ភ្នំពេញ៖ បុរស​ម៉ាឡេស៊ី​ម្នាក់​ ដែលត្រូវបានបណ្ដាញ​ផ្សព្វផ្សាយ​បរទេស​ចុះផ្សាយ​ថា​ រូបគេ​ត្រូវបាន​បង្ខាំង​ដោយ​ទង្វើ​នៃការ​ឆបោក​ផ្ដល់​ការងារ​នៅកម្ពុជា​ បាន​ចាញ់​បោកមិត្ដភក្ដិ និង​បង្ខំ​ចិត្ដ​បន្ដ​បោក​ប្រាស់អ្នក​ដទៃ​។

ដោយសារតែបុរស​ម៉ាឡេស៊ីនេះមិន​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា និង​ផ្ដល់​ភ័ស្ដុតាង​​ឈាន​ទៅ​ការ​ចាប់​ជន​ល្មើស​ សមត្ថកិច្ច​ពាក់ព័ន្ធ កំពុងបើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​លាងជម្រះ​ព័ត៌មាន​មិន​ពិត​នេះ និង​ស្វែងរក​ទឡ្ហ​ករ​ណ៍​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់បន្ទុក​បុរស​រូបនេះ​វិញ​។

យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ឱ្យដឹងថា​៖ «​ប្រសិនបើ​ករណីនេះ​កើត​នៅ​កម្ពុជា ហេតុអ្វី​បុរស​ជនជាតិ​ម៉ាឡេស៊ី​រូបនេះ មិន​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច នៅពេល​សមត្ថកិច្ច​កម្ពុ​ជា​ជួយ​អន្តរាគមន៍​សង្គ្រោះ​ខ្លួន អំពី សាច់រឿង​លម្អិត តម្រុយ​ព័ត៌មាន ប្រភព ទីតាំង​ប្រព្រឹត្ត​បទល្មើស និង​មុខសញ្ញា​ជនសង្ស័យ​នោះ​?»។​

ក្រោយពី​បានឃើញ​សារព័ត៌មាន​ចិន​ចុះផ្សាយថ្ងៃទី៧ ខែកុម្ភៈ​ ​ចំណងជើង​ថា «ដោយសារតែ​សំបុត្រ​យន្តហោះ​មិន​គិតថ្លៃ​ត្រូវគេ​បោក​ឱ្យទៅ​កម្ពុជា ​បុរស​ម៉ាឡេស៊ី​ជាប់​បង្ខាំង​កន្លះ​ឆ្នាំ​រស់នៅ​ពឹង​លើ​បរិភោគ​សាច់​កណ្តុរ​» លោក សុឃៈ បាន​បន្ដថា លោក​​មាន​ការសោកស្តាយ​នឹង​បុរស​ម៉ាឡេស៊ី​មួយរូប​ដែល​មិន​សហការ​ផ្តល់ព័ត៌មាន​ជនល្មើស​ដល់​សមត្ថកិច្ច​កម្ពុជា ដើម្បី​ស្រាវជ្រាវ​និង​បង្ក្រាប​ជនល្មើស​ឱ្យដល់​ឫសគល់ ប៉ុន្តែ​បែរជា​បុរស​រូបនេះ ផ្តល់​បទសម្ភាសន៍​ដល់​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​ទៅវិញ​។

លោក​បាន​លើកឡើងថា​៖ «​បុរសរូប​នេះ​បែរជា​គេ​លាក់​ព័ត៌មាន រហូត​ទៅដល់​ប្រទេស​ខ្លួន​ទើប ប្រា​ប់ណ្ដាញ​ព័ត៌មាន​ឱ្យ​ចុះផ្សាយ​។ តើ​អាច​ការ​ប្រឌិត​ព័ត៌មាន ធ្វើឱ្យមាន​ការភាន់ច្រឡំ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​កម្ពុជា​?»។

លោក សុឃៈ បាន​បន្ដថា ​យោងតាម​សារព័ត៌មាន​ភាសា​ចិន ​China Press ជនរងគ្រោះ​ឈ្មោះ​ Jimmy អាយុ​៣១​ឆ្នាំ​  កាលពី​ខែកក្កដា​​ឆ្នាំមុន​បាន​ស្គាល់​មិត្ត​ភក្តិ​មា្ន​ក់ ដោយ​មិត្ត​ភក្តិ​នោះ​សន្យា​​​ជួយ​រក​ការងារ​​​ធ្វើ​នៅ​កម្ពុជា​  និង​ជួយ​ទិញ​សំបុត្រ​​យន្តហោះឱ្យ​​លោក​​មក​កម្ពុជា​។​

កាសែត​ភាសា​ចិន បានបន្ដថា លោក Jimmy បាន​យល់ព្រម តែ​ចុងក្រោយ​​​ត្រូវបាន​គេ​បោក​បញ្ឆោត​ឱ្យទៅ​កន្លែង​បោកប្រាស់​តាម​អន​ឡាញ​។ បន្ទាប់ពី​ចូលទៅក្នុង​កន្លែងធ្វើការ​ងារ​បោកប្រាស់​  លោក Jimmy ត្រូវបាន​​តម្រូវឱ្យ​សម្រេច​ផែនការ​ការងារ​បោក​បញ្ចោ​ត​អ្នក​ដទៃ​​​យ៉ាងតិច​ឱ្យ​បា​ ៦ម៉ឺន​​រីង​ហ្គី​ត ​(​ប្រហែល ១៣៥០០​​​ដុល្លារ​) ក្នុង​មួយខែ ទើប​អនុញ្ញាត​ឱ្យ​ប្រើ​ទូរស័ព្ទដៃ​។

លោក សុឃៈ បាន​ដក​ស្រង់​ប្រភព​ដដែលដោយ​​បាន​បន្ដថា៖ «ប៉ុន្តែ​គាត់​មិន​ចង់​ក្លាយជា​សមាជិក​នៃ​ក្រុម​ឆបោក​ទេ ដូច្នេះ​គាត់​ត្រូវបាន​គេ​វាយដំ និង​បង្អត់អាហារ ហើយ​ថែមទាំង​បង្ខំ​ឱ្យ​បរិភោគ​សាច់ជ្រូក និង​សាច់​​កណ្តុរ​ទៀតផង​»។​

​ទីបំផុត លោក Jimmy ធ្វើ​ពុត​ជា​ទាក់ទង​ទៅ​បោក​បញ្ឆោត​ស្ត្រី​ម្នាក់​  ដោយ​តាមរយៈ​ស្រី្ត​នោះ លោក​លួច​ប្រាប់​ពី​ស្ថានភាព​របស់ខ្លួន និង​សុំឱ្យ​ស្ត្រី​នោះ ជួយ​ទាក់ទង​ម្តាយ​របស់ខ្លួន ដើម្បី​ស្វែងរក​ជំនួយ​ពី​អង្គការ​មនុស្សធម៌​ម៉ាឡេស៊ី(MHO)​។

លោក​បាន​បញ្ជាក់ថា ​អង្គការ​មនុស្សធម៌​ម៉ាឡេស៊ី MHO បាន​ទាក់ទង​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប៉ូលិស​កម្ពុជា​សង្គ្រោះ ​លោក ​Jimmy បន្ទាប់​រៀបចំ​ឯកសារ និង​សាកសួរ​ពី​ប៉ូលិស រយៈពេល​មួយខែ​កន្លះ​ក្រោយមក​  គឺ​នៅ​ព្រឹក​ថ្ងៃទី​៧ លោក ​Jimmy​ បាន​ត្រឡប់​ដល់​ប្រទេស​ខ្លួន​វិញ​ហើយ»​៕​