![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/15_2_2025_ooo.jpg)
រណ្ដៅរ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd មានទីស្ថិតនៅតំបន់អូខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រូបថត ហុង រស្មី
មណ្ឌលគិរី៖ ក្រុមហ៊ុន Renaissance Minerals Cambodia ជាបុត្រសម្ព័ន្ធរបស់ Emerald Resources ចុះបញ្ជីនៅអូស្ត្រាលី កំពុងកំណត់គោលដៅរបស់ខ្លួនលើគម្រោងថ្មីនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រុមហ៊ុនរុករករ៉ែមាសរបស់អូស្ត្រាលី ដែលឥឡូវនេះកំពុងផលិតមាសពី ៣០០ ទៅ ៤០០ គីឡូក្រាមក្នុងមួយខែ កំពុងត្រៀមខ្លួនដើម្បីចម្លងជោគជ័យរបស់ខ្លួននៅក្នុងខេត្តមណ្ឌលគិរី ជាមួយនឹងប្រតិបត្តិការរុករករ៉ែមាសថ្មីមួយ។
លោក គង់ ស៊ីថា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងថា៖ «វិស័យរ៉ែនេះមិនបញ្ចប់ត្រឹមអណ្ដូងរ៉ែមាសនេះនោះទេ ដោយក្រុមហ៊ុន Renaissance Minerals Cambodia នឹងបន្ដបើកមុខកាត់អណ្ដូង និងជម្រៅ ហើយក្រុមហ៊ុននៅមានគម្រោងមួយទៀត គឺនៅមេមុត ក្នុងឃុំជាំតាម៉ៅ»។
លោក ស៊ីថា មាននិយាយនៅការិយាល័យរ៉ែរបស់ក្រុមហ៊ុនកែវសីមាថា វាជាសញ្ញាល្អសម្រាប់ការអភិវឌ្ឍនៅឆ្នាំ ២០២៦ ឬ ២០២៧។
គម្រោង Okvau Gold Project របស់ក្រុមហ៊ុនដែលមានទីតាំងនៅចម្ងាយ ២៧៥ គីឡូម៉ែត្រភាគឦសាននៃរាជធានីភ្នំពេញ បានដាក់ទីតាំងក្រុមហ៊ុន Renaissance Minerals ជាប្រតិបត្តិការរុករករ៉ែមាសអន្តរជាតិឈានមុខគេរបស់កម្ពុជា។
រណ្ដៅរ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd មានទីស្ថិតនៅតំបន់អូខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោក Bernie Cleary នាយកគម្រោង Okvau Gold បាននិយាយថា៖ «ក្រុមហ៊ុនចាប់តាំងប្រមូលផលមាសលើកដំបូងនៅឆ្នាំ ២០២១ ចំនួន ១១ម៉ឺន អោនស៍ (ជាង ៣ តោន) ក្នុងមួយឆ្នាំ»។
គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៦ នៅពេលដែលការងាររុករកលើកដំបូងត្រូវបានធ្វើឡើងនៅ Okvau។ ដំណើរការនេះមានរយៈពេលយូរ ដោយបន្តរហូតដល់ឆ្នាំ ២០១៦។
នៅឆ្នាំ ២០១៧ ក្រសួងបរិស្ថានបានផ្តល់អាជ្ញាប័ណ្ណបរិស្ថាន ហើយនៅឆ្នាំ ២០១៨ ក្រសួងរ៉ែ និងថាមពល បានចេញអាជ្ញាប័ណ្ណរុករករ៉ែឧស្សាហកម្មដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា។
ការសាងសង់គម្រោងនេះបានចាប់ផ្ដើមនៅឆ្នាំ ២០២០ ហើយការចាក់មាសលើកដំបូងបានកើតឡើងនៅឆ្នាំ ២០២១។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/15_2_2025_ooo1.jpg)
នៅក្នុងដំណាក់កាលជីកបន្ដនេះ ក្រុមការងារត្រូវសិក្សាអំពីកត្ដាសុវត្ថិភាពដោយផ្ដោតលើជញ្ជាំងរណ្ដៅ និងចាប់ផ្ដើមខួងចន្លោះពី ៥ទៅ ១០ម៉ែត្រដើម្បីកំណត់ថា តើទីតាំងណាមានមាស និងទីតាំងណាអត់មានមាស។ រូបថត ហុង រស្មី
គិតត្រឹមដើមខែសីហា ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាទទួលបានជាង ១៣លានដុល្លារពីសកម្មភាពចម្រាញ់មាស។ នៅខែវិច្ឆិកា ឆ្នាំ ២០២៣ តួលេខនេះបានកើនឡើងដល់ជាង ១៤,៤ លានដុល្លារជាសួយសារពីផលិតកម្មមាស ដោយមិនរាប់បញ្ចូលពន្ធបង់ប្រាក់មុន ប្រាក់ខែលើពន្ធ ពន្ធកាត់ទុក និងពន្ធអត្ថប្រយោជន៍។
លោក Cleary បានបន្ដថា៖ «យើងមានគម្រោងរុករកនៅមេមត់ ដែលយើងសង្ឃឹមថានឹងមានប្រតិបត្តិការអភិវឌ្ឍន៍នៅទីនោះ និងសាងសង់រណ្ដៅរ៉ែមាសនៅទីនោះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។
លោកបានបន្តថា៖ «គោលដៅរបស់យើងគឺចាប់ផ្តើមការសាងសង់នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយក្នុងគោលបំណងឱ្យមានការជីកយករ៉ែមាសក្នុងរយៈពេលពីរទៅបីឆ្នាំ»។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន វាបានបង្ហាញពីសក្ដានុពលពិសេសនៃទុនបម្រុងមាសរបស់កម្ពុជា ជាមួយនឹងគម្រោងរុករករ៉ែជាច្រើនផ្សេងទៀតដែលកំពុងដំណើរការ រួមទាំងនៅស្នួល ឧត្តុង្គ និងព្រែកក្លង។
គម្រោងមេមត់ ដែលមានទីតាំងនៅឃុំជាំតាម៉ៅ គឺជាជំហានថ្មីដ៏មួយសម្រាប់ក្រុមហ៊ុន Renaissance Minerals ខណៈដែលវាបន្តបង្កើតទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន និងរដ្ឋាភិបាលកម្ពុជា។ទំនាក់ទំនងក្នុងស្រុក និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍វិស័យរុករករ៉ែរបស់កម្ពុជា។
លោក Cleary បានលើកឡើងថា៖ «យើងគឺជាផ្ដើមដំបូងគេនៅក្នុងប្រទេសកម្ពុជា ហើយយើងបានបង្កើតទំនាក់ទំនងរឹងមាំជាមួយសហគមន៍ដែលយើងធ្វើប្រតិបត្តិការ ក៏ដូចជាជាមួយរដ្ឋាភិបាលផងដែរ»។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/15_2_2025_ooo3.jpg)
រណ្ដៅរ៉ែបច្ចុប្បន្ននេះមានមុខកាត់ប្រវែង ៦០០ម៉ែត្រ និងជម្រៅ ២១០ ម៉ែត្រ ខណៈនឹងបន្ដជីករហូតដល់មុខកាត់ ៨០០ម៉ែត្រ និងជម្រៅ ៤១៥ម៉ែត្រ។ រូបថត ហុង រស្មី
លោកបញ្ជាក់ថា ក្រុមហ៊ុនបានបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជា ដោយ៩០ភាគរយនៃកម្លាំងការងារជាអ្នកក្នុងស្រុក រួមទាំងស្ត្រីផងដែរ។
ក្រុមហ៊ុនក៏ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួនផងដែរ ដោយធានាថា ប្រជាជនកម្ពុជាត្រូវមានជំនាញចាំបាច់ដើម្បីដំណើរការឧបករណ៍ និងគ្រឿងចក្ររុករករ៉ែ។
លោក Cleary បានចង្អុលបង្ហាញថា Okvau របស់ក្រុមហ៊ុនមិនត្រឹមតែជាប្រតិបត្តិការរុករករ៉ែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថែរក្សាជម្រកសត្វព្រៃផងដែរ ដោយមានសត្វជាច្រើនប្រភេទ ដូចជា ស្វា ក្ងោក និងសត្វក្តាន់ រួមរស់ក្នុងតំបន់អភិវឌ្ឍន៍គម្រោង។
លោកបន្ដថា៖ «យើងត្រូវតែធ្វើឱ្យប្រាកដថា មិនមានផលប៉ះពាល់ណាមួយជាមួយសត្វនោះទេ ដូច្នេះយើងត្រូវត្រួតពិនិត្យក្នុងរឿងនោះ។ យើងមានរបងការពាររបស់យើង ដូច្នេះមិនមានការបរបាញ់សត្វដោយខុសច្បាប់នៅតំបន់នេះជាមួយយើងទេ»។
ក្រុមហ៊ុន Renaissance Minerals ក៏បានដាក់ចេញនូវវិធានការត្រួតពិនិត្យបរិស្ថានយ៉ាងមត់ចត់ ដើម្បីធានាថាគុណភាពទឹក គុណភាពខ្យល់ និងសុខភាពនៃបរិស្ថានជុំវិញត្រូវបានវាយតម្លៃជានិច្ច។
លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ដោយជំរុញឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់លើបរិស្ថាន និងពង្រឹងសមត្ថភាពកម្មករកម្ពុជាឱ្យកាន់តែមានជំនាញ។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/15_2_2025_ooo5.jpg)
ក្រុមការងារកាយថ្មទាំងមានរ៉ែ និងគ្មានរ៉ែប្រមាណ ៥០ម៉ឺនម៉ែត្រគូបក្នុងមួយខែ ដោយទទួលបានថ្មរ៉ែចំនួន ២០ម៉ឺនម៉ែត្រគូប ឬ៣៥ភាគរយក្នុងមួយខែ។ រូបថត ហុង រស្មី
លោកបានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា នឹងមានក្រុមហ៊ុនមកអភិវឌ្ឍក្នុងវិស័យរ៉ែ និងវិស័យផ្សេងៗទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងខេត្ដមណ្ឌលគិរី»។
លោក គង់ ស៊ីថា បាននិយាយថា អ្នកដែលមិននៅក្នុងវិស័យរ៉ែ ប្រហែលជាមានការយល់ខុសចំពោះការងារនេះ ដែលចាត់ទុកថាជាវិស័យបំផ្លិចបំផ្លាញ និងគ្រោះថ្នាក់។
លោកបន្តថា៖ «វិស័យរ៉ែចាប់ផ្តើមនៅពេលក្រោយ ហើយជាវិស័យសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ»។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា នេះជាឱកាសរបស់ក្រុមអ្នកសារព័ត៌មានជាង ៥០នាក់មកពី ២០ស្ថាប័នដែលបានមកដល់ទីតាំងរ៉ែមាសក្នុងខេត្ដមណ្ឌលគិរី។
លោកបានថ្លែងថា៖ «យើងជាអ្នកពាំនាំផ្សាយព័ត៌មានទៅកាន់ពិភពលោក ដែលគ្រួសារយើងទាំងអស់ មិនមានគ្រួសារណាមួយមិនប្រើមាសនោះទេ។ មាសមាននៅស្រុកខ្មែរ ហើយយើងមកចេញពីស្រុកខ្មែរ»។
លោក គ្រី ឡាយហុក ជាវិស្វករនៅ Renaissance Minerals Cambodia បានឱ្យដឹងថា រណ្ដៅរ៉ែក្នុងតំបន់អូខ្វាវនេះត្រូវបានរចនា ឬជីកបាន ៧ ដំណាក់ និងកំពុងតែដំណើរការដំណាក់កាលទី ៨ ដែលមានជម្រៅជ្រៅ និងទំហំជាងមុន។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/15_2_2025_ooo4.jpg)
ល្បាយនៃសារធាតុរ៉ែដ៏មានតម្លៃ រួមមាន មាស ប្រាក់ និងទង់ដែង ត្រូវបានចម្រាញ់ចេញពីថ្មដែលមានមាសរហូតដល់ ៩០ ភាគរយ ហើយបរិមាណថ្ម ៥០០០តោន អាចចម្រាញ់យកមាសបាន ១០គីឡូក្រាម។ រូបថត ហុង រស្មី
លោកបានរៀបរាប់អំពីដំណើរការតាំងពីការខួងយកសំណាកពិនិត្យបរិមាណមាស បំផ្ទុះ ជីក និងដឹក ដោយចាប់ផ្ដើមពីកត្ដាសុវត្ថិភាពជាចម្បង។
លោក ឡាយហុក បាននិយាយថា៖ «នៅក្នុងដំណាក់កាលជីកបន្ដនេះ យើងត្រូវសិក្សាអំពីកត្ដាសុវត្ថិភាពដោយផ្ដោតលើជញ្ជាំងរណ្ដៅ និងចាប់ផ្ដើមខួងចន្លោះពី ៥ទៅ ១០ម៉ែត្រដើម្បីកំណត់ថា តើទីតាំងណាមានមាស និងទីតាំងណាអត់មានមាស»។
បន្ទាប់ពីឌីហ្សាញរួច ម៉ាស៊ីនខួងពីរចាប់ផ្ដើមដំណើរការទាំងវេនថ្ងៃ និងវេនយប់ ដោយខួង ៤០០ម៉ែត្រក្នុងមួយថ្ងៃ និងយកសំណាកពីការខួងទៅពិនិត្យក្នុងមន្ទីរពិសោធន៍លើគុណភាពមាស។
ចំពោះការបំផ្ទុះ ក្រុមជំនាញត្រូវកំណត់ទីតាំងឱ្យបានជាក់លាក់ និងប្រើប្រាស់រំសេវទៅតាមស្ដង់ដាស្របតាមជម្រៅ និងគម្លាត។
ក្រោយការបំផ្ទុះ ក្រុមការងារដឹកជញ្ជូនដែលមានរថយន្ដធុនធំជាមួយទម្ងន់ផ្ទុកជិត១០០តោនក្នុងមួយគ្រឿងចំនួន ១២ គ្រឿង និងធុនមធ្យមជាមួយទម្ងន់ផ្ទុក ៥០តោនចំនួន ៣គ្រឿង។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/15_2_2025_ooo2.jpg)
លោក Bernie Cleary នាយកគម្រោង Okvau Gold ផ្ដល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានមកពី ២០ស្ថាប័ននៅក្បែររណ្ដៅរ៉ែមាសស្រុកកែវសីម៉ា។ រូបថត ហុង រស្មី
លោកបានឱ្យដឹងថា៖ «យើងកាយថ្មទាំងមានរ៉ែ និងគ្មានរ៉ែប្រមាណ ៥០ម៉ឺនម៉ែត្រគូបក្នុងមួយខែ ដោយទទួលបានថ្មរ៉ែចំនួន ២០ម៉ឺនម៉ែត្រគូប ឬ៣៥ភាគរយក្នុងមួយខែ»។
ថ្មរ៉ែត្រូវបានយកទៅកិន និងចម្រាញ់បន្ដនៅរោងចក្រ ខណៈការសំណល់ថ្មត្រូវបានយកទៅចាក់នៅ (waste dump) ទីតាំងសំណល់។
លោក ឡាយហុក បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ នៅក្បែររណ្ដៅរ៉ែថា៖ «ល្បាយនៃសារធាតុរ៉ែដ៏មានតម្លៃ រួមមាន មាស ប្រាក់ និងទង់ដែង ត្រូវបានចម្រាញ់ចេញពីថ្មដែលមានមាសរហូតដល់ ៩០ ភាគរយ ហើយបរិមាណថ្ម ៥០០០តោន អាចចម្រាញ់យកមាសបាន ១០គីឡូក្រាម»។
វិស្វករកូនខ្មែររូបនេះ បានឱ្យដឹងថា រណ្ដៅរ៉ែបច្ចុប្បន្ននេះមានមុខកាត់ប្រវែង ៦០០ម៉ែត្រ និងជម្រៅ ២១០ ម៉ែត្រ ខណៈនឹងបន្ដជីករហូតដល់មុខកាត់ ៨០០ម៉ែត្រ និងជម្រៅ ៤១៥ម៉ែត្រ៕