
សហគមន៍ព្រៃឡង់ និងមន្រ្តីក្រសួងបរិស្ថាន បានរួមគ្នាប្រារព្ធពិធីបំបួសដើមឈើ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅព្រៃឡង់ ឱ្យបន្តគង់វង្ស នាពេលកន្លងមក។ រូបថត ក្រសួងបរិស្ថាន
ស្ទឹងត្រែងៈ បណ្ដាញសហគមន៍ព្រៃឡង់ទាំង៤ខេត្តប្រមាណ៣០០នាក់ កំពុងប្រារព្ធបុណ្យព្រៃឡង់ ក្នុងថ្ងៃទិវានៃក្ដីស្រលាញ់ ដើម្បី រំឭកគុណដល់ព្រៃឈើ បំបួសដើមឈើ និងអំពាវនាវឱ្យមានការចូលរួមអភិរក្សព្រៃឡង់ ក៏ដូចជាការពារធនធានធម្មជាតិនៅកម្ពុជាឱ្យបានគង់វង្ស។
លោក ហឿន សុភាព សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ មកពីខេត្តកំពង់ធំបានឱ្យដឹងថា បណ្តាញសហគមន៍មកពីខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារបានកំពុងតែប្រារព្ធបុណ្យព្រៃឡង់រយៈពេល២ថ្ងៃ គឺថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះ នៅសហគមន៍ព្រៃឈើ ឈើទាលព្រឹស ស្ថិតនៅក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្ដស្ទឹងត្រែង។
លោកថ្លែងថា៖«សមាជិកសហគមន៍ប្រមាណពី២០០ ទៅ៣០០នាក់កំពុងតែជួបជុំគ្នាប្រារព្ធបុណ្យព្រៃឡង់ ក្នុងនោះនឹងមានការបំបួសដើមឈើធំៗប្រភេទលេខ២ ប្រហែលជា១០០ដើមផងដែរ ដូចជាដើមកកោះ ត្រាច និងឈើទាលជាដើម»។ ក្រៅពីនោះ ក៏មាន ពិធីបន់ស្រន់សុំសេចក្ដីសុខតាមបែបជនជាតិដើមភាគតិចកួយ ហើយពិធីបំបួសដើមឈើធ្វើឡើងនៅថ្ងៃចុងក្រោយ គឺថ្ងៃសៅរ៍ ទី ១៥ ខែកុម្ភៈស្អែក។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត ដែលប្រារព្ធបុណ្យព្រៃឡង់ គឺជាអ្នកដែល កំពុងរស់នៅ និងអាស្រ័យផល មានជំនឿ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាជនជាតិដើមភាគតិចកួយ។ សហគមន៍បានលើកឡើងថា សេចក្តីស្រលាញ់របស់សហគមន៍ព្រៃឡង់ទៅកាន់ធនធានធម្មជាតិ ជីវចម្រុះ នៅក្នុងព្រៃឡង់មានទំហំធំធេងណាស់។
សេចក្តីប្រកាសរបស់បណ្តាញសហគមន៍ព្រៃឡើងបានឱ្យដឹងថា ការប្រារព្ធបុណ្យព្រៃឡង់ នេះគឺដើម្បី ឧទ្ទិស និងរំឭកគុណដល់ព្រៃឈើ និងបួងសួងសុំឱ្យព្រៃឡង់នៅគង់វង្ស ដើម្បីរក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងអាស្រ័យនឹងព្រៃឈើ។ បន្ថែមពីនោះ គឺដើម្បី ផ្សព្វផ្សាយ និងលើកកម្ពស់ ការយល់ដឹងដល់ប្រជាសហគមន៍ ក៏ដូចជាសាធារណជនទូទៅឱ្យបានដឹងថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ជាព្រៃការពារ ដែនជម្រកសត្វព្រៃ។
ពិធីនេះ ក៏ដើម្បី បង្ហាញនូវសក្កានុពលរបស់ព្រៃឡង់ ដល់សាធារណជនទូទៅ និងដើម្បីរួមចំណែកចូលរួមជាមួយបណ្តាញសហគមន៍ព្រៃឡង់ ក៏ដូចជារាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារធនធានធម្មជាតិព្រៃឡង់។
ដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវបានបង្កើតឡើងកាលពីខែឧសភា ឆ្នាំ ២០១៦ ដែលមានផ្ទៃដីជាង៤៣ម៉ឺនហិកតា ស្ថិតក្នុងខេត្តក្រចេះ កំពង់ធំ ព្រះវិហារ និងខេត្តស្ទឹងត្រែង។
មកដល់ពេលបច្ចុប្បន្ននេះ បទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃនេះ នៅតែបន្តកើតមាន បើទោះបីជាសមាជិកបណ្តាញព្រៃឡង់ មន្រ្តីក្រសួងបរិស្ថាន និងកម្លាំងពាក់ព័ន្ធផ្សេងៗទៀតនាំគ្នាល្បាតទប់ស្កាត់យ៉ាងណាក៏ដោយ៕