
អ្នកដំណើរកំពុងរង់ចាំជិះទូកនៅផែកោះរ៉ុង កាលពីខែធ្នូ ឆ្នាំ២០២៤។ សហការី
រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាជាង ១៤ម៉ឺនដុល្លារដល់រដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីសាងសង់កំពង់ផែថ្មីមួយក្នុងសង្កាត់កោះរ៉ុង ដែលនឹងជួយសម្រួលការដឹកជញ្ជូនរវាងកោះរ៉ុង និងដីគោក។
លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងក្នុងពិធីផ្ដល់ជំនួយឥតសំណងនេះ កាលពីថ្ងៃទី១៤ ខែកុម្ភៈថា៖ «កំពង់ផែថ្មីនេះនឹងសម្រួលដល់ប្រជាជនមូលដ្ឋានប្រមាណ ៣ពាន់នាក់ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ ដូចជាគាំទ្រសកម្មភាពរបស់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ននានា»។
ជំនួយនេះស្ថិតក្នុងគម្រោងសាណូណិរបស់ជប៉ុន ឬ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។

ឯកអគ្គរាជទូតជប៉ុន អ៊ូអិណូ អាត់ស៊ូស៊ី និង អភិបាលក្រុងកោះរ៉ុ នួន ប៊ុនថុល (ឆ្វេង) កំពុងពិនិត្យរូបថតគម្រោង កាលពីថ្ងៃទី១៤ ខែកុម្ភៈ។ ស្ថានទូតជប៉ុន
នៅថ្ងៃដដែលនេះ រាជរដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ថវិកាជាង ៦៣.០០០ដុល្លារ ដើម្បីដំឡើងម៉ាស៊ីនផលិតឧបករណ៍ថ្មីមួយជំនួសឲ្យម៉ាស៊ីនផលិតចាស់ដែលមុខងារមានកម្រិត នៅរោងចក្រផលិតគ្រឿងបង្គុំអវយវៈមួយកន្លែងនៅទីក្រុងភ្នំពេញ។
ជាមួយនឹងម៉ាស៊ីនថ្មីនេះ ឯកអគ្គរាជទូតជប៉ុនសង្ឃឹមថា វានឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងគុណភាពក៏ដូចជាចំណាយ ពេលវេលាតិចជាងមុនដើម្បីផលិតឧបករណ៍សិប្បនិម្មិតនៅក្នុងរោងចក្រនេះ។
លោក អ៊ូអិណូ ថ្លែងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានសង្កេតឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជានាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមជាច្រើន ដែលជប៉ុនអាចជួយបាន ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ដូច្នេះ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំងទាំង«គូសាណូណិ» ផងដែរ។
គូសាណូណិ បានចាប់ផ្ដើមនៅកម្ពុជានៅឆ្នាំ១៩៩១ ដែលគិតមកទល់ពេលនេះ មានទឹកប្រាក់សរុបជាង ៧០លានដុល្លារ ដែលត្រូវបានផ្ដល់សម្រាប់គម្រោងខ្នាតតូចចំនួន ៦៩៤ គម្រោងនៅទូទាំងប្រទេស៕