កម្ពុជា​ចាប់​បាន​គ្រឿងញៀន​សរុបជាង ៤២​តោន និង​សាធារគីមីផ្សំ​ជាង ៥៩៦​តោន ក្នុង​យុទ្ធនាការ​យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ពី​ឆ្នាំ​២០១៧ ដល់​ដំណាច់​ឆ្នាំ​២០២៤ ខណៈ​ដែលសភាពការណ៍គ្រឿងញៀននៅកម្ពុជាក៏នៅតែមាននិន្នាការមិនទាន់ថមថយនៅឡើយ។

យោង​តាម​ផែនការ​ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​ងញៀន​ខុស​ច្បាប់​លើក​ទី១០ ដែល​នឹង​អនុវត្ត​ពី​ថ្ងៃ​ទី១មករា ដល់​ដាច់​ឆ្នាំ​២០២៥​នេះ ក្នុង​រយៈ​ពេល​៩​ឆ្នាំ អាជ្ញាធរ​​មាន​​សមត្ថកិច្ច​បាន​អនុវត្តវិធាន​ការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​បាន​បិទ​ទីតាំង​អាជីវកម្ម​សរុប​ចំនួន ៤៨ កន្លែង និងបាន​បើក​ប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យជាច្រើនម៉ឺននាក់ ព្រម​ទាំង​បាន​ចាប់យកគ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ប្រមាណ ៤២ ៨៤៨ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥៩៦ ៣៩៩ គីឡូក្រាម។ បន្ថែម​ពី​លើ​នេះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​បាន​រឹបអូសមធ្យោបាយ សម្ភារៈ និងវត្ថុតាង ទ្រព្យសម្បត្តិ និងបង្កកអចលនទ្រព្យជាច្រើនកន្លែង។

ក្នុង​អំឡុង​ ៩ ឆ្នាំ​​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ និងបង្ក្រាបបទល្មើសគ្រឿងញៀនដែលមានអង្គការចាត់តាំងចំនួន ៦២៧ ករណី ឃាត់ខ្លួនឧក្រិដ្ឋជនមេខ្លោង ១៩៥ នាក់ និងបណ្តាញខ្សែរយៈ ១ ៤៥៣ នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ 

អ្នកញៀន​គ្រឿង​ញៀន​ចំនួន ១៤៥ ៧៩០ នាក់ ត្រូវ​បានបញ្ជូនទៅ​ទទួលការព្យាបាលនិងស្តារនីតិសម្បទាសរុបចំនួន ហើយ​ ៨១ ៦៧៥ នាក់​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​សហគមន៍​វិញ។

ក្រៅ​ពី​ការ​បង្ក្រាប សមត្ថកិច្ច​ក៏​បាន​អនុវត្ត​វិធានការ​ចុះ​អប់រំ​សរុបចំនួន ៧៥៦ ៩៣៤ លើក ដែលមានអ្នកចូលរួមនិងទទួលសារអប់រំជា​ច្រើន​លាន​នាក់។ យ៉ាង​ណា​ក៏​ដោយ សភាពការណ៍គ្រឿងញៀននៅកម្ពុជា​នៅតែមាននិន្នាការមិនទាន់ថមថយនៅឡើយ ដោយក្នុងនោះ ការប្រើប្រាស់ ការចែកចាយ ការជួញដូរ និង ការកែច្នៃផលិតគ្រឿងញៀន នៅតែបន្តកើតមានក្នុងសង្គមកម្ពុជា។

បើ​តាម​ឯកសារ​ផែការដដែល «ការផលិត និងការជួញដូរ គ្រឿងញៀនខុសច្បាប់នៅតែបន្តកើតមានឡើងដូចជានៅតំបន់ត្រីកោណមាសនិងនៅតំបន់អឌ្ឍចន្ទមាស ហើយ​ពួកឧក្រិដ្ឋជនគ្រឿងញៀនតែងតែផ្លាស់ប្តូរយុទ្ធសាស្ត្រនិងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតគ្រឿងញៀន ប្រភេទថ្មីៗដែលកំពុងកើនឡើង និងគេចវេះពីការចាប់ខ្លួន»។ 

លោក ហ៊ុន ម៉ាណែត ដែល​បាន​ដាក់​ចេញ​យុទ្ធនាការ​លើក​ទី១០​នេះ បាន​ថ្លែង​នៅ​ក្នុង​ឯកសារ​ផែន​ការ​នេះ​ថា៖ «យើង​បាន​ពិនិត្យ​ឃើញបញ្ហា​ប្រឈមថ្មី​មួយ​ចំនួន​ដែលបានកើតឡើង ដូចជា ការប្រើប្រាស់ ល្បិចកលនាំចូលនូវសារធាតុគីមីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម បន្លំយកមកកែច្នៃផលិតជាសារធាតុញៀន សំយោគ ការផ្លាស់ប្តូរច្រក និងផ្លូវចរាចរ រួមទាំងរូបភាពនៃការនាំចូលឆ្លងកាត់ ការកែច្នៃផលិតជាដើម។ 

ក្តីបារម្ភ ដែលជាបញ្ហាប្រឈមរ៉ាំរ៉ៃ និងកំពុងបង្កហានិភ័យដល់សង្គមជាតិនោះគឺ ការប្រើប្រាស់គ្រឿងញៀននៅតាម​សហគមន៍នៅតែបន្តកើតមាននៅឡើយ និងកំពុងតែទាមទារឱ្យចាត់វិធានការជាអាទិភាព ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា»។ 

លោក​បន្ត​ថា​ ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នេះ​គឺ​ក្នុងគោលដៅ​ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃគ្រឿងញៀនព្រមទាំងកសាង សង្គមដែលមានសុខុមាលភាពនិងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងការពារកិត្តិយស។

គោល​ការណ៍​ថ្មី​ក៏​មិន​ខុស​ពី​គោល​ការណ៍​មុនៗ​ដែរ ពោល​គឺ​វិធានការ​អប់រំ វិធានការរដ្ឋបាល វិធានការ​ព្យាបាល​ ស្ដារនីតិ​សម្បទា និង​សមាហរណ្ណកម្ម វិធានការ​អនុវត្ត​ច្បាប់ វិធានការ​អនុវត្ត​បទ​បញ្ជា​ ០១បប របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ធ្វើ​តេស្ត​មន្ត្រី​រាជការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ពី​ចម្ងាយ។ លោក នេត សាវឿន ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នឹង​ដឹក​នាំ​យុទ្ធនាការ​នេះ៕