
បុរស២នាក់ត្រូវបានឃាត់ខ្លួន រឿងដុតសំរាម និងជញ្រ្ជាំងស្រូវបង្កអគ្គិភ័យ ក្នុងឃុំក្រាំងម្កាក់ និងឃុំបែកចាន ស្រុកស្នួល។ រូបថត រដ្ឋបាលស្រុកអង្គស្នួល
កណ្តាលៈ បុរស២នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេបានដុតសំរាម និងជញ្រ្ជាំងស្រូវបង្កអគ្គិភ័យ ក្នុងឃុំក្រាំងម្កាក់ និងឃុំបែកចាន ស្រុកអង្គស្នួល ដោយបំពានទៅនឹងការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធ ស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនៅក្នុងរដូវប្រាំងនេះ។
រដ្ឋបាលស្រុកអង្គស្នួលបានឱ្យដឹងថា កម្លាំងអាជ្ញាធរស្រុកបានចាត់វិធានច្បាប់ ដោយធ្វើការឃាត់ខ្លួនបុរស២នាក់ ដែលបានធ្វើសកម្មភាពដុតស្មៅ និងជញ្រ្ជាំង ក្នុង២ករណីផ្សេងគ្នា នៅថ្ងៃទី៩ ខែកុម្ភៈនេះ ក្រោយពីបានធ្វើការអប់រំ និងណែនាំផង ប៉ុន្តែពួកគេនៅតែបំពាន។
ករណីទី១ បុរសអាយុ៣១ឆ្នាំត្រូវបានឃាត់ខ្លួន ដោយសារតែករណីដុតជញ្រ្ជាំងស្រូវបង្កជាអគ្គិភ័យនៅក្នុងភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ចំណែកឯ ករណីមួយទៀត បុរសអាយុ៣៥ឆ្នាំ ក៏ត្រូវបានឃាត់ខ្លួន ក្រោយពីបានដុតសំរាម បង្កអគ្គិភ័យ នៅដីទំនេរមួយកន្លែង ស្ថិតនៅក្នុងភូមិអណ្តូង ឃុំបែកចាន។
រដ្ឋបាលស្រុកបានបញ្ជាក់ថា៖«អប់រំផង ណែនាំផង នៅតែមិនគោរព មានតែវិធានការច្បាប់។ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចាត់វិធានការឃាត់ខ្លួនបុរស២នាក់ ដែលបានធ្វើសកម្មភាពដុតស្មៅ និងជញ្រ្ជាំង ២ករណីផ្សេងគ្នា ដែលឆាប់ឆេះរាលដាលស្ទើរតែបង្កឱ្យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ដើម្បីកសាងសំណុំរឿង ចាត់ចែងតាមនីតិវិធី»។
ទោះយ៉ាងណា អធិការស្រុកអង្គស្នួល លោកមាន សំណាងបានប្រាប់ភ្នំពេញប៉ុស្តិ៍ដោយខ្លី នៅអង្គារ ទី១១ ខែកុម្ភៈនេះថា បុរសទាំង២នាក់នោះ ត្រូវបានធ្វើកិច្ចសន្យា អប់រំ ណែនាំ ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
រដ្ឋបាលស្រុកអង្គស្នួលបានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់សកម្មភាពដុតសំរាម ស្មៅ និងជញ្រ្ជាំងជាដើម ព្រោះវាអាចបង្កហានិភ័យ និងបណ្តាលឱ្យប៉ះពាល់បរិស្ថាន។
សេចក្តីជូនដំណឹង នាពេលកន្លងមក ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនៅក្នុងរដូវប្រាំងរបស់ក្រសួង បានឱ្យដឹងថា អ្នកមិនប្រុងប្រយ័ត្ន បង្កឱ្យមានភ្លើងឆេះព្រៃ គឺជាបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់១ឆ្នាំ និងពិន័យជាប្រាក់រហូតដល់១០០លានរៀល។

នគរបាល និងពលរដ្ឋជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលបណ្តាលមកពីការដុតសំរាម និងជញ្រ្ជាំងស្រូវ។ រូបថត រដ្ឋបាលស្រុកអង្គស្នួល
លើសពីនោះ បុគ្គលណា ដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ដោយចេតនា ជាបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំផងដែរ។
ក្រោយពីមានបញ្ហាធ្លាក់ចុះគុណភាពខ្យល់មួយចំនួន អាជ្ញាធរខេត្ត ជាពិសេសមន្ទីរបរិស្ថានខេត្តបានណែនាំមិនឱ្យមានការដុតសំរាម សំណល់រឹងតាមគេហដ្ឋាន ឬតាមទីសាធារណៈ។
ក្រសួងបរិស្ថានបានជូនដំណឹងថា គុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៦.៦១ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ទោះយ៉ាងណា នៅក្នុងខេត្ត ខេត្តពោធិ៍សាត់ និងខេត្តកោះកុង មានពណ៌ទឹកក្រូច ដែលមានការ«បំពុលខ្យល់មធ្យម»។ រីឯ ខេត្តបន្ទាយមានជ័យ កណ្តាល ព្រះវិហារ សៀមរាប ព្រះសីហនុ ស្ទឹងត្រែង និងខេត្តប៉ៃលិនមានពណ៌លឿង ដែលមានការ«បំពុលខ្យល់កម្រិតស្រាល»។
ចំពោះ ពណ៌បៃតង ដែលគុណភាពខ្យល់«ល្អ» មានខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ រាជធានីភ្នំពេញតាកែវ និងខេត្តកែប។ ចំណែកឯ ពណ៌ខៀវ ដែល គុណភាពខ្យល់ «ល្អណាស់« មាន ខេត្តកំពង់ឆ្នាំង កំពត ស្វាយរៀង ក្រចេះ ព្រៃវែង រតនគិរី ឧត្តរមានជ័យ មណ្ឌលគីរី និងខេត្តត្បូងឃ្មុំ៕