ចាប់​ពី​ឆ្នាំ​ ២០២៥​នេះ​តទៅ ថ្ងៃ​ទី២៤ ខែ​កញ្ញា មិន​ត្រឹម​តែ​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ ប៉ុណ្ណោះ​ទេ មន្ត្រី​រាជការ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​​រៀបចំ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ​ទាំង​នៅ​ភ្នំពេញ និង​នៅ​តាម​ខេត្ត​ទូទាំង​ប្រទេស។

ការ​តម្រូវ​ឲ្យ​​មាន​ការ​រៀបចំ​«ពិធី​គោរព​រដ្ឋធម្មនុញ្ញ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»​នេះ​ ធ្វើ​ឡើង​តាម​រយៈ​សារាចរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ចុះ​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០២៥​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ​នេះ។

សារាចរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា៖ «គ្រប់​ក្រសួង ស្ថាប័ន ត្រូវ​រៀបចំ​គណៈ​ប្រតិភូ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ ចូលរួម​ប្រារព្ធ​ ពិធី​គោរព​រដ្ឋធម្មនុញ្ញ នៅ​នីតិបូជនីយដ្ឋាន វិមាន​រដ្ឋធម្មនុញ្ញ នាថ្ងៃ​ទី២៤ ខែកញ្ញា ជា​រៀង​រាល់​ឆ្នាំ ដែល​ត្រូវ​រៀបចំ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ។ ដោយឡែក គ្រប់​មន្ទីរ អង្គភាព​នានា នៅ​រាជធានី​និង​តាម​បណ្តា​ខេត្ត ត្រូវ​រៀបចំ​ប្រារព្ធ ពិធី​គោរព​រដ្ឋធម្មនុញ្ញ​ តាម​ទីតាំង​និង​លទ្ធភាព​ជាក់​ស្តែង»។

លោក​ក៏​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​និង​ឯកជន​ចូលរួម​ផ្សព្វផ្សាយ​ខ្លឹមសារ​​រដ្ឋធម្មនុញ្ញ និង​ប្រវត្តិ​នៃ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ ដើម្បី​បំផុស​ស្មារតី​ «គោរព ការពារ លើក​តម្កើង និង​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ»។

លោក អ៊ូ ចន្ទរ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា បាន​ថ្លែង​ថា លោក​គាំទ្រ​ការ​រៀបចំ​ឲ្យ​មាន​ការ​គោរព​រដ្ឋធម្មនុញ្ញ ដែល​ផ្ដល់​តម្លៃ​កាន់​តែ​ខ្លាំង​ដល់​ច្បាប់​កំពូល​របស់​ជាតិ។ លោក​​បន្ត​ថា ការ​គោរព​រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​ភ្ជាប់​ទាំង​ការ​អនុវត្ត​និង​ស្មារតី។

លោក​បន្ត​ថា៖ «មិន​ត្រឹម​តែ​បង្ហាញ​រូបភាព​នៃ​ការ​គោរព​ទេ ប៉ុន្តែ អនុវត្ត​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ប្រសើរ នោះ​ទើប​វា​មាន​តម្លៃ​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ​នេះ»។

ស្រដៀង​គ្នា​នេះ លោក យង់ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើង​ថា ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​រដ្ឋធម្មនុញ្ញ​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ​ ជា​រឿង​ត្រឹម​ត្រូវ ហើយ​ការ​គោរព​នោះ​«មិន​មែន​គ្រាន់​តែ​ជា​ការ​សម្ដែង​មួយ​ពេល​ទេ»​នោះ​ទេ។

លោក​​បន្ត​ថា រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់​កំពូល​ ហើយ​អ្នក​នយោបាយ ប្រជា​ពលរដ្ឋ​ទាំង​អស់ ត្រូវ​គោរព​ច្បាប់​កំពូល​នេះ​ឲ្យ​លើស​ពី​រូបភាព ស្មារតី ពោល​គឺ​ការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ នោះ​ទើប​ការ​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​សុខ​សន្តិភាព និង​សណ្ដាប់​ធ្នាប់​ល្អ។​

លោក​បញ្ជាក់​ថា៖ «ការ​បង្កើត​ឲ្យ​មាន​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​និង​ពិធី​គោរព​រដ្ឋធម្មនុញ្ញ​នេះ វា​ជា​រឿង​​ដែល​យើង​សាទរ ព្រោះ​វា​បង្ហាញ​ជា​រូបភាព​អំពី​អ្វី​ទៅ​ជា​រដ្ឋធម្មនុញ្ញ ហើយ​ការ​តស៊ូ​របស់​អ្នក​នយោបាយ​ក្នុង​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​មក​ហ្នឹង​វា​យ៉ាង​ម៉េច​ខ្លះ។ ប៉ុន្តែ ខ្ញុំ​សុំ​គូស​បញ្ជាក់​ថា គ្រប់​អ្នក​នយោបាយ​ទាំង​អស់​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ ដែល​ធានា​នូវ​ឯកភាពជាតិ សាមគ្គី​ជាតិ សណ្ដាប់​ធ្នាប់​សង្គម អធិបតេយ្យ​ជាតិ និង​សុខ​សន្តិភាព​ជូន​ប្រជាជាតិ»៕