កូន​ផ្សោត​ទី៣ សម្រាប់​ឆ្នាំ​២០២៥​នេះ​បាន​កើត​នៅ​អន្លង់​ជ្រោយ​បន្ទាយ ខេត្ត​ក្រចេះ នៅ​​ថ្ងៃទី៩ ខែ​កុម្ភៈ​ ដែល​ជា​ដំណឹង​រីករាយ​សម្រាប់​ការ​អភិរក្ស​សត្វ​ប្រភេទ​កម្រ​មួយ​នេះ។

បើ​តាម​ក្រសួង​កសិកម្ម កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នេះ​ មាន​អាយុ​ទើប​តែ ២ថ្ងៃ​ប៉ុណ្ណោះ​ហើយ​វា​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុម​ការងារ​ស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល​និង​អង្គការ WWF នៅ​រសៀល ​ថ្ងៃទី៩ ខែ​កុម្ភៈ នៅ​អន្លង់​ជ្រោយ​បន្ទាយ ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ។

កូន​ផ្សោត​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ជាមួយ​ក្រុម​សត្វ​ផ្សោត​ពេញ​វ័យ​ចំនួន​ ៨​ ក្បាល​ផ្សេង​ទៀត។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែង​អំណរគុណ​ចំពោះ​ឆ្មាំ​ទន្លេ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​បាន ចូលរួម​ថែ​រក្សា​និង​ការពារ​ធនធាន​ជលផល​ដ៏​មាន​តម្លៃ​នេះ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ប្រសិន​បើ​ពួក​គេ​បាន​ឃើញ​សត្វ​ផ្សោត​ទើប​កើត​ថ្មី ដើម្បី​បុព្វហេតុ​អភិរក្ស។

ឆ្នាំ​ ២០២៤ គឺ​ជា​ឆ្នាំ​ដែល​មាន​កូន​ផ្សោត​បាន​កើត​ច្រើន​ជាង​គេ ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ គឺ​មាន​ចំនួន ៩ ក្បាល ប៉ុន្តែ កូន​ផ្សោត ៤ ក្បាល​បាន​ងាប់។ នៅ​ឆ្នាំ ២០២២ ចំនួន​កូន​ផ្សោត​ដែល​បាន​ងាប់​មាន​ចំនួន​រហូត​ដល់ ១១ ក្បាល ខណៈ​ដែល​ក្នុង​ឆ្នាំ​ដដែល​នេះ កូន​ផ្សោត​ថ្មី​កើត​បាន​តែ ៦ ក្បាល​ប៉ុណ្ណោះ។ ឆ្នាំ ២០២១ ក៏​មាន​តួលេខ​ងាប់​ច្រើន​ដែរ រហូត​ដល់ ៩ ក្បាល និង​កើត​ថ្មី ៦​ ក្បាល។

កូន​ផ្សោត​ថ្មី​នេះ បន្ថែម​ចំនួន​ចំនួន​សត្វ​ផ្សោត​សរុប​រហូត​ដល់​ ១០៦ បូក​នឹង​ចំនួន​ផ្សោត​ដែល​មាន​ចំនួន ១០៥ ដែល​មាន​នៅ​ក្នុង​ខែ​មករា៕