![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/13_2_2025_aaa7.jpg)
ទិដ្ឋភាពទីក្រុងភ្នំពេញនៅខែមករា ឆ្នាំ២០២៥។ Kilo Travel
រាជធានីភ្នំពេញត្រូវបានចាត់ថ្នាក់លេខ ៤១ ក្នុងចំណោមទីក្រុងចំនួន ១០០នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកសម្រាប់«ភាពអាចរស់នៅបានល្អ ភាពទាក់ទាញ និងវិបុលភាព»។ សិង្ហបុរីឈរនៅកំពូលតារាង ខណៈទីក្រុងឡាហ័រ (Lahore) នៃប្រទេសប៉ាគីស្ថានឈរនៅបាតតារាង។ នេះបើយោងតាមរបាយការណ៍ថ្មីបំផុត Asia-Pacific’s Best Cities ដែលស្រាវជ្រាវដោយក្រុមហ៊ុនប្រឹក្សា Resonance។
របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី១២ខែកុម្ភៈ បានបញ្ជាក់ថា ស្នាមរបួសនៃរបបខ្មែរក្រហមបានជាសះស្បើយជាបណ្ដើរៗ ដែលជួយរាជធានីនេះកំពុងក្លាយជាតំបន់សំខាន់សម្រាប់អ្នកវិនិយោគ, ជនបរទេស និងអាជីវកម្មអន្តរជាតិ។
លើសពីនេះទៀត ទីក្រុងភ្នំពេញមានអត្រាអ្នកអត់ការងារធ្វើទាបបំផុត និង អត្រាចូលរួមក្នុងកម្លាំងពលកម្មខ្ពស់លំដាប់ទី២ នៅក្នុងចំណាត់ថ្នាក់វាយតម្លៃ។
កត្តាទាំងពីរនេះបានធ្វើឲ្យទីក្រុងភ្នំពេញមានចំណាត់ថ្នាក់ «លេខ២៥ដ៏ឲ្យអស្ចារ្យ» នៅក្នុងចំណាត់ថ្នាក់វាយតម្លៃទៅលើកត្តាវិបុលភាព (prosperity category)។
របាយការណ៍ដដែលនេះបញ្ជាក់ថា៖ «ក្នុងរយៈពេល១០ឆ្នាំខាងមុខ នឹងមានការពង្រីកដ៏សំខាន់ ដោយរួមមានគម្រោងធំៗដូចជា ការអភិវឌ្ឍបន្តនៃគម្រោង Olympia City និងការពង្រីកការអភិវឌ្ឍនៅកោះពេជ្រ ដែលមិនត្រឹមតែប្តូរទេសភាពរាជធានីប៉ុណ្ណោះទេ វាថែមទាំងទាក់ទាញការវិនិយោគបរទេស និងអាជីវកម្មអន្តរជាតិផងដែរ»។
បច្ចុប្បន្ននេះ ផ្សារទំនើបអ៊ីអន (Aeon Mall) និងសណ្ឋាគារ Raffles Hotel គឺជាម៉ាកអន្តរជាតិល្បីៗនៅលើពិភពលោក ដែលមានវត្តមាននៅភ្នំពេញ ដែលរួមចំណែកធ្វើឲ្យទីក្រុងនេះមានភាពខ្លាំង។
របាយការណ៍បន្ថែមថា គម្រោងថ្មីដូចជា The City Center 2 នឹងធ្វើឲ្យមានការប្រែប្រួលទៅលើទេសភាពអាគារពាណិជ្ជកម្មនិងលំនៅដ្ឋានប្រណីត ដែលធ្វើឲ្យភ្នំពេញក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅក្នុងតំបន់។
ស្របពេលជាមួយគ្នានេះ ក៏នឹងមានគម្រោង Global Tech Exchange ដែលជាទីតាំងមានឯកទេសសម្រាប់វិស័យបច្ចេកវិទ្យា ដែលអាចទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ និងជំរុញឲ្យមានការអភិវឌ្ឍប្រព័ន្ធផ្តួចផ្តើមអាជីវកម្មថ្មីៗ។
វិធីសាស្ត្រនៃការប្រមូលទិន្នន័យសម្រាប់របាយការណ៍នេះ ធ្វើឡើងដោយយកការលើកឡើងរបស់អ្នកប្រើប្រាស់ពីប្រភពអនឡាញដូចជា Google, Tripadvisor និង Instagram បញ្ចូលទៅតាមកត្តាវាយតម្លៃ ដើម្បីវាស់ស្ទង់គុណភាពជីវិតនៅក្នុងទីក្រុងនីមួយៗ។
ក្រុមហ៊ុនប្រឹក្សា Resonance បានកំណត់ភាពអាចរស់នៅបានល្អ (livability) ដោយោវិភាគទៅលើគុណភាពបរិស្ថានធម្មជាតិ និងសំណង់អគារសង្គម រួមមាន ឧទ្យាន, ទីតាំងសំខាន់, សង្កាត់នានា និងសម្បត្តិបេតិកភណ្ឌ។
ចំណែកភាពទាក់ទាញ (lovability) វាស់ស្ទង់ទៅលើភាពរស់រវើក និងអ្វីដែលធ្វើឲ្យទីក្រុងមានភាពគួរឲ្យស្រឡាញ់ ដូចជាវប្បធម៌, អាហារ និងជីវិតនាពេលរាត្រី។
ចំណែក វិបុលភាព (prosperity) វាយតម្លៃលើធនធានមនុស្ស, ការគាំទ្រអាជីវកម្ម និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកត្តាពាក់ព័ន្ធ៕