![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/11_2_2025_hhh1.jpg)
រូបភាពដែលកាសែតថៃ The Nation Thailand ផ្សាយថា ជាហេតុការណ៍ភ្លើងឆេះព្រៃរីករាលដាលពីប្រទេសកម្ពុជា។ រូបថត The Nation Thailand/ANN
ខេត្ដពោធិ៍សាត់៖ មន្ទីរបរិស្ថានខេត្ដពោធិ៍សាត់បានច្រានចោលការចុះផ្សាយនៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ របស់វេបសាយថៃ (The Nation Thailand) អំពីបញ្ហាភ្លើងឆេះព្រៃនៅកម្ពុជា និងបានបញ្ជាក់ថា រូបភាពភ្លើងឆេះព្រៃនោះ គឺជាទិដ្ឋភាពកើតឡើងនៅប្រទេសថៃខ្លួនឯង។
សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរបរិស្ថានខេត្ដពោធិ៍សាត់បានធ្វើឡើងក្រោយការចុះផ្សាយព័ត៌មានរបស់កាសែតថៃ ក្រោមចំណងជើងថា «ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ» ភ្ជាប់ជាមួយរូបភាពភ្លើងឆេះសន្ធោរសន្ធៅ។
យោងតាមមន្ទីរបរិស្ថានខេត្ដពោធិ៍សាត់ បានឱ្យដឹងថា៖ «មន្ទីរបរិស្ថានសូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយខាងលើនេះ និងសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា រូបភាពដែលសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនៅ ប្រទេសថៃទេ»។
មន្ទីរបរិស្ថានទទួលស្គាល់ថា នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយ របស់សារព័ត៌មានខាងលើនោះឡើយ។
រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។
មន្ទីរបរិស្ថានខេត្ដពោធិ៍សាត់ បានបញ្ជាក់ថា៖ «ការឆេះព្រៃនៅភ្នំ Banthat ខេត្តត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជាដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះករណីភ្លើងឆេះព្រៃ និងមិនបណ្តែតបណ្តោយឱ្យមានករណីនេះរាលដាលរហូតបង្ករគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាដាច់ខាត»។
យោងតាម The Nation Thailand បានផ្សាយថា ភ្លើងឆេះព្រៃពីប្រទេសកម្ពុជាចូលទៅភ្នំ Banthat របស់ប្រទេសថៃកាលពីរសៀលថ្ងៃចន្ទបានបំផ្លាញព្រៃឈើយ៉ាងសន្ធោសន្ធៅក្នុងខេត្តត្រាតចំនួនបួនគិតត្រឹមព្រឹកថ្ងៃអង្គារ។
ក្រុមពន្លត់អគ្គីភ័យបានចាត់ចែងបង្កើតតំបន់ការពារដើម្បីការពារចម្ការ និងផ្ទះសម្បែង តែមិនទាន់អាចពន្លត់ភ្លើងបាននៅឡើយទេ។
កាសែតបានបន្ដថា៖ «អគ្គីភ័យត្រូវបានគេប្រទះឃើញដំបូងនៅម៉ោង៣រសៀល ថ្ងៃចន្ទ ដោយក្រុមការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តត្រាត ដាក់ពង្រាយទឹកចំនួន ១ម៉ឺនលីត្រ ខណៈកងទ័ពត្រូវបានបញ្ជូនទៅជួយ»។
កាសែតថៃបានបញ្ជាក់ថា មេស្រុកមឿងត្រាត លោក Kriangkrai Panyapongsathorn បានរាយការណ៍ថា ព្រៃឈើនៅក្នុងតំបន់មួយភាគបីត្រូវបានឆេះនៅថ្ងៃអង្គារនេះ។ កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងភ្លើង នៅតែមានការលំបាកដោយសារឧបសគ្គគ្រាប់មីន និងកំដៅខ្លាំងដែលបង្កឱ្យមានការផ្ទុះគ្រាប់មីនជាច្រើនដង៕