ្ពស់ជាងសត្វទន្សោង។ ប្រភេទអាហារដែលវាស៊ីមានដូចជា ល្បះខ្ចី ទំពាង ស្មៅ និងវល្លិ៍ជាដើម ហើយជាធម្មតាខ្ទីងចេញរកស៊ីនៅពេលព្រឹកព្រលឹម និងពេលល្ងាច។ ខ្ទីង ចូលចិត្តរស់នៅជាហ្វូង។ 

ចំពោះខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពរពោះរយៈពេលពី ៩ខែ រីឯកូនរបស់វាមានពណ៌ត្នោត រហូតដល់វាមានអាយុពី៤ ទៅ៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ។

លោកអាទិត្យា បានអំពាវនាវ ដល់សាធារណជន ឱ្យបន្តរួមការពារធនធានធម្មជាតិ ដែលជាផ្នែកមួយសំខាន់មិនត្រឹមតែលើកកម្ពស់ជីវចម្រុះនៅកម្ពុជាទេ តែវាក៏ជាផ្នែកមួយក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងការរកចំណូលដល់ប្រជាសហគមន៍ថែមទៀតផងដែរ៕