![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/11_2_2025_a1.jpg)
លោក ដូមីនិក វីលៀមស៍ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានសម្តែងនូវសេចក្តីរីករាយដែលបាននាំឪពុកម្តាយរបស់លោកមកមើលផ្ទាល់នូវភាពស្រស់ស្អាតនៃតំបន់វប្បធម៌របស់កម្ពុជា។ រូបថត សហការី
សៀមរាប៖ លោក ដូមីនិក វីលៀមស៍ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ថ្មីៗនេះបានចែករំលែកក្តីរំភើបរបស់ខ្លួនចំពោះការនាំឪពុកម្តាយមកខេត្តសៀមរាបជាលើកដំបូង។
លោកបានសរសេរនៅលើបណ្ដាញសង្គមដោយបង្ហាញនូវក្ដីរំភើបរីករាយក្នុងការបង្ហាញអ្នកមានគុណពីពីភាពស្រស់ស្អាតនៃតំបន់វប្បធម៌របស់ប្រទេសកម្ពុជាថា៖ «ទីបំផុតខ្ញុំបាននាំឪពុកម្ដាយមកសៀមរាប!»។
ក្រុមគ្រួសារបានទៅទស្សនាប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយបានគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃស្រះទឹកឆ្លុះផ្ទៃប្រាសាទដ៏គួរឱ្យភ្ញាក់ផ្អើល។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/11_2_2025_2.jpg)
ឪពុកម្តាយរបស់លោក វីលៀមស៍ បានប្រើប្រាស់ម៉ូតូកង់បីដែលបើកបរដោយស្ត្រី ជាមធ្យោបាយធ្វើដំណើរដែល វីលៀមស៍ តែងតែគាំទ្រ។ រូបថត សហការី
ដំណើរទស្សនកិច្ចនេះបានអនុញ្ញាតឱ្យពួកគេស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងជាពេលវេលានៃការទាក់ទងនឹងបេតិកភណ្ឌរបស់ប្រទេសនេះ។
ក្រុមគ្រួសារឯកអគ្គរាជទូតអង់គ្លេសក៏បានរីករាយនឹងការជិះទូកកម្សាន្តនៅបឹងទន្លេសាប បន្ថែមភាពរីករាយក្នុងភាពអស្ចារ្យនៃខេត្តសៀមរាប។
នៅក្នុងសារ លោក វីលៀមស៍ បានសរសេរថា៖ «សូមអរគុណមិត្តពីកម្ពុជាទាំងអស់គ្នាដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប៉ាម៉ាក់របស់ខ្ញុំ!»។
លោកក៏បានអរគុណដល់អ្នកស្រី ពេជ្រ អូន ដែលបានផ្តល់ការដឹកជញ្ជូនតាមរ៉ឺម៉កកង់បីម្តងទៀតក្នុងពេលដែលពួកគេមកលេង។
ដំណើរទស្សនកិច្ចរបស់លោក វីលៀមស៍ បង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជា។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/11_2_2025_3.jpg)
ឪពុកម្តាយរបស់លោក វីលៀមស៍ រូបថតនៅមុខប្រាសាទសំខាន់ៗរបស់កម្ពុជា។ រូបថត សហការី
លោកក៏បានប្រើឱកាសនេះ ដើម្បីលើកកម្ពស់ការរួមបញ្ចូលយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដោយចែករំលែកជាមួយអ្នកបើកម៉ូតូកង់បី។
នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងបន្តរបស់លោកក្នុងការគាំទ្រអាជីវកម្មខ្នាតតូច និងតួនាទីរបស់ស្ត្រីនៅក្នុងសេដ្ឋកិច្ចក្នុងស្រុក។
ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងការទូត ឯកអគ្គរដ្ឋទូត វីលៀមស៍ បន្តស្វែងរកគោលដៅទេសចរណ៍របស់កម្ពុជា ទិញផលិតផលក្នុងស្រុកជាប្រចាំ និងប្រើប្រាស់សេវាកម្មដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន៕