នៅ​​ក្នុង​ឆ្នាំ​២០២៤​ កន្លង​ទៅ កម្ពុជា​រក​ចំណូល​ពន្ធ​បាន​ពី​ល្បែង​នៅ​កាស៊ីណូ​ និង​ល្បែង​ផ្សង​សំណាង​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង ៦៣​ លាន​ដុល្លារ ដែល​កើន​ឡើង​ប្រមាណ ៨៥​ ភាគរយ​បើ​ប្រៀប​ធៀប​នឹង​ចំណូល​រក​បាន​នៅ​ឆ្នាំ​២០២៣។

ក្នុង​ចំនួន​ទឹក​ប្រាក់​ជាង ៦៣​លាន​ដុល្លារ​នេះ​ ទឹក​ប្រាក់​ជាង​ ៦២,១​លាន​ដុល្លារ​បាន​ពី​កាស៊ីណូ និង ជាង​១​លាន​ដុល្លារ​បាន​ពី​ល្បែង​ផ្សង​សំណាង។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចំណូល​ពី​ល្បែង​ពាណិជ្ជកម្ម​ដែល​គណៈកម្មការ​គ្រប់​គ្រង​ល្បែង​ពាណិជ្ជកម្ម​ (គ.ល.ក.) ប្រមូល​បាន។

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​កាស៊ីណូ​កំពុង​ប្រតិបត្តិការ​ស្របច្បាប់​ជិត​ ២០០​កន្លែង​ភាគច្រើន​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ វៀតណាម​ ក្រុង​ព្រះសីហនុ​ លើក​លែង​តែ​ណាហ្គាវើលដ៍​ ដែល​នៅ​រាជធានី​ភ្នំពេញ​ភ្នំពេញ។ នេះ​បើ​យោង​តាម​ គ.ល.ក.។

លោក​ ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា ថ្លែង​ថា បើ​គិត​ពី​ទិដ្ឋភាព​សេដ្ឋកិច្ច​ កន្លែង​ណា​ដែល​ជា​ប្រភព​រក​ចំណូល​សម្រាប់​ជាតិ សុទ្ធតែ​ជា​រឿង​សំខាន់។ 

យ៉ាងណា​ក៏​ដោយ លោក​ថា ដោយសារ​តែ​ល្បែង​ស៊ីសង​មាន​ផល​ប៉ះពាល់​ច្រើន ការ​គ្រប់​គ្រង​ទាំង​នៅ​កន្លែង​ល្បែង អ្នក​លេង​ល្បែង និង​ប្រភព​ចំណូល​ និង​ការ​មិន​ពង្រីក​ចំនួន​កាស៊ីណូ​ថែម​ទៀត គឺ​ជា​រឿង​ចាំ​បាច់។

លោក​ក៏​ពន្យល់​ផង​ដែរ​ថា ចំណូល​ពន្ធ​ដែល​បាន​ពី​ល្បែង​ពាណិជ្ជកម្ម​ជាង ៦៣​ លាន​ដុល្លារ​នេះ ​មិន​​បាន​គិត​ដល់​ផល​ប៉ះពាល់​ផ្សេងៗ។ ជួន​កាល​ការ​ធ្វើ​តុល្យភាព​រវាង​ចំណូល​និង​ផល​ប៉ះពាល់​​សង្គម ផល​ចំណេញ​ជាក់​ស្ដែង​អាច​ទាប​ជាង​នេះ។

លោក​បន្ត​ថា៖ «ដូច្នេះ​ ចំនួន​កាស៊ីណូ​ដែល​មាន​ហើយ មិន​គួរ​បន្ថែម​ទៀត​ទេ ទោះបី​ជា​ល្បែង​អនឡាញ​ក៏ដោយ ល្បែង​បរទេស​មក​បើក​ក៏​ដោយ។ ឬ​មួយ​ក៏​ថា បរទេស​គ្នា​គេ​មក​លេង​នៅ​ស្រុក​យើង​ទេ ទោះបី​បរទេស​គេ​មក​លេង​ស្រុក​យើង​ក៏​ដោយ ​ផល​ប៉ះពាល់​គឺ​មក​ដល់​ស្រុក​យើង​ដដែល»។

សម្រាប់​ល្បែង​ផ្សង​សំណាង​ឬ​ឆ្នោត លោក ហុង វណ្ណៈ យល់​ថា វា​គួរតែ​ជា​ឆ្នោត​រដ្ឋ​ដែល​អាច​ធានា​បាន​នូវ​ភាពត្រឹម​ត្រូវ​ និង​មិន​គួរ​អនុញ្ញាត​ឲ្យ​ឯកជន​ ឬ បរទេស​បើក​ទេ។ ធ្វើ​ដូច្នេះ គឺ​ដើម្បី​កុំ​ឲ្យ​ថវិកា​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស៕