![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/10_2_2025_aaa5.jpg)
ជនជាតិវៀតណាម ១៧៧នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជាកាលពីថ្ងៃទី៧ខែកុម្ភៈ។ រូបថត Vietnam Plus
ភ្នំពេញ៖ ជនជាតិវៀតណាម ១៧៧នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនទៅកាន់ប្រទេសរបស់ពួកគេ ក្រោមបទចោទជាច្រើន រួមមាន ការឆ្លងដែនដោយខុសច្បាប់ ប្រព្រឹត្ដិការឆបោកតាមអនឡាញ និងមានទំនាក់ទំនងផ្លូវភេទជាមួយកុមារទៀតផង។
ជនជាតិវៀតណាម រួមមានស្ដ្រី ១៩នាក់ និងបុរស ១៥៨នាក់ ត្រូវបានបញ្ជូនចេញតាមច្រកព្រំដែនបាវិត និងម៉ុកបៃរបស់វៀតណាមកាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ។
លោក សុខ សុមនា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបន្ទុកនាយកដ្ឋានជនបរទេស បានឱ្យដឹងថា៖ «ជនជាតិវៀតណាមទាំងអស់នេះ បានឆ្លងដែនមកកម្ពុជាដោយខុសច្បាប់ និងធ្វើការងារខុសច្បាប់ ដោយគ្មានប័ណ្ណការងារ»។
លោក សុមនា បានបន្ដថា ពួកគេនឹងត្រូវទទួលទោសដោយយោងតាមទៅតាមច្បាប់របស់ប្រទេសវៀតណាម។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម បានឱ្យដឹងថា ក្នុងចំណោមទាំង ១៧៧ នាក់នោះ មាន ៤៨ នាក់បានចាកចេញពីប្រទេសវៀតណាមដោយស្របច្បាប់ ខណៈ ១២៩ នាក់បានឆ្លងដែនខុសច្បាប់។
បុគ្គលរហូតដល់ ១៧៦ នាក់បានជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់តាមអ៊ីនធឺណិត រួមទាំងល្បែងស៊ីសង កម្មវិធីវិនិយោគក្លែងក្លាយ និងការបោកប្រាស់ស្នេហា ដែលដំណើរការដោយក្រុមហ៊ុនមួយក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា។ ក្នុងពេលនោះ មានម្នាក់ធ្វើការជាមេខ្យល់។
វេបសាយវៀតណាម Vietnam Plus បានបន្ដថា៖ «ជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួន៖ ម្នាក់ត្រូវបានប៉ូលីសទីក្រុង Thu Duc នៃទីក្រុងហូជីមិញ តាមស្វែងរកពីបទចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជនអាយុពី ១៣ ទៅ ១៦ ឆ្នាំ និងម្នាក់ទៀតត្រូវបានប៉ូលីសសង្កាត់ ៣ នៃទីក្រុងហូជីមិញ តាមចាប់ពីបទចោរកម្ម»។
ជាមួយបទល្មើសទាំងនេះ មន្ដ្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ដថា ជនល្មើសអន្ដរជាតិទាំងនោះត្រូវជាប់បញ្ជីរបស់ប្រទេសកម្ពុជា ដោយអនុលោមទៅតាមច្បាប់ផងដែរ។
លោក សុមនា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ចំពោះច្បាប់របស់កម្ពុជាយើង ត្រូវដាក់ពួកគាត់ចូលក្នុងបញ្ជីខ្មៅហើយ ដោយមិនអាចចូលមកព្រះរាជាណាចក្រកម្ពុជា ពី ៣ ទៅ ៥ឆ្នាំយ៉ាងតិច»៕