នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ រឹប​អូស​ទឹកឃ្មុំ​របស់​ក្រុមហ៊ុន Chan Honey Import Export ចំនួន ​១៣០​ធុង ដែល​មាន​ទម្ងន់​សរុប​ជិត ២០​តោន​ ដោយ​សង្ស័យ​ថា​ក្រុមហ៊ុន​នេះ​បាន​ក្លែង​បន្លំ​ប្រភព​ដើម​ទំនិញ ដែល​ជា​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា។

ការ​រឹប​អូស​នេះ​ធ្វើ​ឡើង​នៅ​​ទីតាំង​ក្រុមហ៊ុន​ផ្ទាល់​ដែល​ស្ថិត​នៅ​ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌច្បារ​អំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែកុម្ភៈ​កន្លង​ទៅ ដែល​​អនុវត្ត​ដោយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​កម្មសិទ្ធិ​បញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ ដោយ​មាន​វត្តមាន​លោក ឆាយ ហុង ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​មន្រ្តីសាខា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ  រាជ​ធានី​ភ្នំពេញ។

នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​អះអាង​ថា ការ​ចុះ​រឹប​អូស​នេះ​គឺ​ដោយ​សារ​តែ​មាន​ការ​«សង្ស័យ​ធ្វើ​ការ​នាំ​ចូល ស្តុក​ទុក​ទឹក​ឃ្មុំ​ក្លែង​បន្លំ​ប្រភព​ដើម​ទំនិញ»។

នាយក​ដ្ឋាន​ដដែល​បន្ត​ថា៖ «ដោយ​មាន​ភាព​សង្ស័យ​ចំពោះ​ទឹកឃ្មុំ​ទាំង​អស់​អាច​ជា​ផលិតផល​ក្លែង​បន្លំ​ប្រភព លោក​ព្រះរាជ​អាជ្ញារង​បាន​សម្រេច​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ដកហូត​ជា​បណ្តោះ​អាសន្ន ដោយ​រក្សា​ទុក​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​រួច​ធ្វើ​ការ​បិទ​ផ្លុំ​បេរ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​បន្ត និង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ជនជាតិ​វៀតណាម រួម​នឹង​បុគ្គល​ពាក់​ព័ន្ធ​ទៅ​សាក​សួរ​បំភ្លឺ​ នៅ​នាយកដ្ឋាន​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​ដើម្បី​បន្ត​នីតិវិធី។

ទោះ​បី​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវការ​ថា ក្រុមហ៊ុន​នេះ​ពិត​ជា​បាន​រំលោភ​ទៅ​លើ​កម្មសិទ្ធិ​បញ្ញាឬ​យ៉ាង​ណា​ក៏​ដោយ សមត្ថកិច្ច​ស្នើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​គោរពច្បាប់​ទាំង​ដើម្បី​លើក​កម្ពស់​កិតិ្តយស កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា ក៏ដូចជា​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគទុន។ នាយកដ្ឋាន​ដដែល​ក៏​បាន​ស្នើ​ឲ្យ​សាធារណជន​រាយការណ៍​ទៅ​សមត្ថកិច្ច​ករណី​ឃើញ ឬ សង្ស័យ​ពី​ការ​ស្តុក​ទុក​ទំនិញ​ក្លែង​បន្លំ​ប្រភព។

យោង​តាម​គេហទំព័រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន Chan Honey Import Export បាន​ចុះ​បញ្ជី​នៅ​ក្រសួង​នៅ​​ចុង​ឆ្នាំ​២០២១ ដើម្បី​ផលិត​ផលិតផល​សត្វ ការ​ចិញ្ចឹម​និង​ផលិតកម្ម​ឃ្មុំ។ ប៉ុន្តែ គោល​បំណង​របស់​ក្រុមហ៊ុន​នេះ​​ត្រូវ​បាន​កែប្រែ​ទៅ​លើ​សេវា​ផ្សេងៗ​ជា​បន្ត​បន្ទាប់៕