
ក្រុមអ្នកចូលរួមពីបណ្តាប្រទេសទាំង៦កំពុងពិភាក្សាគ្នា ជាមួយនឹងកម្ពុជាពីការពង្រឹងការងារអភិរក្សសត្វត្មាត ដែលនៅសេសល់នៅក្នុងពិភពលោក។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ កម្ពុជា និងប្រទេសចំនួន៦ ដែលភាគច្រើននៅមានវត្តមានសត្វត្មាត កំពុងតែជួបពិភាក្សាគ្នាជាលើកដំបូង ដើម្បីពង្រឹងការអភិរក្សសត្វត្មាតនៅក្នុងពិភពលោក ខណៈពេលដែលកម្ពុជាមានវត្តមានប្រភេទសត្វជិតផុតពូជបំផុតនេះរហូតដល់ទៅជាង១០០ក្បាល។
ជំនួបនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីការអភិរក្សសត្វត្មាត ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈនេះ ដែលជាឱកាសមួយសម្រាប់ក្រុមអ្នកអភិរក្សបរិស្ថានជាតិ និងអន្តរជាតិ រៀបចំផែនការសកម្មភាព ដើម្បីដោះស្រាយ ការគំរាមកំហែងដល់សត្វត្មាត។
ចំពោះកម្ពុជា វាក៏ជាឱកាសមួយ សម្រាប់ចែករំលែកការអភិរក្សសត្វត្មាតជូនគណៈប្រតិភូតំណាងប្រទេស ដែលនៅមានវត្តមានសត្វត្មាតដូចជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា (CVWG) និងក្រសួងបរិស្ថាន នៅសណ្ឋាគារភ្នំពេញអ៉េរា ក្នុងរាជធានីភ្នំពេញ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជា សំអាង បានចាត់ទុកវេទិកានេះថា ជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកជំនាញ បានបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តនានា ដើម្បីធានាបាននូវអនាគតដ៏មានសុវត្ថិភាព សម្រាប់សត្វត្មាត ដែលជិតផុតពូជនៅក្នុពិភពលោក។
លោករដ្ឋលេខាធិការលើកឡើងថា៖«កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រភេទសត្វត្មាតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ អស់រយៈពេលជិត២ទសវត្សរ៍មកហើយ ដែលក្រសួងបរិស្ថាន និងក្រុមការងារសត្វត្មាតកម្ពុជា បានធ្វើការក្នុងភាពជាដៃគូជិតស្និទ្ធ ដើម្បីការពារសត្វត្មាតរស់នៅទាំង៣ប្រភេទរបស់កម្ពុជា»។
លោកបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត រួមគ្នានេះ កម្មវិធីជាច្រើន ត្រូវបានអនុវត្ត នៅទូទាំងតំបន់ការពារជាច្រើន ដើម្បីដោះស្រាយការគំរាមកំហែងសំខាន់ៗ តាមដានចំនួនប្រជាសាស្ត្រ និងធានាការរស់រានមានជីវិតរយៈពេលវែងរបស់ពួកវា។
នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia Organization) លោក ប៊ូ វរសក្ស បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសឥណ្ឌូចិន ដែលនៅមានសត្វត្មាតជិតផុតពូជទាំង៣ប្រភេទនេះ។
លោកបញ្ជាក់ថា «ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ យើងអាចបញ្ជាក់បានថា ចំនួនប្រជាសាស្ត្រសត្វត្មាតនៅកម្ពុជា ស្ថិតក្នុងស្ថានភាពថេរ ដោយតាមទិន្នន័យជំរឿនចុងក្រោយនេះ ចំនួនរបស់ពួកវាទាំងបីប្រភេទ មានប្រហែល១៣០ក្បាល»។
អ្នកជំនាញបានលើកឡើងថា សត្វត្មាត កំពុងតែរងការគំរាមកំហែងពីកត្តាជាច្រើន។ ក្នុងនោះរួមមាន ការបំពុល កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាព រំខានដោយមនុស្ស ដែលនេះ ត្រូវតែមានកិច្ចសហប្រតិបត្តិការពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់។
ប្រទេសជិតខាងកម្ពុជា ដូចជាវៀតណាម និង ថៃ សត្វត្មាត បានផុតពូជអស់ទៅហើយ។ ក្នុងឱកាសនេះ ក៏មានអ្នកជំនាញមកពីប្រទេសថៃ ដែលមានគម្រោងសិក្សាពីការត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីបង្កើតឱ្យមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
លោកស្រី Jemima Parry-Jones ប្រធានសមាគម នៃអង្គការមកពីប្រទេសចំនួន៦សម្រាប់ការសង្គ្រោះសត្វត្មាតអាស៊ីពីការផុតពូជ (SAVE) បានអំពាវនាវឱ្យមានការចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយសារវាជាអ្នកដែលសម្អាតបរិស្ថាន ដោយស៊ីគម្រង់ សាកសពសត្វផ្សេងទៀតជាអាហារ។
លោកស្រីថ្លែងដូច្នេះថា៖«ការការពារ និងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏ មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ព្រមទាំងជាតម្លៃសម្រាប់ការអភិរក្សជីវចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ»។
SAVE គឺជាសម្ព័ន្ធ នៃដៃគូស្ថាប័នអភិរក្សមកពីប្រទេសជាច្រើនជុំវិញអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលខិតខំប្រឹងរួមគ្នា ដើម្បីការពារការរស់រានមានជីវិតរបស់សត្វត្មាតនៅទ្វីបអាស៊ី។
ត្មាតត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។
សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពបរិស្ថាន។ វាក៍ត្រូវចាត់ទុក ជាសត្វមានតម្លៃសម្រាប់វិស័យទេសចរណ៍ធម្មជាតិ។
ទោះជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារមូលហេតុចម្បងព២គឺ កង្វះអាហារ និង ការស្លាប់បណ្តាលមកពីការស៊ីសាកសពសត្វពុល ដែលបង្កដោយមនុស្ស។
ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា។
ក្នុងនោះរួមមាន សមាសភាពបច្ចេកទេសចូលរួមពី នាយកដ្ឋានជំនាញ នៃក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងអង្គការអភិរក្សនានារួមមាន ACCB, NatureLife Cambodia, Rising Phoenix, WCS, WWF, CBGA, SVC-Tours និងមជ្ឈមណ្ឌលសម្រាប់អភិរក្សជីវចម្រុះ។
ក្នុងរយៈពេល២ថ្ងៃបន្ទាប់ អ្នកចូលរួម នឹងទទួលបានព័ត៌មានពីការធ្វើបច្ចុប្បន្នភាពពីក្រុមការងារអន្តរជាតិមកពី៦ប្រទេស ការពិភាក្សា ស្វែងយល់អំពីប្រធានបទសំខាន់ៗមួយចំនួន រួមទាំងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាបន្ទាន់ចំពោះសត្វត្មាត ការរួមចំណែករបស់ក្រុមការងារ និងផែនការសកម្មភាពជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការឆ្លងដែនផងដែរ។
ក្រៅពីនោះ គណៈប្រតិភូនឹងមានឱកាសស្វែងយល់ បន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែង អភិរក្សសត្វត្មាតរបស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចសិក្សា នៅដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង។
នៅទីនោះ ពួកគេនឹងស្វែងយល់អំពីសារៈសំខាន់ នៃភោជនីយដ្ឋានសត្វត្មាត និងលទ្ធផលនៃវេទិកាសំបុកសិប្បនិម្មិត។
អង្គការជិវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីខែមេសា ឆ្នាំ ២០២៤ មក អង្គការ និងឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃលំផាត់ ដោយមានការគាំទ្រហិរញ្ញវត្ថុពី Mandia Nature និង BirdLife International – Asia បានរៀបចំអាហារដ្ឋានត្មាតចល័តប្រចាំខែ ដើម្បីតាមដានវត្តមានសត្វត្មាតភ្លើងនៅក្នុងតំបន់ទេសភាពនៃដែនជម្រកសត្វព្រៃលំផាត់។
ទីតាំងសក្តានុពលចំនួន៤ នៃតំបន់ទេសភាពនេះត្រូវបានជ្រើសរើសសម្រាប់រៀបចំជាទីតាំងសំរាប់ផ្តល់ចំណីនេះ។ រហូតមកដល់ពេលនេះ សត្វត្មាតភ្លើងត្រូវបានកត់ត្រានៅទីតាំងអាហារដ្ឋានត្មាតចំនួន២ក្នុងចំណោមទាំង៤ ដែលនេះជាកត្តាលើកទឹកចិត្តសម្រាប់ការអភិរក្សប្រភេទសត្វដែលជិតផុតពូជបំផុតនេះ។
អាហារដ្ឋានសត្វត្មាតចល័ត២ចុងក្រោយនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ និងខែមីនា ឆ្នាំ ២០២៥។ លទ្ធផលពេញលេញនៃការធ្វើជំរឿន នឹងត្រូវចែករំលែកនៅពេលបញ្ចប់។
ការធ្វើជំរឿនសត្វត្មាតកាលពីឆ្នាំ ២០២៣ កន្លងមក បានរកឃើញសត្វត្មាតចំនួន ១៣១ ក្បាលនៅកម្ពុជា។ ក្នុងនោះរួមមានត្មាតភ្លើងចំនួន ១២ក្បាល ត្មាតផេះ ៧៧ក្បាល និង ត្មាតត្នោតចំនួន ៤២ក្បាល៕