ត្បូងឃ្មុំៈ សាលាដំបូងខេត្តត្បូងឃ្មុំនឹងធ្វើការ ស្រាវជ្រាវ ទៅលើការចោទប្រកាន់ រឿងបង្ខំឱ្យអ្នកផលិតកាំបិតលក់២នាក់ បង់ប្រាក់ជាង៥ពាន់ដុល្លារអាមេរិក ជាថ្នូរនឹងការអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីពួកគេត្រូវបានឃាត់ខ្លួនពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយលក់កាំបិត និងដាវតាមបណ្តាញសង្គម។

ការប្រកាសស្រាវជ្រាវនេះធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត័មាន នៅថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ បន្ទាប់ពីមានការចោទប្រកាន់ និងរិះគន់តាមបណ្តាញសង្គមថា បុរស២នាក់ ជាអ្នកធ្វើកាំបិតលក់ ត្រូវបានបង្ខំឱ្យបង់ប្រាក់ចំនួន៥ ៥០០ដុល្លារ ដើម្បីទទួលបានការដោះលែងត្រឡប់ទៅផ្ទះវិញ។

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានទទួលសំណុំរឿងពី ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ កម្លាំងជំនាញ នគរបាលខេត្ត បានសហការជាមួយក្រុម HOTLANE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្ម ធ្វើកាំបិត មួយកន្លែងនៅចំណុច ផ្ទះឈ្មោះ សា សូទី ស្ថិតនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ កាលពីថ្ងៃទី៦ ខែ កុម្ភៈនេះ។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យជាបុរស ចំនួន២នាក់។ ក្នុងនោះមានឈ្មោះសា សូទី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជា មេជាង និងឈ្មោះ អិន ប្រុសទូច អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជាកូនជាង និងជាអ្នកឡាយវីដេអូ លក់ កាំបិត និងដាវ តាម FACEBOOK និងTIKTOK។

សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនមានដូចជា៖ ដាវចំនួន៩ដើម, កាំបិតផ្គាក់ ៤ដើម, កាំបិតខ្វែវ ចំនួន២ដើម, កាំបិតប៉័ងតោចំនួន៣ដើម, កាំបិតស្នៀតចំនួន៧ដើម, ពូថៅចំនួន២ដើម, ស្រោមដាវ និងកាំបិតធ្វើពីឈើចំនួន៥, ឧបករណ៍សម្រាប់កែច្នៃកាំបិតចំនួន៥ និងម៉ូទ័រចំនួន៥ផងដែរ។

តុលាការបានបញ្ជាក់ថា ក្រោយពីបានធ្វើការសាកសួរទៅលើជនសង្ស័យទាំង២នាក់រួចមក តំណាងអយ្យការបានសម្រេចឱ្យជនសង្ស័យទាំង២នាក់បានត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន តាមរយៈការស្នើសុំធានាកូនក្តីឱ្យបានត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្នពីសំណាក់មេធាវី ហើយសំណុំរឿងតំណាងអយ្យការកំពុងស៊ើបអង្កេតបន្ត។

សេចក្តីប្រកាសបានសរសេរថា៖«អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យ ចចាមអារាម ដែលបានលើកឡើងថា ដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥ ៥០០ដុល្លារ»។

ទាក់ទងទៅនឹងការចោទប្រកាន់នេះដែរ ស្នងការដ្ឋានគរបាលខេត្តក៏បានបំភ្លឺ ពីចំណាត់ការតាមផ្លូវច្បាប់ និងច្រានចោលការចោទប្រកាន់នេះផងដែរ។

នគរបាលខេត្តបានបញ្ជាក់ក្នុងសេចក្តីប្រកាសចុះថ្ងៃពុធ ទី១២ ខែកុម្ភៈនេះថា ការចោទប្រកាន់ ឬការលើកតាមបណ្តាញបណ្តាញសង្គមពីរឿងយកលុយនោះ «គឺមិនមានការពាក់ព័ន្ធនឹងមន្ត្រីនគរបាល ដែលបានអនុវត្តក្នុងកិច្ចប្រតិបត្តិការខាងលើនោះទេ»។

សេចក្តីប្រកាសបានលើកឡើងថា មន្ត្រីនគរបាលជាតិ បានអនុវត្តតួនាទីភារកិច្ច ស្របទៅតាម សិទ្ធិ និងច្បាប់ដែលបានកំណត់ ស្របតាមនីតិវិធី ក្រមសីលធម៌វិជ្ជាជីវៈ និងជាមន្ត្រីនគរបាលយុត្តិធម៌ ដែលដឹកនាំ សម្របសម្រួលដោយ អយ្យការអមសាលាដំបូងខេត្ត ដោយមិនលំអៀង ឬរើសអើងជីវភាព ពណ៌សម្បុរ ជនជាតិ និន្នាការរបស់ប្រជាពលរដ្ឋឡើយ។

នគរបាលក៏បានពន្យល់ផងដែរថា ការបង្ហោះលក់ និង ទទួលផលិតតាមការបញ្ជាទិញ ពីអតិថិជន តាមអនឡាញ នូវដាវ កាំបិត អាវុធ សម្រាប់ប្រហារផ្សេងៗ ដែលអាចឱ្យក្រុមឧក្រិដ្ឋជន ឬក្មេងទំនើង ងាយស្រួលក្នុងការបញ្ជាទិញ និងផលិតតាមទម្រង់ម៉ូត ដែលពួកគេត្រូវការ និងអាចយកទៅធ្វើសកម្មភាពល្មើស ប៉ះពាល់ដល់ សន្តិសុខ សណ្តាប់សាធារណៈសង្គម។

លើសពីនោះ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងព្រីង ក៏ធ្លាប់បានចុះទៅផ្សព្វផ្សាយ ណែនាំដល់ឈ្មោះ សា សូទី ពាក់ព័ន្ធការផលិត និងលក់ ដាវកាំបិត អាវុធសម្រាប់ប្រហារផ្សេងៗ មិនលក់ ទៅឱ្យក្រុមក្មេងទំនើងផងដែរនាពេលកន្លងមក៕