
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត (រូបលើកដៃចង្អុល) ក្នុងពិធីសែនក្រុងពាលីបើកការដ្ឋានសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ស្ថិតក្នុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រូបថត ក្រសួងបរិស្ថាន
មណ្ឌលគិរីៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានធ្វើការណែនាំដល់មន្រ្តីបរិស្ថាន និក្រុមការងារសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នីមួយៗ មិនត្រូវកាប់ដើមឈើណាមួយឡើយ បើទោះជាឈើទាំងនោះ ស្ថិតក្នុង ថ្នាលបណ្តុះកូនឈើ ដែលមាននៅក្នុងប្លង់សាងសង់យ៉ាងណាក្តី។
ការណែនាំនេះត្រូវបានធ្វើឡើង ក្នុងពិធីសែនក្រុងពាលីបើកការដ្ឋានសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ដែលមានទីតាំង ស្ថិតក្នុងស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី នាថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈនេះ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ខ្ញុំមិនអនុញ្ញាតជាដាច់ខាត ឱ្យមានកាប់ដើមឈើ ក្នុងគម្រោងសាសង់ថ្នាលបណ្តុះកូនឈើ។ ប្រសិនបើមានការប៉ះពាល់ដល់ដើមឈើ ត្រូវចាំបាច់កែសម្រួល បត់បែនទៅតាមស្ថានភាពជាក់ស្តែង នៃគម្រោងនៅទីនោះ»។
លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នៅខេត្តមណ្ឌលគិរី គឺបានបង្ហាញពីបេះដូងរបស់អ្នកបរិស្ថាន ក្នុងការចូលរួមបណ្តុះ និងចែកកូនឈើដល់ប្រជាពលរដ្ឋដាំ ដើម្បីពង្រីកវិសាលភាពបៃតងនៅកម្ពុជា។
ឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមវិធានការអនុវត្តរបស់ក្រសួងបរិស្ថាន លើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ក្រសួងបរិស្ថាន បាននិងកំពុងសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ធំៗ ចំនួន៥កន្លែង។
ក្នុងនោះ ថ្នាលទី១ ស្ថិតក្នុងនៅខេត្តត្បូងឃ្មុំ ដែលបានបើកកដ្ឋានសាងសង់នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។ ថ្នាលនេះមានទំហំជាង ៣ហិកតា ដែលមានសមត្ថភាពបណ្តុះកូនឈើបានជាង ១លានដើមក្នុងមួយឆ្នាំ។
ថ្នាលទី២ នៅខេត្តមណ្ដលគិរី ដែលមានទំហំជាង ១ហិកតា ដែលអាចផ្គត់ផ្គង់កូនឈើបាន រហូតដល់ទៅជាង៥០ម៉ឺនដើម។ រីឯថ្នាល ៣ផ្សេងទៀត គឺស្ថិតក្នុង ខេត្តសៀមរាប កំពង់ស្ពឺ និងខេត្តកោះកុង។
ក្រសួងបានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ទាំងនេះ គឺសាងសង់ឡើងក្នុងគោលបំណង ចូលរួមចំណែកបណ្តុះនូវផ្នត់គំនិត«ពន្លកបៃតង« តាមរយៈការជំរុញការបណ្តុះនិងចែកកូនឈើ និងមានកូនត្នោតផងដែរ។
ក្រោយពីបណ្តុះ កូនឈើទាំងនោះ ត្រូវបានចែកជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើន យ៉ាងតិចចំនួន ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដើម្បីបង្កើនការស្រឡាញ់ ចូលរួមដាំដើមឈើ ការពារព្រៃឈើ និងបង្កើនគម្របបៃតងនៅកម្ពុជា។
នេះ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការឈានឆ្ពោះទៅសម្រេចបាន កម្ពុជាទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
យុទ្ធនាការ «ពន្លកបៃតង» គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើសរុបចំនួន ១ ៤៤៣ ៨២៨ ដើម ក្នុងនោះកូនត្នោតចំនួន ៩១៤ ៥៥០ ដើម កូនឈើព្រៃ ៤៩៩ ០០៤ ដើម និងកូនឈើហូបផ្លែចំនួន ៣០ ២៧៤ ដើម៕