
សកម្មភាពពន្លត់ភ្លើងឆេះព្រៃ នៅសត្វភ្នំតាម៉ៅ កាលពីថ្ងៃទី១១ ខែកុម្ភៈនេះ។ រូបថត Wildlife Care
តាកែវៈ បន្ទាប់ពីភ្លើងឆេះព្រៃក្នុងតំបន់ការពារ នៃសួនសត្វភ្នំតាម៉ៅអស់ប្រមាណជា ១៥ហិកតា ដែលសង្ស័យថា មានគេលួចដុតនោះមក ក្រុមអភិរក្សសត្វព្រៃបានទទូចឱ្យមានការចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ជាពិសេសនៅពេល ដែលស្លឹកឈើជ្រុះ ងាយនឹងឆាប់ឆេះ ចាប់ពីខែកុម្ភៈនេះ។
ភ្លើង ដែលបានបំផ្លាញព្រៃអស់ប្រមាណ១៥ហិកតា ក្នុងចំណោមជាង២ពាន់ហិកតា នៃសួនសត្វភ្នំតាម៉ៅកាលពីសប្តាហ៍មុននោះ បានបង្កផលប៉ះពាល់ដល់ព្រៃធម្មជាតិ ជម្រកសត្វព្រៃ សត្វព្រៃ និងដើមឈើ ដែលទើបតែបានដាំជាដើម។ នេះបើយោងតាម មន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោកទ្រី ស៊ីថេង។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃអង្គារ ទី១៨ កុម្ភៈនេះថា៖« ព្រៃហ្នឹង បើខ្ញុំគិតមិនឱ្យខុសទេ ប្រហែលជាមានគេលួចដុត។ វាឆេះអស់រហូតដល់ទៅ១៥ហិកតា។ ឆេះ ប៉ះពាល់កូនឈើ ដែលយើងទើបតែដាំបានរយៈពេល២ឆ្នាំហ្នឹង។ សត្វព្រៃខ្លះ ដែលរស់នៅក្នុងហ្នឹង បានបាត់បង់ជម្រកព្រៃធម្មជាតិ»។
ថ្នាក់ដឹកនាំសួនសត្វភ្នំតាម៉ៅ បុគ្គលិកសួនសត្វ ក្រុមឆ្មាំព្រៃ រួមនឹងអាជ្ញាធរមូលដ្ឋានស្រុកបាទីបានចូលរួមសហការគ្នាពន្លត់ភ្លើងឆេះព្រៃនេះ។
ក្រុមអភិរក្សសត្វព្រៃនៅសួនសត្វ បានសំដែងការសោកស្តាយ ចំពោះការបាត់បង់ ដោយសារតែភ្លើងឆេះព្រៃនេះ ជាពិសេស គឺអាណិតប្រភេទសត្វព្រៃ។
ពួកគេបានចោទជាសំណួរតាមរយៈបណ្តាញសង្គមដូច្នេះថា៖«ពេលឃើញឆេះព្រៃបែបនេះ តើបងប្អូន មានអារម្មណ៍បែបម៉េច? សម្រាប់ពួកខ្ញុំ ពេលឃើញភ្លើងឆេះបែបនេះ គឺមានអាម្មណ៍មួយសោកស្តាយ។ មានអារម្មណ៍អាណិតទាំងព្រៃ អាណិទាំងសត្វព្រៃ។ សត្វព្រៃជាច្រើនបានរងគ្រោះដោយសារតែភ្លើងឆេះព្រៃ ដូចជាប្រភេទសត្វល្មូន សត្វដែលមិនអាចរត់រួចពីភ្លើងបាន វានឹងស្លាប់ដោយសារតែភ្លើង ឆេះដល់សំបុក។ សត្វខ្លះពងនៅដី ខ្លះពងនៅចុងឈើ តែបើភ្លើងឆេះហើយងាប់តែទាំងអស់ហ្នឹង»។
នៅពេលដែលស្លឹកឈើចាប់ផ្តើមជ្រុះ ដែលងាយនឹងឆាប់ឆេះនោះ ក្រុមអភិរក្សបានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកដែលចូលចិត្តទៅកំសាន្តនៅតាមតំបន់ព្រៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភ្លើងក្នុងការចំអិនអាហារ ឬអាំងសាច់។
ម្យ៉ាងវិញទៀត អ្នកជក់បារី ឬរកឃ្មុំ ក៏មិនត្រូវធ្វេសប្រហែសបង្កឱ្យមានភ្លើងឆេះព្រៃនោះផងដែរ។
ពួកគេបានអំពាវនាវថា៖«ចាប់ពីខែ២ ស្លឹកឈើចាប់ផ្តើមជ្រុះ ហើយវាក្រៀម អញ្ជឹងវាងាយនឹងឆាប់ឆេះ។ សូមចូលរួមប្រុងប្រយ័ត្នភ្លើងឆេះព្រៃ...អាណិតទាំងព្រៃ អាណិតទាំងសត្វព្រៃ។ ព្រៃគឺជាផ្ទះរបស់សត្វព្រៃ»។
សួនសត្វភ្នំតាម៉ៅ ត្រូវបានរាជរដ្ឋាភិបាលប្រកាស បង្កើតជា ឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២ ០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី កាលពីឆ្នាំ២០២២។
សួនឧទ្យាននេះត្រូវបានបែងចែកជា ៣តំបន់ធំៗ។ ក្នុងនោះរួមមាន តំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃ សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកប ដោយនិរន្តរភាព ទំហំ ១ ០២១ ហិកតា, តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួនភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ទំហំ ៥៣០ ហិកតា។
ចុងក្រោយគឺ តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្រ្គោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបំរើសេវាទេសចរណ៍ ទំហំ ៤៧៤ហិកតា៕