អាជ្ញាធរមីននិង​ដៃគូ​អភិវឌ្ឍន៍​ពិភាក្សា​​សេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដើម្បី​ការតាក់តែងគោលនយោបាយជាតិសកម្មភាពមីន​មួយ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ «កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

កិច្ច​ពិភាក្សា​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣​ ខែ​កុម្ភៈ​នេះ ធ្វើ​ឡើង​ក្រោមការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលទទួល​បាន​មូលនិធិ​ពី​ប្រទេស​អូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋ​កូរ៉េ អង្គការ​យូណឌីភី និង​ដៃគូ​មួយចំនួន​ទៀត។

លោក​ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន​ទី១ អាជ្ញាធរ​មីន បានលើក​ឡើង​ថា​ ថ្វីបើសកម្មភាពមីន បាន​ទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ ផ្ទៃដីមានមីនដែលនៅសេសសល់ នៅមានទំហំធំ និងមានភាពស្មុគស្មាញខ្លាំង ដែលត្រូវ​ការ​បន្ត​បង្កើនកិច្ចខិតខំប្រឹង ទាំង​ការ​បោសសម្អាតមីន កិច្ចសហការ និងកៀរគរធនធាន។

ខណៈ​ដែល​ឆ្នាំ​នេះ ជា​ឆ្នាំចុងក្រោយនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ លោក លី ធុជ ថ្លែង​ថា៖ «យើងបានពង្រីកមហិច្ឆតារបស់យើង ដោយទិសដៅបន្ទាប់សម្រាប់ក្រោយឆ្នាំ២០២៥ យើងនឹងប្រែក្លាយពីផែនការយុទ្ធសាស្ត្រជាតិ ទៅជាគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដើម្បីសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺ កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

លោកស្រី Alissar Chaker តំណាងអង្គារយូអិនឌីភី នៅ​កម្ពុជា បាន​ថ្លែង​ថា សិក្ខា​សាលា​ពិភាក្សា​នេះ​គឺ​ដំណើរ​ការ​សំខាន់​ក្នុង​ការ​ពិភាក្សា​ទៅ​លើ​ការ​រីក​ចម្រើន​នៃ​វិស័យ​បោស​សម្អាត​មីន​នៅ​កម្ពុជា យល់​ដឹង​ពី​បញ្ហា​ប្រឈម ចំណុច​អាទិភាព និង​គោល​ដៅ​ទៅ​អនាគត។

យោង​តាម​លោក លី ធុជ គិត​ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ ផ្ទៃដីទំហំ ៣ ២៩៧ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ បង្កបង្កើនផល កសាងហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលជាង ១០លាននាក់។

ក្នុង​រយៈ​ពេល​នេះ ប្រតិបត្តិករ​ដោះ​មីន​បានរកឃើញ និងបំផ្លាញចោល មីនប្រឆាំងមនុស្សចំនួនជាង ១,១ លានគ្រាប់ មីនប្រឆាំងរថក្រោះចំនួនជាង ២,៦ ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ៣,១ លានគ្រាប់។

លោក​បន្ត​ថា ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៩នាក់ ក្នុងឆ្នាំ២០២៤ និងមកនៅ ក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល ១០ឆ្នាំចុងក្រោយ។

លោក​ថ្លែង​ថា៖ «ទិន្នន័យត្រឹមដើមឆ្នាំ២០២៥នេះបង្ហាញថា កម្ពុជានៅសល់ផ្ទៃដីដែលមានមីនចំនួន ៣៤៨គីឡូម៉ែត្រការ៉េ  និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោមចំនួន ១ ២២៩ គីឡូម៉ែត្រកាក្រឡាបន្ថែមទៀត ដើម្បីសម្រេច»។

លោក​បន្ថែម​ថា ផ្ទៃដី​ជាក់​ស្ដែង​អាច​ធំជាង​នេះ ខណៈ​ដែល​ការ​សិក្សា​ស្រាវ​ជ្រាវ​កំពុង​ធ្វើ​ឡើង​អំពី​ទីតាំង​មាន​មីន និង​គ្រាប់​បែក​ចង្កោម​ ជា​ពិសេស​នៅ​តាម​ព្រំដែន៕