![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20251/9_1_2025_ccc6.png)
ក្រុមមន្រ្តីល្បាតការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ កែវសីមា។ រូបថត មន្ទីរបរិស្ថានខេត្ត
មណ្ឌលគិរីៈ បេក្ខជន ដែលបានប្រឡងជាប់ចំនួន ៤០នាក់ ក្នុងនោះមានស្រ្តី១៣នាក់ ត្រូវបានដាក់បញ្ជូលជាភ្នាក់ងារល្បាត ជាមួយនឹងមន្រ្តីឧទ្យានុរក្សផ្សេងទៀត ដើម្បីចូលរួមការពារធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃកែវសីមា ដែលស្ថិតក្នុងគម្រោងរេដបូកកែវសីមា របស់ក្រសួងបរិស្ថាន និងអង្គការសមាគម អភិរក្សសត្វព្រៃ(WCS)។
ការសម្រេចដាក់បញ្ជូលនេះ ត្រូវបានធ្វើឡើង ដោយ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ក្រោយពីក្រុមការងារក្រសួងបានអនុវត្ត និងបញ្ចប់នីតិវិធី នៃការជ្រើសរើសភ្នាក់ងារល្បាតសម្រាប់បម្រើការងារ ក្នុងដែនជម្រកសត្វព្រៃនេះ ដោយផ្អែកទៅលើជាលទ្ធផល នៃការប្រឡងជ្រើសរើសបេក្ខជននាពេលកន្លងមក។
ក្នុងលិខិត ផ្ញើជូន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្រសួងបរិស្ថានបានពិនិត្យ និងសម្រេចអនុញ្ញាតឱ្យមន្ទីរបរិស្ថានខេត្ត សហការ ជាមួយអង្គការWCS ក្នុងការរៀបចំកិច្ចសន្យាការងារ និងដាក់បញ្ចូលជាភ្នាក់ងារ ល្បាតចំនួន ៤០នាក់ ឱ្យបម្រើការងារនៅដែនជម្រកសត្វព្រៃកែវសីមា ក្រោមការងារគ្រប់គ្រង និងផ្តល់ថវិកា ទ្រទ្រង់ប្រចាំខែ រយៈពេល១ឆ្នាំម្តង ពីមន្ទីរបរិស្ថានខេត្ត ក្រោមការឧបត្ថម្ភពីអង្គការWCS»។
ការប្រឡងជ្រើសរើសមន្រ្តីល្បាតបន្ថែមនេះ គឺ ជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នៅក្នុងការពង្រឹងការគ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ទំហំជាង ៣០០ ០០០ហិកតា ដែលស្ថិតក្នុងចំណោមផ្ទៃដីតំបន់ការពារតំបន់ធនធានធម្មជាតិជាង១លានហិកតាក្នុងខេត្តមណ្ឌលគិរី។
មន្រ្តីឧទ្យានុរក្ស និងមន្រ្តីបរិស្ថានខេត្តជាង ១២០នាក់បាននឹងកំពុងតែបំពេញការងារ ដើម្បីជួយអភិរក្សធនធានធម្មជាតិក្នុងតំបន់ទំាងនោះ។
នាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានមានមន្រ្តីឧទ្យានុរក្សប្រមាណជា ១ ២០០នាក់ ដែលកំពុងតែធ្វើការការពារតំបន់អភិរក្សរហូតដល់ទៅជាង៧លានហិកតា ជាមួយនឹង សមាជិកសហគមន៍មូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងក្រុមល្បាតអង្គការដៃគូជាដើម។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា មន្រ្តីទាំងនោះត្រូវបានប្រឡងជ្រើសរើសអ្នកមូលដ្ឋាន នៅក្នុងតំបន់ដែនជម្រកកែវសីមា ដើម្បីពង្រឹងការងារអភិរក្សធានធានធម្មជាតិ ជាពិសេសនៅក្នុងគម្រោងឥណទានកាបូនកែវសីមានេះ។
លោកមានប្រសាសន៍ថា៖«ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដែលយើងបានរៀបចំនេះ គឺយើងយកកូនចៅពលរដ្ឋមូលដ្ឋាន មកចូលរួមកាន់តែប្រសើរថែមទៀត ទៅដល់ការការពារ និងអភិរក្ស ។ អញ្ជឹងគាត់ចូលរួមការពារព្រៃរបស់ពួកគាត់ផង និងដើម្បីគ្រួសារបស់គាត់ផង ព្រោះគាត់ទទួលបានចំណូល។ អញ្ជឹងឥណទានកាបូននេះ គឺផ្តល់សារៈសំខាន់ខ្លាំងណាស់ដល់ ពលរដ្ឋនៅមូលដ្ឋានមុនគេ»។
លោកបានបន្ថែមថា ដើម្បីពង្រឹងការគ្រប់គ្រងធនធម្មជាតិឱ្យកាន់តែមានប្រសិទ្ធិភាព គឺចាំបាច់ត្រូវមានការសហការពីដៃគូអភិវឌ្ឍនិងសហគមន៍មូលដ្ឋានផងដែរ។
ក្នុងនោះ នៅក្នុងគម្រោងឥណទានកាបូននេះ ជីវភាពសហគមន៍ ត្រូវបានលើកកម្ពស់ តាមរយៈការរៀបចំហេដ្ឋារចនាសម្ពន្ធ ការផ្តល់កម្មវិធីប្រាក់ចម្ចៃ ការសាងសង់សាលារៀន ដើម្បីជម្រុញឱ្យកូនចៅពួកគាត់ទៅសាលារៀន និងការបណ្តុះបណ្តាលជំនាញផ្សេងៗ ជាពិសេសផ្នែកទេសចរណ៍ធម្មជាតិ ដែលជួយឱ្យពួកគាត់មានប្រាក់ចំណូលបន្ថែម។
គម្រោងរេដបូកកែវសីមាបានចាប់ផ្តើម កាលពីឆ្នាំ២០១០ និងកំពុងតែអនុវត្តលើផ្ទៃដីព្រៃទំហំ១៦៦ ៩៨៣ហិកតា ក្នុងចំណោមផ្ទៃដីជាង ៣០០ ០០០ហិកតានៃដែនជម្រកសត្វព្រៃកែវសីមា។
ថវិកាមួយផ្នែកធំ ដែលបានមកពីការលក់ព្រៃកាបូនក្នុងគម្រោងនេះ ត្រូវបានបែងចែកដល់សហគមន៍ជនជាតិដើមភាគតិចចំនួន២០ភូមិ ដែលមានសមាជិកប្រហែល២ម៉ឺននាក់កំពុងទទួលផលតាមរយៈកម្មវិធី«ថវិការេដបូកសម្រាប់សហគមន៍»(C4C)៕