![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/12_2_2025_bbb6.jpg)
រដ្ឋមន្រ្តីក្រសួងការងារ លោកហេង សួរ ចុះជួបកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា)នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ក្រោយពីមានឧបទ្ទេហេតុភ្លើងឆេះរោងចក្រនេះទាំងស្រុង។ រូបថត ក្រសួងការងារ
ភ្នំពេញៈ ក្រសួងការងារបានធានាដល់ការបើកប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករជាង៤០០នាក់ នៅរោងចក្រកាត់ដេរហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង ហើយបានអំពាវនាវដល់រោងចក្រ សហគ្រាសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការទប់ស្កាត់ឧបទ្ទវហេតុអគ្គិភ័យនេះ។
ការប្រកាសធានានេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដែល រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ ចុះទៅជួបកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា)នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ការធានាជូនថា៖«បងប្អូនកម្មករនិយោជិតនឹងអាចបើកប្រាក់ឈ្នួល រួមនិងអត្ថប្រយោជន៍នានា ដែលនៅសល់ នាថ្ងៃទី២០ ខែកុម្ភៈ ដោយវឌ្ឍនភាពនៃទីតាំង និងព័ត៌មានផ្សេងទៀតនៃការបើកប្រាក់ឈ្នួលនេះ ក្រសួងនឹងជម្រាបជូនដំណឹងនាពេលបន្ទាប់»។
លោករដ្ឋមន្រ្តីក៏បានថ្លែងប្រាប់កម្មករនិយោជិតផងដែរថា សម្រាប់សុពលភាព និងអត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ ពួកគាត់នៅតែទទួលបាន និងអាចប្រើប្រាស់ប័ណ្ណ ប.ស.ស. បានជាធម្មតា។ បន្ថែមពីនោះ ក្រុមកាងារ សាខា ប.ស.ស. ខណ្ឌដង្កោបានចុះដល់ទីតាំងផ្ទាល់ និងត្រៀមសម្របសម្រួល ក្នុងករណីមានសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ ដោយសារករណីភ្លើងឆេះនេះ។
លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមរក្សាភាពស្ងប់ស្ងាត់ មានការយោគយល់ និងសូមផ្សព្វផ្សាយបន្តទៅកាន់បងប្អូនកម្មករនិយោជិតផ្សេងទៀត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា)។
លោករដ្ឋមន្រ្តីក៏បានសម្ដែងនូវសេចក្ដីសោកស្ដាយបំផុតចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ ហើយបានថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកនាំ ដែលបានចុះអន្តរាគមន៍ យ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់បំផុត ដើម្បីពន្លត់ និងគ្រប់គ្រងស្ថានភាពអគ្គិភ័យ មិនឱ្យរាលដាលដល់រោងចក្រ និងកន្លែងផ្សេងទៀត។
ក្រសួងការងារ កំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតនៃរោងចក្រហ្វ័រម៉ាត (ខេមបូឌា) ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។ ជាមួយគ្នានេះ ក្នុងពេលដែលរោងចក្រត្រូវការដំណើរការសាងសង់ឡើងវិញ ក្នុងរយៈពេល ៤ខែ កម្មករនិយោជិតអាចស្វែងរកការងារថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានមន្រ្ដីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូន នៅមុខរោងចក្រនេះតែម្តង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ ពួកគាត់ ក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានផងដែរ។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/12_2_2025_bbb7.jpg)
រោងចក្រកាត់ដេរសំលៀកបំពាក់ ហ្វ័រម៉ាត (ខេមបូឌា) ស្តិតក្នុងខណ្ឌដង្កោ ត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុងកាលពីល្ងាចថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ។ រូបថត ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ
ទាក់ទងនឹងបញ្ហាអគ្គិភ័យនេះផងដែរ អ្នកនាំពាក្យក្រសួងការងារ លោកកត្តា អ៊ន បានសង្កេតឃើញថា នាពេលថ្មីៗនេះ មានអគ្គិភ័យបានកើតឡើងតាមរោងចក្រ សហគ្រាសមួយចំនួន។ ហេតុនេះ ដើម្បីបង្ការទប់ស្កាត់ឧបទ្ទវហេតុនេះ លោកបានអំពាវនាវដល់និយោជក ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការ តាមស្តង់ដារអគ្គិភ័យ ដែលត្រូវបានកំណត់ដោយអាជ្ញាធរសមត្ថកិច្ច។
ក្រៅពីនោះ ក៏ត្រូវបំពាក់ប្រព័ន្ធផ្តល់សញ្ញាអគ្គិភ័យ (fire alarm) និងប្រព័ន្ធផ្សេងៗ ដែលអាចដឹងពីភ្លើងឆេះបាន, តម្លើងឧបករណ៍ពន្លត់អគ្គិភ័យ (fire extinguisher) នៅតំបន់ ដែលងាយប្រើប្រាស់ និងរៀបចំប្រព័ន្ធបាញ់ទឹក (sprinkler system) និងប្រព័ន្ធផ្សេងៗ ដែលអាចទប់ស្កាត់អគ្គិភ័យបានទាន់ពេលវេលា។
លោកក៏បានអំពាវនាវផងដែរថា សូមបង្រៀនបុគ្គលិកអំពីវិធានការទប់ស្កាត់អគ្គិភ័យ និងវិធីប្រើឧបករណ៍ពន្លត់អគ្គិភ័យ, រៀបចំសម្ភារ ដែលងាយឆាបឆេះទុកនៅកន្លែងដែលមានសុវត្ថិភាព, ធានាថាមានផ្លូវចេញឆាប់រហ័សនៅតំបន់ផ្សេងៗក្នុងរោងចក្រ សហគ្រាសសម្រាប់ការបញ្ចេញបុគ្គលិកពេលមានគ្រោះអគ្គិភ័យ និងមានប្រព័ន្ធសំលេងរោទ៍អគ្គិភ័យ ដើម្បីជូនដំណឹងឱ្យបុគ្គលិកចាកចេញឱ្យទាន់ពេលជាដើម។
លោកបានអំពាវនាវដូច្នេះថា៖«សូមបងប្អូននិយោជក និងកម្មករនិយោជិត យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការទប់ស្កាត់អគ្គិភ័យកុំឱ្យកើតឡើង»។
រោងចក្រហ្វ័រម៉ាត (ខេមបូឌា) ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះបំផ្លាញទាំងស្រុងកាលពីល្ងាចថ្ងៃអង្គារ ទី១១ ខែកុម្ភៈ។ ប៉ុន្តែមិនបណ្តាលឱ្យមានកម្មកររបួស ឬស្លាប់នោះទេ។ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវរកមូលហេតុ នៃអគ្គិភ័យនេះផងដែរ៕