
បានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាធនធាន ដើម្បីរក្សាកងកម្លាំងដែលរងផលប៉ះពាល់៕
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសផែនការរំសាយកងកម្លាំងជំនាញបច្ចេកទេស មួយចំនួនបន្ទាប់ពីការផ្អាកជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលប៉ះពាល់ដល់ប្រតិបត្តិការដោះមីនសំខាន់ៗនៅខេត្តជាច្រើន។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន CMAC បានបញ្ជាក់ថា ការផ្អាកនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២៥ ខែមករា សម្រាប់រយៈពេល ៨៥ ថ្ងៃ បានប៉ះពាល់ដល់ជំនួយដែលទទួលបានតាមរយៈក្រសួងការបរទេសសហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា៖ «ការផ្អាកការផ្តល់មូលនិធិនេះ ប៉ះពាល់ដល់អង្គការដៃគូចំនួនបី ដែលសរុបជាទឹកប្រាក់ប្រមាណ ២លានដុល្លារក្នុងមួយឆ្នាំ ហើយបាននាំឱ្យមានការរប៉ះពាល់ដល់កងកម្លាំងបច្ចេកទេសចំនួន ២១០នាក់ ដែលធ្វើការនៅក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង»។
នៅថ្ងៃទី ១៣ ខែកុម្ភៈ CMAC បានទទួលការជូនដំណឹងជាផ្លូវការពីអង្គការដៃគូដែលស្នើសុំរំសាយសមាជិកបុគ្គលិក និងក្រុមប្រតិបត្តិការដែលផ្តល់មូលនិធិដោយគម្រោងរបស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១ ខែមីនាខាងមុខនេះតទៅ។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ អគ្គនាយក CMAC លោក ហេង រតនា បានឲ្យដឹងថាថា កិច្ចខិតខំប្រឹងប្រែងកំពុងធ្វើឡើងដើម្បីធានានុរត្តរភាពការងារ។
លោកបានឲ្យដឹងថាថា៖ “ក្នុងស្ថានភាពចំពោះមុខនេះ អង្គភាពCMACនឹងខិតខំដោះស្រាយគ្រប់លទ្ធភាពនិងមធ្យោបាយ ដើម្បីរក្សាកម្លាំងជំនាញទាំងអស់ដែលត្រូវកាត់រំសាយពីគម្រោងជំនួយអាមេរិកនេះឲ្យនៅបន្ដបំពេញភារកិច្ចក្នុងអង្គភាពជាធម្មតា"។

លោក រតនា បានសង្កត់ធ្ងន់ថា ខណៈពេលដែល CMAC បានទទួលជំនួយថ្មីពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយផ្សេងទៀត មូលនិធិទាំងនេះត្រូវបានបម្រុងទុកសម្រាប់បន្តប្រតិបត្តិការដោះមីនដែលមានស្រាប់ ហើយមិនមានបំណងជំនួសកងកម្លាំងផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកដែលត្រូវបានព្យួរនោះទេ។

CMAC បានបញ្ជាក់ថា បុគ្គលិកប្រតិបត្តិការរបស់ខ្លួនប្រមាណ ៩២% នៅតែបន្តធ្វើការដូចធម្មតា គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិ រួមមាន ប្រទេសជប៉ុន ចិន អាល្លឺម៉ង់ CMAA/UNDP (គាំទ្រដោយកូរ៉េខាងត្បូង អូស្ត្រាលី កាណាដា និងនូវែលសេឡង់) JICA, JMAS, NPA, APOPO, MAG និងការចូលរួមចំណែកពីវិស័យឯកជន។