![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/13_2_2025_a35.jpg)
សន្និសីទកាសែតស្តីពីទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រ ដែលធ្វើនៅទីស្នាក់ការ NOCC កាលពីថ្ងៃពុធ។ រូបថត NOCC
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាពង្រឹងគុណភាពការរៀបចំទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រ (Women Run 10k) ឱ្យបានកាន់តែល្អ ដើម្បីជាការរួមចំណែកជាមួយពិភពលោក និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិនារី និងសមត្ថភាពយិនឌ័រ។
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធ លោក វ៉ាត់ ចំរើន បានចាត់ទុក ទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រ ដែលនឹងធ្វើនៅបរិវេណខាងសួរច្បារមុខវត្តបទុមវតី នាព្រឹកថ្ងៃទី៨ ខែមីនាខាងមុខនេះ ជាពេលវេលាដ៏មានន័យ ដែលមនុស្សជាតិទាំងអស់ ត្រូវចូលរួមអបអរសាទរដល់ថ្ងៃសិទ្ធិនារីអន្តរជាតិ ហេតុនេះវាជារឿងចំបាច់ណាស់ ដែលកម្ពុជា ត្រូវរៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អ។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ចំណុចសំខាន់នៅក្នុងព្រឹត្តិការណ៍របស់យើង គឺដើម្បីអបអរសាទរសិទ្ធិនារីអន្តរជាតិ ជាទិវារំឭកគុណូបការៈរបស់ស្រ្តី អ៊ីចឹងគោលដៅរបស់យើង គឺការរួមចំណែកជាមួយពិភពលោក និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមត្ថភាពយិនឌ័រ ឱ្យមានការចូលរួមគ្រប់វិស័យទាំងអស់។ យើងត្រូវរួមគ្នាលើកកម្ពស់យុត្តិធម៌នៅក្នុងសង្គម តាមរយៈគោរពសមភាពរបស់ស្រ្តី»។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/13_2_2025_a36.jpg)
សកម្មភាពអ្នកចូលរួមរត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រ នៅបរិវេណសួនច្បារមុខវត្តបទុមវតី កន្លងមក។ រូប NOCC
លោកបន្ថែមថា៖ «សារ និងខ្លឹមសាររួមនៃព្រឹត្តិការណ៍នេះ គឺយើងគោរពនូវសមភាពរបស់ស្រ្តីក្នុងការចូលរួមកសាងអភិវឌ្ឍសង្គម និងអភិវឌ្ឍពិភពលោកឱ្យបានល្អប្រសើរ ហេតុនេះយើងត្រូវរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានគុណភាពប្រសើរឡើង គឺទាំងអ្នករត់ អ្នករៀបចំ អ្នកឧបត្ថម្ភ អ្នកបច្ចេកទេស ត្រូវមានយុត្តិធម៌ ហើយអ្នកមើលក៏ត្រូវមានយុត្តិធម៌ដែរ ព្រោះបើអ្នកមើលប្រឆាំង ក៏នឹងធ្វើឱ្យខូចកម្មវិធីយើងដូចគ្នា»។
នៅក្នុងការងារនេះ លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការងារទៅតាមតួនាទីរៀងៗខ្លួនឱ្យបានល្អ និងច្បាស់លាស់ មិនមែនបង្កើតជាក្រុមមក ដើម្បីបង្កជាគ្រោះទេ។ «ម្នាក់ៗត្រូវទុកគុណតម្លៃនៃព្រឹត្តិការណ៍នេះជាធំ ហើយត្រូវរួមគ្នាដោះស្រាយនូវបញ្ហា ដែលបានកើតឡើងដោយស្មារតីទទួលខុសត្រូវទាំងអស់គ្នា»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានប្រាប់ឱ្យភាគីពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាឱ្យ ទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រលើកនេះ ដំណើរទៅប្រកបដោយបរិយាកាសល្អ និងបរិស្ថានស្អាតគ្មានសំរាម ហើយផ្តល់នូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពដល់អ្នករត់ទាំងអស់ ដោយលោករំពឹងថា អាចនឹងមានច្រើនជាង៣ពាន់នាក់។
ចំណែក លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនសុវណ្ណភូមិធានារ៉ាប់រងអាយុជីវិត ដែលជាអ្នកឧបត្ថម្ភធំ បានដាក់ក្តីសង្ឃឹមថា នឹងអាចមានអ្នកចូលរួមដល់៤ពាន់នាក់ សម្រាប់ទិវា Women Run 10K លើកនេះ ដើម្បីបំបែកកំណត់ត្រាអ្នកចូលរួមចុងក្រោយចំនួន៣ពាន់នាក់ កាលពីឆ្នាំ២០២៤ ហើយក៏ដើម្បីទទួលបានថវិកាកាន់តែច្រើន ដើម្បីយកទៅជួយដល់ការងារសប្បុរសធម៌ដែរ។
លោកបានថ្លែងថា៖ «នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុនរបស់យើង បានចូលរួមឧបត្ថម្ភធំដល់ទិវា Women Run 10K ហើយគោលដៅរបស់យើង គឺចង់បានអ្នកចូលរួមចំនួន ៤០០០នាក់។យើងមានទំនុកចិត្តថា យើងនឹងទៅដល់គោលដៅរបស់យើង ព្រោះគិតត្រឹមថ្ងៃទី៥ ខែកុម្ភៈនេះ យើងបានចុះឈ្មោះអ្នករត់ប្រណាំងចំនួន ២៤០០នាក់រួចហើយ»។
ចំពោះទំនួលខុសត្រូវ ក្នុងការជួយដល់សង្គម តាមរយៈទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រនេះ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងផ្តល់វិភាគទានចំនួន២០០០រៀល ក្នុងអ្នកចុះឈ្មោះចូលរួម១នាក់ ហេតុនេះកញ្ចប់ថវិកា នឹងកើនឡើង៨លានរៀល បើមានអ្នកចុះឈ្មោះចូលរួម៤ពាន់នាក់ ហើយថវិកាទាំងនេះ នឹងត្រូវផ្តល់ទៅឱ្យមជ្ឈមណ្ឌលវិបត្តិស្ត្រីកម្ពុជា (CWCC) និង Women Are Gold (WAG) ដើម្បីយកទៅបម្រើដល់ការងារសប្បុរសធម៌របស់អង្គការទាំង២នេះ៕