
ថ្ងៃទី១០ ខែកុម្ភៈម្សិលមិញ។ រូបថត សហការីលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងជំនួបជាមួយស្ថាបនិកអង្គការកាលពី
ភ្នំពេញ៖ សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ដែលបង្កើតឡើងដោយអង្គការសប្បុរសធម៌ឡៃហ្គឺ កាលពីជាងមួយទសវត្សរ៍មុន បានប្រកាសពីការកែប្រែកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន ដោយផ្ដោតសំខាន់លើសេវាកម្មអប់រំបង់ថ្លៃសិក្សា។
ជាមួយគ្នានេះ សាលាភាពជាអ្នកដឹកនាំឡៃហ្គឺនេះ ក៏នឹងប្តូរឈ្មោះទៅជាសាលា AUPP Liger Leadership Academy ដើម្បីបន្តនិរន្តរភាពនៃបេសកកម្មផ្ដល់ការអប់រំរបស់ខ្លួន។
ការកែប្រែកម្មវិធីសិក្សា និងឈ្មោះសាលានេះ ត្រូវបានធ្វើឡើងម្ចាស់មូលនិធិ Liger Charitable Foundation បានប្រកាសបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា ក្រោយបានជួយគាំទ្រអស់រយៈពេល ១២ឆ្នាំ ក្នុងបេសកកម្មគាំទ្រលើវិស័យអប់រំ និងការអភិវឌ្ឍយុវជននាពេលកន្លងមក។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងជំនួបជាមួយស្ថាបនិកអង្គការកាលពីថ្ងៃទី១០ ខែកុម្ភៈម្សិលមិញ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការសប្បុរសធម៌ឡៃហ្គឺ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ដែលបានខិតខំប្រឹងប្រែងជួយគាំទ្រលើវិស័យអប់រំ។
លោកបានឱ្យដឹងថា សាលារបស់អង្គការបានអភិវឌ្ឍការអប់រំដល់យុវជនអស់រយៈពេលជាង១០ឆ្នាំដោយផ្ដល់អាហារូបករណ៍ដល់ពួកគេ ជាពិសេសឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។
លោករដ្ឋមន្ដ្រីបានថ្លែងថា៖ «ការខិតខំប្រឹងប្រែងរបស់អង្គការសប្បុរសធម៌ឡៃហ្គឺ ពិតជាបានជះផលវិជ្ជមានដល់សង្គមជាតិកម្ពុជា និងនៅជាប់នៅក្នុងចិត្តប្រជាជនកម្ពុជាជារៀងរហូត»។
យោងតាមអង្គការ បានបង្ហាញថា អង្គការសប្បុរសធម៌ឡៃហ្គឺ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការជួយសាងសង់សាលារៀន អគារអន្តេវាសិកដ្ឋាន និងផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ចំនួន ១០៣ នាក់ ក្នុងរយៈពេល ១២ឆ្នាំមកនេះ ឱ្យទទួលបានឱកាសសិក្សានៅសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ។

សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ចំនួន ១០៣ នាក់ ក្នុងរយៈពេល ១២ឆ្នាំមកនេះ។ រូបថត សហការី
អង្គការបានបន្ដថា៖ «ដោយឡែក សិស្សរបស់ឡៃហ្គើ ចំនួន ៦០នាក់ បានទទួលអាហារូបករណ៍បន្តការសិក្សានៅតាមសាកលវិទ្យាល័យអន្តរជាតិ ចំនួន ១០ ប្រទេសផ្សេងៗគ្នាផងដែរ»។
លោក ណារ៉ុន បានលើកឡើងថា មូលនិធិ Liger Charitable Foundation នឹងអាចបន្ដបេសកកម្មលើវិស័យអប់រំដើម្បីចូលរួមចំណែកអភិវឌ្ឍយុវជនកម្ពុជាឱ្យទទួលបានចំណេះដឹង និងសមត្ថភាពខ្ពស់ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិនាពេលខាងមុខ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន៖ ការវិវត្ដន៍នៃសាលាឡៃហ្គឺម្សិលមិញ លោកស្រី Agnieszka (អាញ៉ាសស្កា) ស្ថាបនិកនៃមូលនិធិសប្បុរសធម៌ឡៃហ្គឺ បានរំឭកថា៖ «ខ្ញុំបានមកលេងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ ហើយបានធ្វើការជាង១ទសវត្សរ៍ ក្នុងការបង្តើតកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិតសម្រាប់កុមារកម្ពុជា»។
លោកស្រីបានបន្ដថា៖ «ការបញ្ចប់មូលនិធិគាំទ្រនេះ គឺដោយសារតែសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ដល់អាយុកាល ហើយវាពុំត្រូវការជំនួយពីអន្តរជាតិទៀតឡើយ។ ឥឡូវនេះ សាលាបណ្តុះបណ្តាលឡៃហ្គឺ ជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា និងសម្រាប់ប្រជាជនកម្ពុជា»។
ក្រោយមូលនិធិគាំទ្រសាលានេះ បានបញ្ចប់ សាកលវិទ្យាល័យ AUPP ក៏បានប្រកាសក្នុងការបោះទុនវិនិយោគគាំទ្រដល់សាលាមួយនេះ ដើម្បីបន្តនិរន្តរភាពនៃការបណ្តុះបណ្តាល។
កញ្ញា លិន កន្និការ តំណាងសាកលវិទ្យាល័យ AUPP បានឱ្យដឹងថា ការសម្រេចចិត្តវិនិយោគទៅលើសាលាបណ្តុះបណ្តាល និងកម្មវិធីសិក្សារបស់សាលាឡៃហ្គឺនេះ គឺ ដោយសារតែការផ្តោតសំខាន់ទៅលើការសិក្សាផ្អែកលើគម្រោង (project-based learning) និងជំនាញច្បាស់លាស់ (skills-based learning)។
ជាមួយនេះ កម្មវិធីសិក្សាសាលារៀន Liger ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីទ្បា ថា មានលក្ខណៈសមស្របដូចទៅនឹងការប្រឡងថ្នាក់ជាតិរបស់កម្ពុជា និងមានការទទួលស្គាល់ជាអន្តរជាតិសម្រាប់គុណភាពអប់រំខ្ពស់។
ស្ថាបនិក និងថ្នាក់ដឹកនាំអង្គការ ៣ រូបទទួលបានឥស្សរិយយសពីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាចំពោះបេសកកម្មបណ្ដុះបណ្ដាលវិស័យអប់រំកន្លងមក។
លោក Trevor Gile, និងលោកស្រី Agnieszka Tynkiewicz-Gile ជាស្ថាបនិក អង្គការសប្បុរសធម៌ឡៃហ្គឺ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ទទួលបានមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ខណៈលោក Dominic Sharpe ជានាយកប្រចាំប្រទេស នៃអង្គការសប្បុរសធម៌ឡៃហ្គឺ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ នូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា៕