ភ្នំពេញៈ ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការការពារធនធានធម្មជាតិ នៅក្នុង ដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ខេត្តព្រះវិហារ តាមរយៈការចូលរួមបង្ក្រាប និងទប់ស្កាត់សកម្មភាព បំផ្លាញធនធានធម្មជាតិ។

ការចុះMoUនេះធ្វើឡើងកាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈនេះ ដោយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត និងប្រ​ធាន​រាជបណ្ឌិត្យសភាកម្ពុជា លោកសុខ ទូច។

ក្នុងកិច្ចសហប្រតិបត្តិការនេះ ភាគីទាំង២បានព្រមព្រៀងគ្នា សហការអនុវត្តឱ្យបានសម្រេច លើប្រតិបត្តិការ ផ្ស​ព្វ​ផ្សាយ និងលើកកម្ពស់ការយល់ដឹងច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដល់មន្ត្រីពាក់ព័ន្ធ និងប្រជាជនក្នុងតំបន់។

ជាពិសេសគឺ សហការចូលរួមទប់ស្កាត់សកម្មភាពកាប់បំផ្លាញធនធានព្រៃឈើ និងធនធានធម្មជាតិផ្សេងៗ ទៀតក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

ការពង្រឹងការអនុវត្តវិធានការ៣ចំណុច ក៏ត្រូវបានលើកឡើងផងដែរ នៅក្នុងកិច្ចសហការនេះ។ ក្នុងនោះរួមមាន ការអនុវត្តច្បាប់១០០ភាគរយ ដោយត្រូវអនុវត្តតាម បទប្បញ្ញត្តិជាតិ ជាពិសេស ក្រមបរិស្ថាននិងធនធានធម្មជាតិ និងត្រូវបញ្ឈប់វប្បធម៌ចុះកិច្ច សន្យាដោះលែងបទល្មើស។

មួយវិញទៀត គឺការសហការជាមួយក្រសួងយុត្តិធម៌ គណៈមេធាវី អង្គភាពប្រឆាំងនឹងអំពើពុករលួយ កងកម្លាំងយោធពលខេមរភូមិន្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំណុចចុងក្រោយគឺ ការផ្តល់ផែនទីកំណត់តំបន់ការពារធម្មជាតិ ផែនទីផ្កាយរណប និងមធ្យោបាយ ក្នុងករណីចាំបាច់និងតាមលទ្ធភាព។

លោកសុខ ទូច បានថ្លែងក្នុងឱកាសនោះថា ការចុះMoU ស្តីពីកិច្ចសហប្រតិបត្តិការពារធនធានធម្មជាតិ រវាងក្រសួងបរិស្ថាន និងរាជបណ្ឌិតសភាកម្ពុជានេះ គឺមិនមែនមានតែក្នុងក្រដាសប៉ុណ្ណោះទេ។

ប៉ុន្តែវាជាកិច្ចសហការ និងការស្វែងយល់កាន់តែស៊ីជម្រៅ ក្នុងការអនុវត្តលើនីតិវិធី ដែលរាជបណ្ឌិតសភាមានភាពចន្លោះប្រហោង នោះគឺជាក្រមបរិស្ថានដែលជាច្បាប់ការពារលើធនធានធម្មជាតិក្នុងដែនឧទ្យានតេជោសែនឫស្សីត្រឹប របស់រាជបណ្ឌិត្យសភាកម្ពុជា។

លោកបញ្ជាក់ថា៖«នេះមិនត្រឹមតែការពារក្នុងក្របខណ្ឌយើងប៉ុណ្ណោះទេ គឺជាការបន្សល់នូវកេរមរតកធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈការប្រែក្លាយផ្នត់គំនិតប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វមកស្រឡាញ់ការពារធនធានធម្មជាតិវិញ»។

ក្រសួងបរិស្ថានបានលើកឡើងថា ការចុះMoU ក៏ដើម្បីសហការអនុវត្តលើការរៀបចំឧទ្យាន នៃរាជបណ្ឌិតសភាកម្ពុជាទៅជាឧទ្យានអព្យាក្រឹតកាបូននាពេលឆាប់ៗខាងមុខនេះ។

លើសពីនោះ វាក៏ជាការងារសាកល្បងរួមគ្នា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដែលអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។

លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានសម្តែងនូវការសាទរចំពោះវត្តមានរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលនាំកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

កិច្ចសហការអនុវត្តនេះ គឺជាជំហានដ៏រឹងមាំ និងមានទម្ងន់សម្រាប់វិស័យបរិស្ថាន ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដែលជាបញ្ហាប្រឈមរួម ហើយឥតមានព្រំដែនកំណត់នោះឡើយ។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ការចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ គឺជាសាក្ខីកម្មនៃកម្លាំងសាមគ្គីបន្ថែមពីថ្នាលបណ្តុះទ្រឹស្តីទៅជាថ្នាលបណ្តុះការអនុវត្ត ដែលស្របតាមជំហានរបស់បរិស្ថាន គឺប្រែក្លាយពីការផ្សព្វ​ផ្សា​យ ការប្តេជ្ញាចិត្ត ទៅជាសកម្មភាពនៃការអនុវត្តផ្ទាល់ ហើយបន្តការអនុវត្តឱ្យទៅជាទំលាប់ប្រចាំថ្ងៃ ដែលមានភាពស្អាត ភាពបៃតង និងចីរភាព»។

លោករដ្ឋមន្រ្តីក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមផងដែរ គឺការបង្កើតក្រុមការងារទាំងសងខាង ដើម្បីពិនិត្យមើល ថាតើអ្វីដែលភាគគីទាំង២រួមគ្នាធ្វើជាជំហានដំបូង មុននឹងឈានឆ្ពោះទៅអនុវត្តជំហានផ្សេងៗទៀត ដើម្បីការពារតំបន់នេះឱ្យរក្សាបាននូវភាពបៃតងដោយចីរភាព ក៏ដូចជាអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹម មានទំហំ១១ ៤៣៥ហិកតា ស្ថិតក្នុងឃុំឆែបមួយ និង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ រហូតមកដល់នឹងពេលនេះ ឧទ្យាននេះ នៅតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ជាពិសេស​គឺបញ្ហា នៃការបំផ្លាញធនធានធម្មជាតិ ដូចជាការលួចដុតព្រៃ ដើម្បីចាប់សត្វ ការទន្ទ្រានយកដីព្រៃ និងការកាប់បំ​ផ្លាញ​ព្រៃឈើជាដើម៕