ការប្រកួតកីឡាអុកចត្រង្គ​ដើម្បីស្វែងរក «ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ» ក្នុងពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាខែមេសា ឆ្នាំ​២០២៥នេះ នឹងមានការ​រៀបចំកាន់តែពិសេស ដោយមានការ​ប្រកួតជម្រុះ​ទាំង​ក្រុមមហាជន និង​​ជម្រុះតាមសាកលវិទ្យាល័យជាលើកដំបូង ដើម្បីស្វែងរកអ្នក​ខ្លាំងសរុបចំនួន​១០នាក់ ​ឡើង​ទៅ​ប្រកួតវគ្គជុំ​​ផ្តាច់​ព្រ័ត្រ ហេតុនេះនិស្សិតឆ្នើម ក៏មានឱកាស​ក្លាយទៅជា​ស្តេចអុក​ដូចគ្នា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ថា៖ «ល្បែង​អុកចត្រង្គខ្មែរ ជា​ក្បួនយុទ្ធសាស្រ្ត​សង្រ្គាមមួយ​ដ៏​មានប្រសិទ្ធ​ភាព​នៅសម័យអង្គរ ដែល​យើង​ត្រូវតែ​លើក​ឡើង​នូវ​ព្រលឹង​យុទ្ធសាស្រ្ត​សង្រ្គាម​នេះ ទៅ​ក្នុងព្រលឹង​វប្បធម៌​ដូនតា​របស់​យើងដែរ អ៊ីចឹង​ការរៀបចំ​នៅ​ឆ្នាំ​នេះ យើងមានការពិភាក្សា​គ្នា​យ៉ាងល្អិតល្អន់​ អំពី​វិធី​សាស្រ្ត​​​រៀបចំ និង​វិធីសាស្រ្ត​បំផុសដល់​​ចលនាសង្គម ដើម្បី​ឱ្យ​មាន​ការ​ចូល​​រួម​កាន់តែ​គគ្រឹកគគ្រេង​ និង​មាន​អត្ថន័យ»។

លោក ចំរើន បាន​លើក​ឡើងបែបនេះ បន្ទាប់ពី​លោក​បាន​ជួប​ពិភាក្សាការងារ និងបន្ស៊ីគ្នាលើការរៀបចំការប្រកួតកីឡាអុកចត្រង្គអង្គរសង្ក្រាន្ដ ជាមួយរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍  លោក ហេង សុខគង់ ជា​ប្រធានក្រុមការងាររៀបចំការប្រកួត និងតាំងបង្ហាញបញ្ជ្រាបការយល់ដឹងអំពីល្បែងអុកចត្រង្គខ្មែរ នៅទីស្នាក់ការ NOCC កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងជំនួប​នោះ លោក ហេង សុខគង់ ដែល​បានទទួល​​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​​ពី​លោក​​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានោះ ​បាន​បង្ហាញ​​​ពី​​គោលការណ៍ គម្រោង និង​ផែនការ​យ៉ាង​ល្អិតល្អន់ ទៅកាន់ភាគី​ពាក់ព័ន្ធ ដើម្បី​​ធ្វើ​យ៉ាង​ណា​រៀបចំការ​ប្រកួត​អុកចត្រង្គ​អង្គរសង្រ្កាន្ត​ឆ្នាំ​នេះ ឱ្យ​កាន់តែពិសេស និងមានអត្ថន័យស៊ីជម្រៅជាងឆ្នាំមុន។

ការជួបពិភាក្សាការងារ និងបន្ស៊ីគ្នាលើការរៀបចំការប្រកួតកីឡាអុកចត្រង្គអង្គរសង្ក្រាន្ដ នៅទីស្នាក់ការ NOCC កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ រូបថត NOCC

ជាក់ស្ដែងក្រៅពីការប្រកួតស្វែងរក «ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ» ដែលនឹងចាប់ផ្ដើមប្រកួតជម្រុះក្នុងស្រទាប់មហាជន​ ​ពីខែមីនា រហូតដល់កំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏​មាន​បន្ថែមការប្រកួតជម្រុះស្វែងរកនិស្សិតឆ្នើម ឡើងទៅជុំផ្ដាច់ព្រ័ត្រដែរ ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី។

លោក វ៉ាត់ ចំរើន បញ្ជាក់​ថា៖ «ការប្រកួតជម្រុះឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយសារយើងមានបន្ថែម ការប្រកួតស្វែងរកនិស្សិមឆ្នើមផ្នែកអុកចត្រង្គ តាមសាកលវិទ្យាល័យនានា ដើម្បីស្វែងរកអ្នកមានទេពកោសល្យ​២នាក់ ពោលគឺនិស្សិត ដែលឡើងវគ្គផ្ដាច់ព្រ័ត្រ នឹងទទួល​បាន​ការរៀបចំ​ឱ្យ​ចូលរួមប្រកួតជុំផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ អ៊ីចឹង​​និស្សិតរបស់យើង ក៏អាច​ក្លាយជាស្ដេចអុកដែរ។ ដូច្នេះសូមលើកទឹកចិត្តនិស្សិតចូលចិត្តលេងអុកចត្រង្គចូលរួមឱ្យ​បានច្រើន»។

សម្រាប់ការប្រកួតជម្រុះអុកចត្រង្គ​ឆ្នាំ២០២៥នេះ នឹងបែងចែកជា​៨តំបន់ (រាជធានី-ខេត្ត) ក្រោមកិច្ចសហការរវាង​សហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ហើយក្នុងមួយតំបន់យកកីឡាករជយលាភីម្នាក់ សរុប៨នាក់ បូកជាមួយបេក្ខភាពនិស្សិតឆ្នើម​២នាក់ ដើម្បីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅមុខប្រាសាទអង្គរវត្ត។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ «ឆ្នាំនេះយើងយក​១០នាក់ គឺ​មហាជន​៨នាក់ និង​និស្សិត​២នាក់ ឡើង​ទៅ​ប្រកួតជុំ​ផ្តាច់​ព្រ័ត្រ ដណ្តើម​យក​តំណែងស្តេចអុក ហើយ​នេះជាការបំផុសចលនាមួយ ដើម្បីជំរុញការផ្សព្វផ្សាយ និងស្វែងយល់នូវបញ្ញាស្មារតី ក្នុងការលេងកីឡាអុចត្រង្គខ្មែរយើងកាន់តែផុសផុលថែមទៀត»។

ក្រៅពីការប្រកួតខាងលើ ក្នុងបរិវេណឆាកប្រកួតអុកចត្រង្គនោះដែរ នឹងមានការបង្ហាញនូវអុកយក្ស ក៏ដូចជាការផ្សព្វផ្សាយ និងអប់រំ​អំពីប្រវត្តិអុកចត្រង្គ ក៏ដូចជាទស្សនទាន សម្រាប់ល្បែងប្រពៃណីជាតិខ្មែរនេះ តាមរយៈការរៀបចំនូវវេទិកាសំណួរចម្លើយ ក៏ដូចជាការបង្ហាត់បង្រៀនអំពីរបៀបលេងកីឡាអុកចត្រង្គនេះផងដែរ ដើម្បីឱ្យ​អ្នកមិនចេះសោះ ចេះលេង ហើយអ្នកចេះលេង កាន់តែពូកែ។

នៅត្រង់ចំណុចនេះ លោក ចំរើន បញ្ជាក់​ថា៖ «នេះជាការងារសំខាន់មួយទៀត ដែល​សហព័ន្ធ កំពុងរៀបចំ​ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា គឺ​ក្រៅ​ពីការ​ប្រកួត គឺ​ការបញ្ជ្រាបចំណេះដឹងទាំងអស់នេះ ទៅ​ក្នុងស្រទាប់​មហាជន និង​​អ្នក​ចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដហ្នឹង ដើម្បី​ឱ្យពួកគាត់​​បង្កើនការ​ទុក​ចិត្ត និងមានជំនឿទៅលើ​ដូនតា​យើង ហើយ​ស្រលាញ់ និង​ចូលរួមថែរក្សា និងអភិរក្សនូវព្រលឹងវប្បធម៌នៃកីឡាប្រពៃណីខ្មែរ​ទាំងអស់​គ្នា»៕