
រូបភាពមានមាត្រដ្ឋានតូច បង្ហាញពីការឆេះនៅកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ដែលត្រូវបានថតពីគេហទំព័រអង្គការ NASA ហើយត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម។ FB
ក្រសួងបរិស្ថានបញ្ជាក់ថា ពុំមានការឆេះព្រៃធ្ងន់ធ្ងរនៅកម្ពុជាទេ ប៉ុន្តែគ្រាន់តែជាការឆេះស្មៅ សំរាមស្បូវ និងជញ្ជាំងស្រូវ តែប៉ុណ្ណោះ ដែលខុសពីការផ្សព្វផ្សាយរបស់វេបសាយឧតុនិយមខ្លះ និងការចែករំលែកនូវព័ត៌មានអំពីករណីភ្លើងឆេះ hotspot នៅលើបណ្ដាញសង្គម។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងបរិស្ថានបញ្ជាក់ថា អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ដែលជាអង្គភាពជំនាញបានតាមដានជាប្រចាំនូវករណីភ្លើងឆេះនេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជំនាញក្នុងតំបន់ ពិសេសមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន និងបានធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែង នៅទីវាលផងដែរ។
សេចក្ដីប្រកាសព័ត៌មានលើកឡើងថា៖ «ជាលទ្ធផល ដូចសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិបានបញ្ជាក់ស្រាប់រួចហើយគឺ ពុំមានការឆេះព្រៃធ្ងន់ធ្ងរទេ ប៉ុន្តែគ្រាន់តែជាការឆេះស្មៅ សំរាមស្បូវ និងជញ្ជាំងស្រូវ តែប៉ុណ្ណោះ»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ធ្វើឡើងបន្ទាប់ពីមានការចែករំលែករូបភាពភ្លើងឆេះព្រៃ និង តំណភ្ជាប់ទៅគេហទំព័រដែលបង្ហាញ «ហាក់បីដូចជាកម្ពុជាទាំងមូល ត្រូវបានឆេះក្រហមឆ្អៅ»។
ក្រសួងបរិស្ថានបញ្ជាកថា រូបភាព និង ផែនទី ដែលបង្ហាញរូបភាពបែបនេះ គឺយកមាត្រដ្ឋានតូច មិនអាចកំណត់បានថាជាកន្លែងណាមួយឱ្យច្បាស់លាស់ ហើយចាត់ទុកថាជាព័ត៌មាន និងរូបភាពមិនពិត ដែលធ្វើឱ្យមានការភាន់ច្រឡំទៅលើការពិតជាក់ស្តែង។
ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបញ្ឈប់ការដុតស្មៅ សំរាម ជញ្ជាំងស្រូវ និងស្នើដល់អង្គភាពថ្នាក់ក្រោមជាតិទាំងអស់ ឲ្យយកចិត្តទុកដាក់ និងធ្វើការអប់រំ ដល់ប្រជាពលរដ្ឋអំពីករណីនេះ៕