កណ្តាលៈ ក្រសួងបរិស្ថានកំពុងតែរៀបចំឯកសារ ហើយនឹងស្នើសុំកិច្ចសហការពីក្រសួងយុត្តិធម៌ ដើម្បីចុះពិនិត្យ និងបិទអាជីវកម្មរបស់រោងចក្រក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. នាពេលខាងមុខ ក្រោយពីរកឃើញថា ក្រុមហ៊ុននេះនៅតែបន្តលួចបង្ហូរសំណល់កខ្វក់ចូលក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៣ ខែកុម្ភៈនេះថា រោងចក្របានបំពានច្បាប់ និងបំពាន​បទបញ្ជារបស់ក្រសួងបរិស្ថាន ដែលបានណែនាំនាពេលកន្លងមក។

ដូច្នេះហើយ ក្រសួងបានសម្រេចអនុវត្តច្បាប់ តាមមាត្រា៨២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

លោកបញ្ជាក់ថា៖«តាមមាត្រា៨២៤ មានចែងវិធានការរដ្ឋបាល គឺមានសិទ្ធិនៅក្នុងការផ្អាក ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ អញ្ជឹងយើងយកច្បាប់នេះមកអនុវត្ត។ ឥលូវនេះក្រសួងកំពុងតែរៀបចំឯកសារ ហើយនឹងស្នើសុំកិច្ចសហការពីក្រសួងយុត្តិធម៌ ដើម្បីចុះពិនិត្យ ហើយនឹងបិទអាជីវកម្មរោងចក្រនេះតែម្តង»។

រោងចក្រក្រុមហ៊ុន Win Ta Garment & Finishingបានលួចបង្ហូរសំណល់រាវ ដោយមិនបានឆ្លងកាត់អាប្រព្រឹត្តិកម្មត្រឹមត្រូវរបស់ខ្លួនចូលទៅក្នុងស្ទឹងព្រែកត្នោតនាពេលកន្លងមករួចមកហើយ។

ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន ក៏បានចុះទៅពិនិត្យ និងបានចាត់វិធានការច្បាប់ ដោយផ្អាកដំណើរការ ផ្នែកផលិតកម្មរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ៣១ ខែមករា កន្លងមក។

ការបញ្ចេញសំណល់រាវនេះ ធ្វើឱ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ។

មន្រ្តីបរិស្ថានចុះពិនិត្យការលូចបង្ហូរកាកសំណល់កខ្វក់របស់ក្រុមហ៊ុន Win Ta Garment & Finishingចូលទៅក្នុងស្ទឹងព្រែកត្នោត កាលពីថ្ងៃទី១២ ខែកុម្ភៈនេះ។ រូបថត ក្រសួងបរិស្ថាន

លោកខ្វៃ អាទិត្យាបានឱ្យដឹងថា ទោះយ៉ាងណា ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋ ក្រុមជំនាញរបស់ក្រសួងបរិស្ថាន នៅថ្ងៃពុធទី១២ ខែកុម្ភៈនេះបានចុះទៅពិនិត្យភ្លាមៗម្តងទៀត តាមបទបញ្ជារបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាងសុផល្លែត។

ក្រុមការងារក៏បានរកឃើញថា រោងចក្ររបស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. បានបន្តលួចបង្ហូរសំណល់រាវមានពណ៌ និងមានក្លិន ចូលទៅក្នុងស្ទឹងព្រែកត្នោតដដែល។

ក្រុមហ៊ុននេះ បានធ្វើការលួចបង្ហូរសំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅ ដែលមានអង្កត់ផ្ចិតទំហំ ០,៨០ម៉ែត្រ។

បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត ដែលស្ថិតនៅចំណុច ផ្នែកខាងក្រោយទីតាំងក្រុមហ៊ុន។

ក្រុមការងារបានចុះ ពិនិត្យបន្ថែម នៅចំណុចទីតាំងបង្ហូរសំណល់រាវនេះ ដែលស្ថិតក្នុងស្ទឹងព្រែកត្នោត ហើយ ត្រង់ចំណុចបង្ហូរទឹកនោះ គឺនៅមានក្លិនទឹកអូសាវែល និងមានពណ៌ខៀវក្រម៉ៅខ្លះៗ។

តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទីតាំងក្រុមហ៊ុន បានឱ្យដឹងថា ភាគច្រើនក្រុមហ៊ុននេះ ធ្វើការបង្ហូរសំណល់រាវនៅពេលយប់ៗ។

លោកអាទិត្យាបានថ្លែងដូច្នេះថា៖«គាត់ប្តូរពីការរៀបចំទុយោបង្ហូរទៅកណ្តាលស្ទឹង [ដោយផ្ទាល់] ទៅជាគាត់បង្ហូរនៅពាក់កណ្តាល ហើយកាយដីជាចង្ហូរ បង្ហូរចូលស្ទឹងវិញ»។

លេខទំនាក់ទំនងទៅក្រុមហ៊ុន Win Ta Garment & Finishing មិនត្រូវបានរកឃើញ ដើម្បីសុំអត្ថាធិប្បាយទេទាក់ទងនឹងបញ្ហានេះ។

ឆ្លងតាមរយៈនៃការពិនិត្យនៅទីតាំងជាក់ស្តែង និងការផ្តល់ព័ត៌មានពីតំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញក្រសួងបរិស្ថានមើលឃើញថា ក្រុមហ៊ុននេះ ជាប្រភេទរោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ និងបានបើកដំណើរការនៅខែតុលា ឆ្នាំ២០២៤។

ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនពុំទាន់រៀបចំរបាយការ​ណ៍ EIA រួចរាល់ទេ ដោយស្ថិតក្នុងលក្ខណៈជាពង្រាងនៅឡើយ។

នៅក្នុងដំណើរការបោកគក់ រោងចក្រ មានម៉ាស៊ីនបោកគក់ ប្រភេទធុនធំ ចំនួន២៥គ្រឿង តែបច្ចុប្បន្នដំណើរការបោកគក់តែចំនួន១៥គ្រឿងប៉ុណ្ណោះ ដោយចំនួន១០គ្រឿងទៀតតម្លើងពុំទាន់រួចរាល់។

ក្រុមហ៊ុនមានកម្មករធ្វើការចំនួន៩០នាក់ ដែលធ្វើការ២វេន ក្នុង១ថ្ងៃ គឺវេនពេលថ្ងៃ និងយប់៕