ភ្នំពេញៈ កម្លាំងនគរបាលជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានកំពុងតែបន្តស្រាវជ្រាវរកមូលហេតុ នៃអគ្គិភ័យ ដែលបំផ្លាញរោងចក្រកាត់ដេរសំលៀកបំពាក់ ហ្វ័រម៉ាត (ខេមបូឌា) ខូលអិលធីឌី (Foremart Cambodia Co.,LTD) ក្នុង​ខណ្ឌ​ដង្កោទាំងស្រុងកាលពីល្ងាចថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ។ អគ្គិភ័យនេះមិនបានបណ្តាលឱ្យកម្មកររោងចក្រជាង៤០០នាក់ ឬអ្នកណាម្នាក់មានរបួស ឬស្លាប់នោះទេ ដោយសារតែ កម្មករបានចេញពីធ្វើការអស់ មុនពេលកើតហេតុ។ ប៉ុន្តែកម្មករទាំងនោះ កំពុងតែប្រឈមនឹងការអត់ការងារធ្វើបណ្តោះអាសន្ន។

លោកជឹម ស៊ីថា​អធិការនគរបាលខណ្ឌដង្កោបានបញ្ជាក់ថា៖«ភ្លើងមិនទាន់រលត់អស់ទេ។ កំពុងតែកាយពន្លត់ ហើយអត់មានការស្លាប់ ឬរបួសកើតឡើងទេ ករណីនេះ។ មូលហេតុ មិនទាន់ដឹងទេ កំពុងតែស្រាវជ្រាវ។ រោងចក្រខូចខាតទាំងស្រុង តែសរុបជាទឹកប្រាក់ប៉ុន្មាន យើងមិនដឹងទេ ទាល់តែក្រុមហ៊ុនគាត់មក និយាយបានដឹង»។ លោកបានបន្ថែមថា កម្មករក្នុងរោងចក្រនេះមានចំនួន៤៤៨នាក់។ ក្នុងនោះមានកម្មករជាជនបរទេសចំនួន៨នាក់ផងដែរ។

ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ហេតុការអគ្គិភ័យនេះបានកើតមានឡើងនៅ វេលាម៉ោងប្រមាណជា៦ និង៣០នាទីល្ងាច ស្ថិតក្នុង ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងនេះមានឈ្មោះ YOO MIWOL ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង។ ប្រភេទសំណង់រោងចក្រនេះ ធ្វើពី ថ្មប្រក់ស័ង្កសី ទំហំ ១០ ០០០ម៉ែត្រការ៉េ ។

ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញបញ្ជាក់ថា៖«ករណីអគ្គិភ័យឆាបឆេះរោងចក្រ  ហ្វ័រម៉ាត (ខេមបូឌា) បណ្ដាលឱ្យខូចខាតរោងចក្រកាត់ដេរសំលៀកបំពាក់ រួមទាំងសម្ភារក្នុងរោងចក្រនេះអស់ទាំងស្រុង។ រោងចក្រនេះមានថៅកែជាជនជាតិកូរ៉េ និងមានកម្មករបម្រើការងារប្រមាណ៤០០នាក់ តែសំណាងល្អពុំមាននរណាម្នាក់ទទួលរងគ្រោះថ្នាក់ក្នុងគ្រោះអគ្គិភ័យនេះឡើយ»។

អគ្គិភ័យនេះត្រូវបានគ្រប់គ្រងនៅវេលាម៉ោងជិត១១យប់ថ្ងៃដដែលនោះ ក្រោយពីមានអន្តរាគមន៍ពីរថយន្តអគ្គិភ័យជាង៥០គ្រឿង ដោយប្រើប្រាស់ទឹកអស់ជាង៧០០ម៉ែត្រគូប។ ក្នុងនោះមានរថយន្តអគ្គិភ័យពីការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន២១គ្រឿង។ ក្រៅពីនោះមានរថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ, អាវុធហត្ថរាជធានីភ្នំពេញ, កងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេស៩១១, មណ្ឌលកែប្រែ ម.១, ក្រុមហ៊ុនស្រាបៀរកម្ពុជា, ទីក្រុងកោះពេជ្រ, បុរីប៉េងហួត និងរថយន្តរបស់រោងចក្រផ្ទាល់ផងដែរ។

អង្គការ​សង់ត្រាល់ក៏បានឱ្យដឹងផងដែរថា ស្រប​ពេល​ជាមួយ​គ្នា​នេះ កម្មករ កម្មការិនី កំពុងតែប្រឈម​នឹង​ការ​អត់​ការ​ងារ​ធ្វើ​ជា​បណ្តោះអាសន្ន ​ក្រោយ​រោងចក្រ​ត្រូវភ្លើងឆេះ។

កម្លាំងបន្តពន្លត់អគ្គិសភ័យ ដែលនៅសែសសល់នៅទីតាំងរោងចក្រ នាព្រឹកថ្ងៃពុធនេះ។ រូបថត សង់ត្រាល់

សង់ត្រាល់បានលើកឡើងថា ជា​ជំហាន​បន្ទាប់ កម្មករ​ជា​ច្រើន​រូប រំពឹង​លើ​ភាគី​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ ដើម្បី​មាន​លទ្ធភាព រក​ការងារ​ថ្មី និង​ពិសេស​ស្នើ​ដល់​ក្រសួង​ការងារ និងប​ណ្តុះបណ្តាល​វិជ្ជាជីវៈ ជួយ​អន្តរាគមន៍ ដល់​កម្មករ​គ្រប់ៗគ្នាផងដែរ។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាល​បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាប់រវល់ចូលរួមក្នុងសន្និបាតបូកសរុបការងារមួយ មិនអាចមានប្រសាសន៍បានទេ នាព្រឹកថ្ងៃពុធទី១២ខែកុម្ភៈនេះ។

នៅព្រឹក ថ្ងៃ​ទី​១២​ ខែ​កុម្ភៈនេះផងដែរ ក៏មាន ​ករណី​អគ្គិភ័យបាន​ឆាប​ឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង ​​នៅ​ម្តុំតំបន់​សេដ្ឋកិច្ច​ពិសេស​ជើងគោ​ ស្ថិតក្នុងស្រុក​ ព្រៃ​នប់​ ខេត្ត​ ព្រះសីហនុ​៕