ភ្នំពេញៈ «ផ្ទុះសេខ្សែភ្លើង» គឺជាមូលហេតុបណ្តាលឱ្យមានអគ្គិភ័យបំផ្លាញរោងចក្រកាត់ដេរសំលៀកបំពាក់ ហ្វ័រម៉ាត (ខេមបូឌា) ខូលអិលធីឌី (Foremart Cambodia Co.,LTD) ក្នុង​ខណ្ឌ​ដង្កោ កាលពីថ្ងៃអង្គារសប្តាហ៍មុន។ បើទោះបីជាមិនបណ្តាលឱ្យមាន របួស ឬស្លាប់ អគ្គិភ័យនេះបានធ្វើឱ្យកម្មករជាង៤០០នាក់បាត់បង់ការងារនាពេលនោះ។ ទោះយ៉ាងណា ក្រ​សួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីរោងចក្របានប្រកាសឱ្យកម្មករ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

អធិការនគរបាលខណ្ឌដង្កោ លោកជឹម ស៊ីថាបានប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈនេះថា ក្រោយពេលឧបទ្ទវហេតុអគ្គិភ័យនេះមក មន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរបានធ្វើការស្រាវជ្រាវរកមូលហេតុ នៃភ្លើងឆេះនេះអស់រយៈពេលប្រមាណជា៣ថ្ងៃ។

លោកបញ្ជាក់ថា៖«ឥលូវសន្និដ្ឋានដឹងហើយ ខាងបច្ចេកទេសក្រសួង ក្រុមការងារជំនាញទាំងអស់ហ្នឹងបានត្រួតពិនិត្យទៅឃើញថាផ្ទុះសេខ្សែភ្លើង។ ជំនាញចុះពិនិត្យមើលទាំងកាមឺរ៉ា អីទាំងអស់ទៅ គឺឃើញអគ្គិភ័យហ្នឹងបណ្តាលមកពីផ្ទុះសេខ្សែភ្លើង។​ លទ្ធផលចុះត្រួតពិនិត្យ៣ថ្ងៃហ្នឹង លទ្ធផលចេញមកអញ្ជឹង»។

ទោះយ៉ាងណា ចំពោះការវាយតម្លៃ នៃការខូចខាត ដែលបណ្តាលមកពីអគ្គិភ័យបំផ្លាញទាំងស្រុងនេះ នៅមិនទាន់ដឹងនោះទេ។ ចំពោះគម្រោងសាងសង់ឡើងវិញ ឬយ៉ាងណានោះ គឺវាអាស្រ័យលើការចរចាវាងម្ចាស់ដី និងរោងចក្រ ដែលជារឿងផ្ទៃក្នុងរបស់ភាគីទាំង២។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជូនដំណឹងដល់កម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត ដែលទទួលរងឧបទ្ទវហេតុអគ្គិភ័យថា ក្រសួងនឹងសហការជាមួយ រោងចក្រ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនពួកគាត់ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះតទៅ។

កម្មករនិយោជិត ត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា បណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារ កម្មករនិយោជិត ឬបណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។

ក្រៅពីនោះ ក៏ត្រូវភ្ជាប់ទៅជាមួយនឹងបណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ ប្រសិនបើមាន។

បន្ថែមពីនោះ ក្រសួង ក៏បានអំពាវនាវដល់កម្មករនិយោជិត ដែលមិនទាន់ទទួលបានការងារថ្មីធ្វើ ឱ្យទៅទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែល ប្រចាំការនៅរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅ ក្នុងបរិវេណក្រសួងការងារផងដែរ។

កាលពីល្ងាចថ្ងៃទី ១១ ខែកុម្ភៈ អគ្គិភ័យបានឆាប់ឆេះរោងចក្រនេះ ហើយរហូតដល់ម៉ោងជិត១១យប់ ថ្ងៃដដែលនោះ ទើបត្រូវបានគ្រប់គ្រងបាន បន្ទាប់ពីមានអន្តរាគមន៍ពីរថយន្តអគ្គិភ័យជាង៥០គ្រឿង ដោយប្រើប្រាស់ទឹកអស់ជាង៧០០ម៉ែត្រគូប។

ម្ចាស់រោងចក្រនេះមានឈ្មោះ YOO MIWOL ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង។ ប្រភេទសំណង់រោងចក្រនេះ ធ្វើពី ថ្មប្រក់ស័ង្កសី ទំហំ ១០ ០០០ម៉ែត្រការ៉េ ៕