លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់មន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ ក៏ដូចមន្ត្រីចុះមូលដ្ឋានកុំឲ្យមានការធ្វើអន្តរាគមន៍ទៅលើការស្នើសុំផ្ទេរការងារពីកន្លែងមួយទៅកន្លែងមួយ ព្រមទាំងប្រាប់ពលរដ្ឋកុំឲ្យសងប្រាក់ដែលខ្ចីតាមអនឡាញពីប្រភពខុសច្បាប់។

លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធីបិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​។

ព័ត៌មាន​នៅ​​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​​បាន​ស្រង់​សម្ដី​របស់​លោក ដែល​​បាន​ស្នើ​ដល់​ក្រុមការងារ​រាជ​រដ្ឋាភិបាល ឬ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ឲ្យ​ «បញ្ឈប់​ការ​អន្តរាគមន៍​ដើម្បី​យក​​មន្ត្រី​ពី​កន្លែង​ផ្សេង ឬ​មូលដ្ឋាន​ផ្សេង​ឲ្យ​ទៅ​នៅ​មូលដ្ឋាន​ដែល​ខ្លួន​ចុះ​ទៅ»​។ លោក​បន្ត​ថា អាជ្ញាធរ​នៅ​មូល​ដ្ឋាន​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​សម្រេច​តែង​តាំង​មន្ត្រី​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន មិន​មែន​មន្ត្រី​ផ្សេង​ជា​អ្នក​មាន​សិទ្ធិ​ធ្វើ​បែប​នេះ​ទេ។

ពាក់​ព័ន្ធ​នឹង​ការ​ឲ្យ​ខ្ចី​ប្រាក់​តាម​អនឡាញ ដែល​អាជ្ញាធរ​​ធ្លាប់​បាន​ហាមប្រាម​ពី​មុន​នោះ​ លោក ស សុខា បាន​បញ្ជាក់​ថា អាជ្ញាធរ​ត្រូវបន្ត​ទប់​ស្កាត់​ការ​ផ្ដល់​កម្ចី​ខុស​ច្បាប់​​នេះ ដែល​ខ្លះ​ផ្ដល់​ដោយ​ជន​បរទេស ហើយ​កម្ចី​បែប​នេះ​តែង​មាន​គំនាប​ទៅ​លើ​អ្នក​ខ្ចី។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​លើក​ឡើង​ថា៖ «ឯក​ឧត្តម​បាន​​​ឲ្យ​ក្រសួង​មហា​ផ្ទៃ​អប់​រំ​ប្រជាពលរដ្ឋ ប្រសិន​បើ​ក្រុម​ដែល​ឲ្យ​ខ្ចី​ប្រាក់​នោះ​គឺ​ជា​ក្រុម​ដែល​ខុស​ច្បាប់ ឬ​ ក្រុម​ជន​បរទេស​ដែល​ផ្ដល់​កម្ចី​តាម​អនឡាញ​ជា​ដើម គឺ​កុំ​សង​តែ​ម្ដង។ បើ​សិន​ជា​​មានការ​រក​រឿង​ណា​មួយ សូម​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច»។ 

យ៉ាងណា​ក៏​ដោយ លោក​ស្នើ​ឲ្យ​មាន​ការ​បែង​ចែក​ឲ្យ​ដាច់​រវាង​ការ​ផ្ដល់​កម្ចី​ដែល​ធ្វើ​ឡើង​ដោយ​មីក្រូ​ហិរញ្ញវត្ថុ​ស្រប​ច្បាប់ និង​ការ​ផ្ដល់​កម្ចី​រវាង​បុគ្គល​និង​បុគ្គល ដែល​អ្នក​ខ្ចី​ត្រូវ​ទៅតាម​ការ​ព្រម​ព្រៀង​គ្នា និង​តាម​ច្បាប់៕