ក្រចេះ៖ ​មន្រ្តីឆ្មាំទន្លេ​ណា ដែលខិលខូច​​ប្រព្រឹត្តល្មើស រំលោភអំណាច អនុញ្ញាត ឬបើកដៃ ឱ្យមានការនេ​សាទខុសច្បាប់នៅតំបន់​អភិរក្សសត្វ​ផ្សោត នឹងត្រូវដោះដូរការងារចេញ ដើម្បីបង្កើនប្រសិទ្ធភាពការអភិរក្សសត្វផ្សោតទន្លេមេគង្គ។

នេះជាការព្រមានរបស់អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញាអ៊ឹម រចនា ក្នុងកិច្ចប្រ​​ជុំ​កែ​សម្រួលសមាសភាពមន្ត្រីឆ្មាំទន្លេនៅតំបន់កាំពី ដើម្បី​បង្កើន​ប្រសិទ្ធ​ភាពការងារអភិរក្សសត្វផ្សោត​។ កិច្ច​ប្រជុំនេះធ្វើឡើងនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែកុម្ភៈនេះ។ នេះបើយោងតាមក្រសួងកសិកម្ម នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈនេះ។

កញ្ញាអ៊ឹម រចនាបានថ្លែងដូច្នេះថា៖«ប្រសិនបើមានករណី​មន្រ្តីឆ្មាំទន្លេ​ណា​​ប្រព្រឹត្តល្មើស រំលោភអំ​ណាច អនុញ្ញាត ឬបើកដៃឱ្យមានការនេសាទខុសច្បាប់នៅតំបន់​អភិរក្ស​ផ្សោត មន្ដ្រីជំនាញនិងថ្នាក់ដឹកនាំ ចាំ​បាច់​ត្រូវកែសម្រួលសមាសភាពឆ្មាំខិលខូចទាំងនោះ មិនអនុញ្ញាតឱ្យបន្តការងារទៀតទេ»។

កញ្ញាបានបញ្ជាក់បន្ថែមថា៖«យន្តការកាត់សាច់ស្អុយចេញនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់មន្រ្តីឆ្មាំ ហើយក៏ជាការ​លើក​ទឹក​ចិត្ត​ដល់មន្រ្តីដទៃទៀតដែលបំពេញការងារបានល្អ ប្រកបដោយឆន្ទៈស្មោះត្រង់ ស្រឡាញ់ និងពេញចិត្តលះបង់កម្លាំងកាយចិត្តអភិរក្សធនធានជលផលដោយមិនខ្លាចនឿយហត់»។

ក្រៅពីនោះ កញ្ញាក៏បានផ្ដល់អនុសាសន៍ណែនាំដល់ឆ្មាំទន្លេផងដែរ ដើម្បី​ពង្រឹង ​​និង​ពង្រីកកិច្ចសហការបន្ថែមទៀត ក្នុងការងារចុះបង្ក្រាប បង្ការ និងទប់ស្កាត់​បទ​ល្មើស​​​នេសាទ​នៅតំបន់អភិរក្សសត្វផ្សោត។ 

ការងារនេះ ត្រូវធ្វើដោយម៉ត់ចត់ មានផែនការ និងយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបង្ក្រាប និងឈានទៅបញ្ឈប់រាល់ការប្រើប្រាស់មងក្រឡាធំ សន្ទូចរនង និងឧបករណ៍ឆក់ ព្រោះ​ឧបករណ៍ទាំងនេះបង្កហានិភ័យខ្ពស់ដល់សត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។

កញ្ញា​បានលើកឡើងថា៖«ឆន្ទៈ ការទទួលខុសត្រូវ និងភាពស្មោះត្រង់របស់មន្រ្តីឆ្មាំទន្លេ គឺជា​កាតា​លី​ករ​ដ៏សំខាន់និងចាំបាច់មិនអាចខ្វះបាន ដើម្បី​ការពារ​អាយុជីវិតរបស់សត្វផ្សោតផង និង​ធានាបាន​នូវនិរន្ដរ​ភាព​ធន​ធាន​ជលផល​ក្នុងតំបន់ផង»។

កូនផ្សោតទី៣ ដែលត្រូវបាន ប្រទះឃើញ នៅថ្ងៃទី៩ ខែកុម្ភៈនេះ នៅអន្លង់ជ្រោយបន្ទាយ ស្ថិតក្នុង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រូបថត អង្គការWWF កម្ពុជា

កិច្ចប្រជុំនេះមានការចូលរួមពី លោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល, លោកផៃ សុមានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល, លោក សៀន គីន អនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ, លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាល​ជលផលមេគង្គ, លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ, លោកDipankar Chyau Patnaik នាយកកម្មវិធីអភិរក្សនៃ​អង្គការ ​WWF កម្ពុជា និងមន្រ្តីឆ្មាំទន្លេ ដែលសរុបមានប្រមាណជាង៥០នាក់។

គិតត្រឹមដើមឆ្នាំ២០២៥នេះ មានកូនផ្សោតកើតថ្មីចំនួន៣ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតក្បាលត្រឡោក មានវត្តមាននៅកម្ពុជា មាន​ចំនួន​កើន​ដល់១០៧ក្បាល។

ឆ្មាំទន្លេជាង៤០រូប បាននឹងកំពុងតែបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គទាំងនោះ ដែលជារតនសម្បត្តិរបស់ជាតិ តាមរយៈការល្បាតចល័ត ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ។

ការចុះបង្ក្រាបបទល្មើសនេសាទ នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ របស់ឆ្មាំទន្លេ រួមមាន៖ ដកហូតមងចំនួន ២៧៣ ស្មើនឹងប្រវែង១០ ៣២០ម៉ែត្រ, សន្ទួចរនង ៦៤ខ្សែ ស្មើនឹងប្រវែង៤ ៩០០ម៉ែត្រ, ទូកម៉ាស៊ីនចំនួន៣គ្រឿង, អាំងវ័កទ័រឆក់ត្រីចំនួន៤គ្រឿង, អាគុយ៣គ្រឿង,កន្ត្រងដងត្រី៤គូ ភ្ជាប់ដោយខ្សែភ្លើងចំនួន ៧០ម៉ែត្រ និងបានអប់រំអ្នកនេសាទចំនួន៤១នាក់ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤កន្លងមក៕