ពោធិ៍សាត់ៈ រដ្ឋបាលស្រុកក្នុងខេត្តពោធិ៍សាត់បាននឹងកំពុងតែអនុវត្តវិធានការផាកពិន័យ​ ចាប់ពី២ម៉ឺន ទៅដល់៤០ម៉ឺនរៀល ចំពោះការបោះចោលសំរាមនៅទីសាធារណៈ ដើម្បីរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន ទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំ។

ការអនុវត្តវិធានការផាកពិន័យចំពោះបុគ្គល ដែលបោះចោលសំរាម នៅទីសាធារណៈ តាមដងផ្លូវ និងទីប្រជុំជនបានចាប់ផ្តើមនៅក្នុងខែកុម្ភៈនេះទៅ។

សេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការនេះ របស់រដ្ឋបាលស្រុកភ្នំក្រវាញចុះថ្ងៃទី១០ ខែកុម្ភៈ បានលើកឡើងថា កន្លងមក រដ្ឋបាលស្រុកបានសង្កេតឃើញថា ទោះបីជាមានការផ្សព្វផ្សាយអប់រំណែនាំ ស្តីពីការងារ អនាម័យបរិស្ថាន ជាញឹកញាប់យ៉ាងណាក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនបានយកសំរាម ទៅចោលពាសវាលពាសកាលតាមដងផ្លូវ និងទីសាធារណៈ។ ទង្វើនេះបានកំពុងតែធ្វើឱ្យមានការប៉ះពាល់ដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ និងបាត់បង់ សោភ័ណភាពក្នុងស្រុក។

ដើម្បីទប់ស្កាត់កុំឱ្យមានបាតុភាពដដែលៗទៀត រដ្ឋបាលស្រុកនឹងចាប់ផ្តើម អនុវត្តនូវវិធានការផាកពិន័យ ចំពោះបុគ្គលដែលបោះចោលសំរាម សំណល់រឹង នៅទីប្រជុំជន ទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬទីកន្លែង ដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌហាមឃាត់ការបោះចោលសំរាម សំណល់រឹង ទីប្រជុំជន ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ និង ទណ្ឌកម្ម។

ការពិន័យជាប្រាក់ និងការដាក់ទណ្ឌកម្មនោះ មានដូចជា ចំពោះអ្នកដំណើរ អ្នកទេសចរណ៍ ត្រូវពិន័យចំនួន២ម៉ឺន រៀល និងត្រូវប្រមូល សំអាតយកទៅដាក់ធុង សំរាមសាធារណៈ ហើយចំពោះអ្នកលក់ដូរតាមដងផ្លូវ ឬលើទីសាធារណៈត្រូវពិន័យចំនួន៥ម៉ឺន រៀល និងត្រូវប្រមូលវេចខ្ចប់យកទៅដាក់នៅទីតាំង ដែលអាជ្ញាធរបានកំណត់។

ដោយឡែកចំពោះ អ្នកលក់ដូរតាមផ្ទះ ភោជនីយដ្ឋាន ទីកំសាន្ត ត្រូវផាកពិន័យចំនួន១៥ម៉ឺនរៀល និងត្រូវប្រមូលវេចខ្ចប់យកទៅដាក់នៅទីតាំងដែលអាជ្ញាធរបានកំណត់។ ចំពោះទីផ្សារ អាជីវកម្ម សេវាកម្ម សិប្បកម្ម ចំនួន ២០ម៉ឺនរៀល និងត្រូវ ទទួលខុសត្រូវលើ ការប្រមូល សំអាត និងដឹកចេញយកទៅទីលាន។

ការពិន័យច្រើនបំផុតនោះ គឺ ចំពោះរោងចក្រ សហគ្រាស ក្រុមហ៊ុន ចំនួន ៤០ម៉ឺនរៀល និងត្រូវ ទទួលខុសត្រូវលើការប្រមូល សំអាត និងដឹកចេញយកទៅទីលានអភិបាលស្រុកភ្នំក្រវាញ លោកធាម សុផាត បានបញ្ជាក់ថា៖«ក្នុងករណីមិនរាងចាល ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេដងនៃប្រាក់ពិន័យអន្តការណ៍ លើកមុន»។

រដ្ឋបាលស្រុកផ្សេងៗទៀត ក៏បានចេញសេចក្តីណែនាំស្រដៀងគ្នានេះផងដែរ ក្រោយពីអភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដាបានចេញបទបញ្ជាឱ្យអាជ្ញាធរភូមិ ឃុំ/សង្កាត់ ស្រុកយកចិត្តទុកដាក់ខ្ពស់ទៅលើការទុកដាក់សំរាម។

ការចេញបទបញ្ជានេះធ្វើឡើងនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើ​ក​ទិស​ដៅការងារឆ្នាំ២០២៥ របស់ខេត្តពោធិ៍សាត់ កាលពីខែមករាកន្លងមក។

លោកបានដាក់បទបញ្ជាដូច្នេះថា៖«មានសំរាម អត់អភិបាលស្រុក មានអភិបាលស្រុក អត់សំរាម, មានសំរាម អត់មេឃុំ មានមេឃុំ អត់សំរាម»៕