
គម្រោងសាងសង់«សួនសុវត្ថិភាពចរាចរណ៍សិប្បនិមិ្មត» នៅសាលារៀន ជាលើកដំបូង ដើម្បីលើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងអ្នកប្រើប្រាស់ផ្លូវទូទៅ។ រូបថត ក្រសួងមហាផ្ទៃ
កំពង់ឆ្នាំងៈ «សួនសុវត្ថិភាពចរាចរណ៍សិប្បនិមិ្មត» ត្រូវបានរៀបចំបង្កើតឡើងជាលើកដំបូង នៅក្នុងសាលារៀន ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងអ្នកប្រើប្រាស់ផ្លូវទូទៅផងដែរ។
អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹមបានឱ្យដឹងថា គម្រោងបង្កើត សួនសុវត្ថិភាពចរាចរណ៍នេះ ត្រូវបានផ្តួចផ្តើមឡើង ដោយលោកឧបនាយករដ្ឋមន្រ្តី ស សុខា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងទិវាជាតិរំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកលើកទី១៩។
លោកមានប្រសាសន៍ថា៖«សួននេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសបំផុតនោះ គឺការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិសណ្ឌិ ស សុខា ប្រធានគណៈកម្មាធិការ ក្នុងការបញ្ច្រាបចំណេះដឹងសុវត្ថិភាពចរាចរណ៍ដល់ក្មេងៗតាំងពីកុមារទៅ»។
លោកបានលើកឡើងថា នៅដំណាក់កាលដំបូងនេះ សួនប្រភេទនេះនឹងដាក់ឱ្យដំណើការសាកល្បងនៅខេត្តកំពង់ឆ្នាំង។ ក្រុមការងារនឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះ ហើយការបង្កើតសួនបែបនេះ គឺជានិន្នាការល្អបំផុតមួយ។
ហេតុនេះ នៅថ្ងៃអនាគត គឺនឹងមានការបង្កើត សួនសុវត្ថិភាពចរាចរណ៍សិប្បនិមិ្មតនេះជាបន្តបន្ទាប់ទៀតផងដែរ។
ក្រសួងមហាផ្ទៃបានឱ្យដឹងថា សួនសុវត្ថិភាពចរាចរណ៍សិប្បនិមិ្មត ជាសួនបង្កើតនៅតាមសាលារៀន ដែលយកលំនាំតាមស្ថានភាពចរាចរណ៍ជាក់ស្តែង ដូចជា ផ្លូវ គន្លងផ្លូវ ផ្លូវប្រសព្វ ភ្លើង និងសញ្ញាចរាចរណ៍ ចំណត ផ្លូវថ្មើរជើង ផ្លូវបែបទីប្រជុំជន និងហ្គារ៉ាស់សាំងសប្បនិម្មិតជាដើម។
នាថ្ងៃ ទី៦ ខែមករានេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខាបានដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំបង្កើតជាសួនសុវត្ថិភាពចរាចរណ៍នេះ ដែលស្ថិត នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង។
ក្រសួងបញ្ជាក់ថា៖«សួនសុវត្ថិភាពចរាចរណ៍សិប្បនិមិ្មតនេះ មិនត្រឹមតែសម្រាប់សិក្សានុសិស្សសិក្សាស្វែងយល់បន្ថែមលើមេរៀន ដែលសិក្សានៅក្នុងមេរៀនក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង សាធារណជន ជាពិសេស អ្នកបើកបរទូទៅ ក៏អាចចូលស្វែងយល់បន្ថែមបានផងដែរ ដើម្បីរំលឹកនូវអ្វី ដែលបានរៀននៅសាលាបង្រៀនបើកបរ»។
ការបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនិមិ្មតនេះ ក៏សម្រាប់បង្ហាញដល់សាធារណៈជនឱ្យចូលសិក្សាស្វែងយល់បន្ថែម លើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបររបស់ខ្លួន។
លោកឧបនាយករដ្ឋមន្រ្តីស សុខា ក៏ធ្លាប់បានអំពាវនាវ និងជំរុញឱ្យមានការដាក់បញ្ចូលកម្មវិធីសិក្សាពាក់ព័ន្ធនឹងចរាចរណ៍ទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ក្នុងនោះ ដូចជាការ ដាក់បញ្ចូលក្នុងសៀវភៅគោល ដោយមានការបែងចែកជា៣កម្រិតគឺ កម្រិតបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ដើម្បីងាយស្រួលក្នុងការអប់រំទាក់ទងនឹងច្បាប់ចរាចរណ៍ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិតប្រជាពលរដ្ឋ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
ក្នុងឆ្នាំ ២០២៤កន្លងមក គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សចំនួន ១ ៥០៩នាក់ និងបង្ករបួសជាង៣ពាន់នាក់ផងដែរ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតមានឡើងចំនួន ២ ៨៤៤លើក។ ចំនួនអ្នកស្លាប់នេះ មានការថយចុះ ចំនួន៨១នាក់ ស្មើនឹង៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។
បើគិត ជាមធ្យមក្នុងមួយថ្ងៃៗ ក្នុងឆ្នាំ២០២៤ មានជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់បានស្លាប់។ អ្នកដែលមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់មានចំនួន ២ ៤៧៧នាក់។
មូលហេតុ ដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទាំងនោះ ច្រើនជាងគេ គឺ កត្តាល្បឿន និងការមិនគោរពសិទ្ធិ៕