ភ្នំពេញៈ សំបុកប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជបំផុតចំនួន១៨ និងកូនតូចៗចំនួន១៣ក្បាលត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃសំបូរ​ ខេត្តក្រចេះ នៅក្នុងការស្វែងទីតាំងសំបុកទាំងនោះក្នុងរយៈពេល៤ថ្ងៃ ក្នុងដើមរដូវប្រាំងនេះ។

ការស្វែងរកទីតាំង នៃប្រភេទសត្វស្លាបសំខាន់ៗនេះធ្វើឡើងក្រោមកិច្ចសហការរវាងសមាជិកសហគមន៍ មកពីភូមិចំនួន៧ ក្នុងខេត្តក្រចេះ និងក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការWWFកម្ពុជា កាលពីសប្តាហ៍មុន។

អង្គការWWFកម្ពុជាបានលើកឡើងកាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះថា បេសកកម្ម រយៈពេល ៤ថ្ងៃរបស់ក្រុមសហគមន៍ និង ក្រុមអ្នកស្រាវជ្រាវ ទទួលបាននូវលទ្ធផលដ៏គួរឱ្យរំភើបរីករាយ។ ពួកគេបានរកឃើញសំបុកសត្វត្រយងចង្កំក-ស ចំនួន១២ សំបុក,សំបុកសត្វត្រដក់តូចចំនួន៥ សំបុក និង🪺 សំបុកសត្វត្មាតភ្លើងចំនួន១ សំបុកផងដែរ។

អង្គការបញ្ជាក់ថា៖«កាន់តែអស្ចារ្យថែមទៀតនោះគឺ ក្រុមការងាររបស់យើងថែមទាំងបានប្រទះឃើញកូនសត្វត្រយងចង្កំក-ស ចំនួន ៨ ក្បាល និងកូនសត្វត្រដក់តូចៗចំនួន ៥ ក្បាលផងដែរ ដែលកំពុងហោះហើរចេញពីសំបុករបស់ពួកវា»។

លទ្ធផលរកឃើញនេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ ចំពោះកិច្ចការអភិរក្ស ដោយ​សារ ពួកគេអាចប្រមូលទិន្នន័យសំខាន់ៗសម្រាប់ការយល់ដឹងឱ្យបានច្បាស់ និងពីរបៀបដែលអាចធ្វើសកម្មភាពការពារសត្វស្លាប ដែលងាយរងគ្រោះទាំងនេះ ឱ្យជៀសផុតពីហានិភ័យបានយ៉ាងល្អបំផុត។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក អង្គការ WWF-កម្ពុជាក៏បានប្រកាសពីការរកឃើញ សំបុក​សត្វ​ត្រយង​ចង្កំក ស ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំនោះ​ នៅ​ជិត​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែពក ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរីផងដែរ។

កម្ពុជា​មាន​វត្តមាន​សត្វ​ត្រយង​ច្រើនជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក។ ក្នុង​នោះ ត្រយង​ចង្កំក ស ដែល​ត្រូវ​បាន​កត់ត្រា​មាន​ចំនួន ៧៨៤ក្បាល ​ដែល​ស្មើ​នឹង ៨៧​ភាគរយ​ទៅ ៩៥​ភាគរយ នៃ​ចំនួន​ប្រជាសាស្ត្រ​សត្វ​ត្រយង​ចង្កំកស​ ដែល​មាន​នៅ​ក្នុង​ពិភពលោក។

សត្វត្រយងចង្កំកស ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pseudibis davisoni គឺជាប្រភេទសត្វជិតផុតពូជបំផុត លើពិភពលោក នៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។

ក្រសួងបរិស្ថានបានឱ្យដឹងថា សត្វនេះ មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា។ ពួកវាច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ដែលភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគិរី រតនគីរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប បឹងទន្លេសាប។

រាជរដ្ឋាភិបាល បានសម្រេចពង្រីកផ្ទៃដីជម្រកសត្វព្រៃសំបូរពី ជាង៥ម៉ឺនហិកតាទៅ ជាង៨ម៉ឺនហិកតាវិញកាលពីឆ្នាំ២០៣កន្លងមក ដើម្បីធានា និងថែរក្សាការពារធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី រក្សាលំនឹងធម្មជាតិ វប្បធម៌ ប្រពៃណី និងលើកកម្ពស់ជីវភាពសហគមកន៍មូលដ្ឋានជាដើម៕