កំពត៖ តំបន់ការពារទេសភាព​អន្លង់​ព្រីង ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ខេត្តកំពត​​ ​ជាទី​ជម្រក​ដ៏​សុខសាន្ត និង​ប្រភព​ចំណី​ដ៏​សំខាន់ សម្រាប់​សត្វ​ក្រៀល និង​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជាច្រើន​ប្រភេទ​ បាន​ស្វាគមន៍​វត្ដមាន​សត្វ​ស្លាប​ធំៗ​។

តំបន់​ដីសើម​នេះ​បាន​ទាក់ទាញ​សត្វ​ក្រៀល​អំឡុង​ខែធ្នូ​ដល់​ខែ​មេសា​ក្នុង​ការ​ស្វែង​រក​ចំណី​ ហើយ​​​នៅ​ដើមខែ​ឧសភា សត្វ​ស្លាប​ទេ​សន្តរប្រវេសន៍​ទាំងនោះ​ធ្វើការ​ផ្លាស់​ទី​ទៅកាន់​ទីតាំង​ពង​កូន​ដើម្បី​បន្ត​ពូជ​។

យោងតាម​ក្រសួង​បរិស្ថាន បាន​ឱ្យដឹងា​៖ «នៅ​រដូវ​រក​ចំណី​ចាប់ពី ខែធ្នូ ដល់ ខែមេសា សត្វ​ក្រៀល​ធ្វើការ​ផ្លាស់​ទី​ទៅ​ភាគ​ពាយ័ព្យ ​និង​ភាគ​អាគ្នេយ៍នៃ​ប្រទេស​កម្ពុជា ​ជា​ទីជម្រក​ដ៏​សំខាន់​សម្រាប់​រក​ចំណី​បំប៉ន​សុខភាព​សម្រាប់​រដូវ​បន្ត​ពូជ ជាពិសេស​នៅ​តំបន់​ដែនដី​សណ្ដរ​ទន្លេមេគង្គ នៃ​ប្រទេស​កម្ពុជា រួមមាន​តំបន់ការពារទេសភាព​អន្លង់​ព្រីង និង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​។ ពួកវា​ធ្វើការ​ផ្លាស់​ទី​ពី​ទីតាំង​រក​ចំណី​ទៅ​ទីតាំង​បន្ត​ពូជ​វិញ​នៅ​ចន្លោះ​ខែមេសា​និង​ខែមិថុនា​»។

លោក ប៊ូ វរ​សក្ស ប្រធាន​អង្គ​ការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា ថ្វីដ្បិតតែ​ស្ថិត​ក្នុង​តំបន់​ការពារ​តូច​ត្រឹម​តែ ២១០ហិកតាយ៉ាង​ណាក៏ដោយ ក៏​ទីតាំង​នេះ​មានភាព​ទាក់ទាញ និង​ទទួល​បាន​ការ​ពេញ​និយម​របស់ហ្វូង​សត្វ​ក្រៀល​ក្នុង​រដូវ​មិន​បន្ដពូជ​ចាប់ពី​ធ្នូដល់ខែ​ឧសភា​។

វត្ដមាន​របស់​ហ្វូង​ក្រៀល​ទាំង​នេះ​នៅសហគមន៍​តំបន់ការពារទេសភាព​អន្លង់​ព្រីង​មាន​ចំនួន​រហូត​ដល់​៥០​ភាគរយ​នៃ​ចំនួន​សត្វ​ក្រៀល​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក វរ​សក្ស បាន​ពន្យល់ថា​៖ «​វា​ដោយសារតែ​ទីតាំង​នេះ​សម្បូរ​ចំណី​របស់​សត្វ​ក្រៀល​ ដូចជា មើម​ផ្លុង និង​ពូជ​ស្រូវ​របស់​ប្រជាកសិករ រួមមាន គ្រាប់​សម្បក​ទទឹម និង​គ្រាប់​ពង​លលក​»។

សហគមន៍តំបន់ការពារទេសភាពអន្លង់ព្រីង នឹងមានវត្ដមានសត្វក្រៀលប្រមាណ ៨០ក្បាល និងបន្ដរហូតដល់ខែឧសភាព។ រូបថត សហការី

យ៉ាងណាមិញ លោក​បាន​ឱ្យដឹងថា បញ្ហា​ប្រឈ​ម​គឺ​ពូជ​ស្រូវ​ទាំងពីរ​ប្រភេទ​នេះ ប្រជាកសិករ​មួយ​ចំនួន​ឈប់​ដាំ​ ហើយ​កសិផល​របស់​ពួកគេ​ប្រើ​ប្រាស់​ជីគីមី​ខ្ពស់​ ដែល​បង្ក​ឱ្យ​សត្វ​ក្រៀល​ស្លាប់​។

លោក​បាន​បន្ដថា អង្គ​ការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា ឬអតីត​អង្គការ Bird Life បាន​ផ្ដួចផ្ដើម​ធ្វើ​គម្រោង​ស្រូវ​មិត្ដក្រៀល ដោយ​លើកទឹកចិត្ដ​ប្រជាកសិករ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​ និង​រក្សា​ការ​ដាំ​ពូជ​ស្រូវ ដែលសត្វ​ក្រៀល​ចូលចិត្ដ​ ក៏ដូចជាមិន​រំខាន និង​បរបាញ់​សត្វ​ក្រៀល​ ជាមួយ​លក្ខខណ្ឌ​សរុប​ចំនួន ១២​។

លោក វរ​សក្ស បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ ​«​បច្ចុប្បន្ននេះ ប្រជាកសិករ​ ១២០​គ្រួសារ​ចូលរួម​ធ្វើ​ស្រូវ​មិត្ដ​ក្រៀល ដែល​ធ្វើ​ឱ្យ​វាល​ស្រែ​របស់​ពួកគាត់​មាន​សុវត្ថិភាព​ជាង​មុន កាត់​បន្ថយ​ពីការ​រំខាន សារធាតុ​ពុល។ ដូច្នេះ ស្រែរបស់​ពួកគាត់​បានទាញ​សត្វ​ក្រៀល​ទៅ​រក​ចំណី​នៅ​ទីនោះ​»។

សហគមន៍​តំបន់ការពារទេសភាព​អន្លង់​ព្រីង នឹង​មាន​វត្ដមាន​សត្វក្រៀល​ប្រមាណ ៨០​ក្បាល និង​បន្ដ​រហូត​ដល់​ខែ​ឧសភាព​។ វា​ពិតជា​អំណោយ​ផល​ដល់​វិស័យ​ទេសចរណ៍ ដែល​ភ្ញៀវ​និយម​ទស្សនា​សត្វ​ស្លាប​រស់​នៅ​តាម​ធម្មជាតិ​។

វាពិតជាអំណោយផលដល់វិស័យទេសចរណ៍ ដែលភ្ញៀវនិយមទស្សនាសត្វស្លាបរស់នៅតាមធម្មជាតិ។ រូបថត សហការី

លោកបាន​និយាយថា៖ «​នៅតំបន់​អន្លង់ព្រីងនេះ ផ្ដល់​អំណោយ​ដល់​ការ​ទស្សនា​សត្វ​ក្រៀល​ ដោយ​គ្រាន់តែ​មើល​ប៉ម​ ឬ​ពីផ្លូវ យើង​នឹង​បាន​ឃើញ​សត្វ​ក្រៀល​ក្នុង​ទីតាំង​ធម្មជាតិ​តែម្ដង​»។

សហគមន៍​ផ្ដល់​សេវាកម្ម​ទាក់ទង​ទេសចរណ៍​ដែល​ផ្ដល់​ទាំង​អាហារ និង​មគ្គុទេសក៍នាំផ្លូវក្នុង​ការ​ទស្សនា​សត្វ​ក្រៀល និង​តំបន់​មួយ​ចំនួន​ទៀត ដូចជា ភ្នំ​ទឹក និង​ភ្នំ​កំពង់ត្រាច​ជាដើម​។

ការធ្វើជំរឿន​សត្វ​ក្រៀល លើក​ទី​១ នៅ​រដូវ​កាល​ថ្មី បានធ្វើ​ឡើង​នៅ​ចុងឆ្នាំ​២០២៤ បារ​រកឃើញ​មាន​ចំនួន​១២៣​ក្បាល ដែល​ចំនួន​នេះ គឺ​បាន​កត់ត្រា​មកពី​តំបន់​ផ្សេងគ្នា ទូទាំងប្រទេស​កម្ពុជា​៕