
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានបរិស្ថានខេត្តមណ្ឌលគិរីថ្មី កាលពីថ្ងៃទី១០ ខែកុម្ភៈនេះ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ប្រធានមន្ទីរបរិស្ថានចំនួន៤រូប នៅក្នុងខេត្ត ដែលសម្បូរដោយធនធានធម្មជាតិ ត្រូវបានតែងតាំងថ្មី នាពេលថ្មីៗនេះ ហើយត្រូវបានណែនាំឱ្យបង្កើនកិច្ចសហការល្អ ជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការងារគ្រប់គ្រងធនធានធម្មជាតិ និងបង្កើនប្រសិទ្ធភាពការងារក្នុងវិស័យបរិស្ថាន។
ប្រធានមន្ទីរបរិស្ថានទាំង៤ខេត្ត ដែលត្រូវបានផ្លាស់ប្តូរនោះ មានក្នុងខេត្តកំពង់ធំ ព្រះវិហារ និងខេត្តក្រចេះ ដែលសុទ្ធសឹងជាខេត្តនៅជាប់នឹងដែនជម្រកសត្វព្រៃព្រៃឡង់ ទំហំជាង៤៣ម៉ឺនហិកតា។ រីឯ ប្រធានមន្ទីរខេត្តចុងក្រោយគឺខេត្តមណ្ឌលគិរី ដែលមានផ្ទៃដីអភិរក្សជាង ១លានហិកតា។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ខ្វៃ អាទិត្យាបានមានប្រសាសន៍ថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មី នៃមន្ទីរបរិស្ថាននេះ គឺជារឿងធម្មតា ដើម្បីពង្រឹងការងារគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាបរិស្ថាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖«ជាពិសេស យើងឃើញថា មិនមែននៅតែតំបន់ជុំវិញព្រៃឡង់ទេ គឺនៅខេត្តមណ្ឌលគិរី និងកំពង់សោមក៏មានប្រធានមន្ទីរថ្មីផងដែរ។ វាចាំបាច់មានការផ្លាស់ប្តូរ តែវាមិនមែនមានរឿងអី ដែលជាការចាប់កំហុស ឬការប្រព្រឹត្តខុសអីនោះទេ។ ការប្តូរក៏មានការយល់ព្រមពីអាជ្ញាធរខេត្ត ដើម្បីពង្រឹងនូវគុណភាពបន្ថែមទៅលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន»។
លោកបានបន្ថែមថា អតីតប្រធានមន្ទីរខ្លះ គឺត្រូវបានប្តូរការងារទៅកន្លែងផ្សេង ដូចជាត្រូវបានតែងតាំងជាអភិបាលរងខេត្ត ហើយខ្លះទៀតក៏មានការចូលនិវត្តន៍ជាដើម។
នាថ្ងៃអង្គារទី១៨ ខែកុម្ភៈនេះ លោកមឿន សុភេទ ត្រូវបានប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារថ្មី ជំនួសលោក សុង ច័ន្ទសុជាតិ ដែលទទួលភារកិច្ចថ្មី។ ពិធីប្រកាសនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកសាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន តំណាង រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត។
លោករដ្ឋលេខាធិការប្រចាំការ បានណែនាំដល់លោកប្រធានមន្ទីរ ដែលទើបទទួលភារកិច្ចថ្មី ត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការឱ្យបាន«ល្អបំផុត» ជាមួយភាគីពាក់ព័ន្ធ ទាក់ទងទៅនឹងការចូលរួមចុះល្បាតការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ។ ជាពិសេស គឺការយកចិត្តទុកលើ ភាពបៃតង ដែលជាអាទិភាពឆ្លើយតបនឹងទីតាំងភូមិសាស្រ្តរបស់ខេត្តព្រះវិហារ ដែលមានគំរបបៃតងច្រើន និង ឆ្លើយតបបាននឹងជ្រុង នៃយុទ្ធសាស្រ្តចក្រា។
បន្ថែមពីនោះ លោកក៏បានណែនាំពីការថែរក្សាអនាម័យបរិស្ថាន ដោយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការសម្រេចឱ្យបាននូវភាពល្អស្អាត ធ្វើឱ្យទីសាធារណៈគ្មានសំរាម សំណល់ប្លាស្ទិក បង្កើនឱ្យមានទម្លាប់ល្អជាមួយសិស្សានុសិស្ស និងជំរុញឱ្យប្រជាពលរដ្ឋ មានយកចូលរួមចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោកបានលើកឡើងថា៖«ភាពស្អាតនៅក្នុងខេត្តព្រះវិហារនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើនឡើងថែមទៀត»។ មន្ទីរក៏ត្រូវមានកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តក្រមបរិស្ថាន និងយុទ្ធសាស្រ្តផងដែរ។
មុននេះមួយថ្ងៃ លោកសាន វណ្ណទី ក៏បានធ្វើជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំថ្មី ជំនូស លោកតុប កក្កដាផងដែរ។
ក្នុងឱកាសនោះ លោកបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បន្តពួតដៃគ្នា បំពេញការងារលើផ្លូវតែមួយ ដើម្បីដឹកនាំការងារបរិស្ថានខេត្ត ដោយផ្តោតសំខាន់លើ កិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗ។
លោកក៏បានណែនាំឱ្យពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ការអប់រំផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន និងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន។
កាលពីថ្ងៃទី១០ ខែកុម្ភៈនេះ លោកគា ប៊ូ ក៏ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ជំនួសលោកឆាយ ដួងសាវុធ ដែលទទួលភារកិច្ចថ្មីផងដែរ។
រីឯ លោកហាស់ វិបុល ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី ជំនួសលោក ឆៅ ប៊ុនធឿន ផងដែរនៅថ្ងៃដដែលនោះ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានធ្វើជាអធិបតីភាព នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងទាំង២នេះ។ លោករដ្ឋមន្រ្តីបានបង្ហាញការជឿជាក់ ទៅលើប្រធានមន្ទីរបរិស្ថានថ្មី ថានឹងបន្តកិច្ចខិតខំប្រឹងប្រែង កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។
លោកបានណែនាំ ប្រធានមន្ទីរបរិស្ថានថ្មីថា៖« ត្រូវបន្តយកចិត្តទុកដាក់អនុវត្តច្បាប់ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសកាប់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងទឹកដីខេត្តមណ្ឌលគិរី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ សម្រាប់ការអភិវឌ្ឍដោយចីរភាព»។
លោកបានបន្តថា ក្រសួងបរិស្ថាន នឹងអាចផ្តល់ជូនដ្រូនបន្ថែមទៀត ដល់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីជួយសម្រួលការងារល្បាតព្រៃរបស់មន្ត្រីឧទ្យានុរក្ស ដែលមានកម្លាំងតិច បើធៀបជាមួយទំហំផ្ទៃដីព្រៃដ៏ធំធេងផងដែរ។
កាលពីខែកញ្ញាកន្លងមក ក្រសួងបរិស្ថានបានផ្តល់ដ្រូនចំនួន ៤គ្រឿង និងសម្ភារល្បាតជាច្រើនប្រភេទផ្សេងទៀតជូនដល់ឧទ្យានុរក្សបរិស្ថានខេត្តមណ្ឌលគិរីផងដែរ ដើម្បីដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការល្បាតការពារតំបន់អភិរក្សជាង ១លានហិកតា៕