ភ្នំពេញៈ យុវជន២នាក់ត្រូវបានបញ្ជូនទៅតុលាការ និងត្រូវបានចោទប្រកាន់ពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀនជាង៣២គីឡូក្រាម បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនក្នុងករណីដាច់ដោយឡែកពីគ្នាក្នុងរាជធានីភ្នំពេញនិងខេត្តស្វាយរៀង នាពេលថ្មីៗនេះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃទី១២ ខែកុម្ភៈថា​ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ធ្វើការត្រួតពិនិត្យបន្ទប់ជួល លេខ២១៧ ជាន់ទី២ អាគារF ក្នុង បុរីដំណាក់មានជ័យ ស្ថិតក្នុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីថ្ងៃទី៦ ខែកុម្ភៈនេះ។

សមត្ថកិច្ចបានរកឃើញវត្ថុតាងជាគ្រឿងញៀនប្រមាណជា១៥គីឡូក្រាម។ ក្នុងនោះរួមមាន ម្សៅម៉ដ្ឋចម្រុះពណ៌មានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ុចស្តាស៊ី (MDMA) ចំនួន ១ ០៥២ កញ្ចប់ ទម្ងន់ ជាង១៣ ៣៧១ក្រាម, ម្សៅម៉ដ្ឋពណ៌សមានតម្រុយជាគ្រឿងញៀន ប្រភេទ កេតាមីន ចំនួន ០២ កញ្ចប់ ទម្ងន់ជាង២៥៤ ក្រាម, ក្រាមពណ៌សថ្លា មានតម្រុយជាគ្រឿងញៀនប្រភេទ កេតាមីន ចំនួន ១០ កញ្ចប់ ទម្ងន់ ជាង៨៨៦ក្រាម។

បុរសជាជនសង្ស័យម្ចាស់បន្ទប់ មានឈ្មោះ ញី ចាន់វ៉ុត អាយុ២១ឆ្នាំ។ កម្លាំងសមត្ថកិច្ច ប្រ​ឆាំងគ្រឿងញៀនរាជធានីភ្នំពេញ និងនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនរូបនេះ មួយថ្ងៃក្រោយមក នៅខេត្តស្វាយរៀង។ នគរបាលបាននាំខ្លួនជនសង្ស័យរូបនេះ ទៅធ្វើការសាកសួរ និង កសាងសំណុំរឿង បញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ឈ្មោះ ញី ចាន់រ៉ុត និងបក្ខពួក ពីបទ ផ្តើមគំនិត,សមគំនិត, ដឹកជញ្ជូន ជួញដូរ និងរក្សាទុកដោយ ខុសច្បាប់ ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់ជួល លេខ២១៧ និងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥។ 

បទល្មើសទំាងនេះ មានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៨ និង មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌុ, មាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវរកបក្ខពួក ដែលពាក់ព័ន្ធ នឹងករណីគ្រឿងញៀននេះ។

ករណីដាច់ដោយឡែកមួយទៀត មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមកិច្ចសហការជាមួយកម្លាំងនគរបាលរាជរាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ជាង១៧គីឡូក្រាម និងបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ផងដែរកាលពីថ្ងៃទី១០ ខែកុម្ភៈនេះ។ នេះបើយោងតាមនគរបាលជាតិកាលពីថ្ងៃទី១២ ខែកុម្ភៈ។

ការបង្រ្កាបនេះត្រូវបានធ្វើឡើង នៅតាមបណ្តោយផ្លូវលេខ ២២០ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ហេង សំណាង អាយុ២០ឆ្នាំ។ គ្រឿងញៀនដែលរកឃើញ និងរឹបអូសជាប្រភេទកេតាមីនចំនួន១៨កញ្ចប់ ដែលមានទម្ងន់សរុប ១៧ ៩២៨ក្រាម។

ជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕