ព្រះមហាក្សត្រ​​ទ្រង់​​គូស​បញ្ជាក់​ទី​តួនាទី​ដ៏​សំខាន់​របស់​វត្ត​អារាម​នៅ​ក្នុង​សង្គម​ខ្មែរ ​ដែល​មិន​អាច​កាត់​ផ្ដាច់​ពី​គ្នា​បាន​រវាង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ និង ការ​អភិវឌ្ឍ​សង្គម​ជាតិ។

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជ​ឱង្ការ​ដូច្នេះ​នៅ​ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​មហាកុដិ​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត និង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស​សាស្រ្តា​ស្លឹករឹត​ខ្មែរ ព្រម​ទាំង​សមិទ្ធផល​នានា ស្ថិត​ក្នុង​វត្ត​ឧណ្ណាលោម នៅ​ព្រឹក​ថ្ងៃ​ទី១៧​ ខែ​កុម្ភៈ​នេះ។

ព្រះ​អង្គ​បាន​មាន​ព្រះរាជ​ឱង្ការ​ថា វត្ត​អារាម​គឺ​ជា​ទី​បណ្ដុះ​នូវ​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ ហើយ​ក៏​ជា​កន្លែង​ដែល​បាន​ផ្តល់​កំណើត​ដល់​វចនានុក្រម​ខ្មែរ តាម​រយៈ​ការ​លះ​បង់​ដ៏​ធំធេង​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ពេញ​មួយ​ជីវិត​របស់​ព្រះ​អង្គ។

ព្រះ​អង្គ​មាន​​ព្រះរាជ​ឱង្ការ​បន្ត​ថា វត្ត​អារាម​បាន​ក្លាយ​ទៅ​ជា​ចលករ​មួយ​ដែល​មិន​អាច​កាត់​ផ្តាច់​ចេញ​ពី​គ្នា​រវាង​ដំណើរ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ប្រចាំ​ថ្ងៃ និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ដែល​ធ្វើ​ឲ្យ​វត្តអារាម និង​សង្គម​គឺ​តែ​មួយ។

តាំង​ពី​សម័យ​បុរាណ​រហូត​ដល់​បច្ចុប្បន្ន វត្ត​អារាម​របស់​ព្រះពុទ្ធសាសនា​ខ្មែរ​បាន​រួម​វិភាគ​ទាន​ដ៏ សំខាន់​ដល់​សង្គម ដូចជា​​ការ​ជំរុញ ​បណ្ដុះ​សីលធម៌ គុណធម៌ ដែល​ជា​ផ្នែក​មួយ​នៃ​ពុទ្ធចរិយាសាស្ត្រ ធ្វើ​ឱ្យ​សង្គម​ខ្មែរ​មាន​សុខដុមនីយកម្ម​ទាំង​សាសនា និង​សង្គម។

វត្ត​អារាម​ខ្មែរ បាន​ក្លាយ​ទៅ​ជា​ទីកន្លែង​អប់រំ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត កសាង​ធនធាន​មនុស្ស​ឱ្យ​មាន​ចំណេះ​ដឹង​គ្រប់​បែប​យ៉ាង។

ព្រះ​អង្គ​មាន​​ព្រះរាជ​ឱង្ការ​ដូច្នេះ​ថា៖ «វត្ត​អារាម​ខ្មែរ គឺ​ជា​ឃ្លាំង​សម្រាប់​រក្សា​ទុក​នូវ​មត៌ក​វប្បធម៌ ប្រពៃណី ចំណេះ​ដឹង​ដ៏​សំបូរ​បែប ដែល​ផ្តល់​គុណ​តម្លៃ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​មិន​ចេះ​រីង​ស្ងួត​ឡើយ។ វត្តអារាម​ខ្មែរ គឺ​ជាទី​កន្លែង​ដ៏​ទូលាយ​ក្នុង​ការ​បញ្ជ្រាប​និង​ថែ​រក្សា​អត្តសញ្ញាណ ព្រលឹង​ជាតិ ​ដ៏​សំខាន់​តាំង​តែ​ពី​បរម​បុរាណ​ដរាប​រៀង​មក»។

វត្តអារាម​ជួយ​ផ្តល់​កន្លែង​ស្នាក់​នៅ បួស​រៀន​សូត្រ​ចំណេះ​ដឹង​ទូទៅ​ដល់​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត ដែល​ក្នុង​ចំណោម​នោះ​មាន​មួយ​ចំនួន​បាន​ក្លាយ​ទៅ​ជា​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ការ​បម្រើ​រដ្ឋ។ នេះ​ជា​ព្រះ​អង្គ​មាន​​ព្រះរាជ​ឱង្ការ​របស់​ព្រះអង្គ។

ព្រះករុណា​ទ្រង់​ក៏​បាន​កោត​សរសើរ​ដល់​ថ្នាក់​ដឹកនាំ​កម្ពុជា រួម​មាន​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែល​បាន​ធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា និង​វត្ត​អារាម​ខ្មែរ​មាន​ព្រលឹង​រស់​ឡើង​វិញ។

ព្រះអង្គ​ក៏​បាន​លើក​ឡើង​ពី​គោល​នយោបាយ​សម​ស្រប​របស់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ដែល​ធ្វើ​ឲ្យ​សង្គម​រីក​ចម្រើន និង​មាន​ស្ថិរភាព ជា​ពិសេស​នោះ​គឺ​និង​មិន​អាច​មាន​បុគ្គល​ណា​ប្រមាថ ឬ ប្រទូសរ៉ាយ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ឡើយ៕