
ក្រុមហ៊ុន Air Cambodia បានសម្ពោធជើងហោះថ្មីពីក្រុងភ្នំពេញ-ទីក្រុងបាងកក ប្រទេសថៃ, រូបថតរបស់ក្រុមហ៊ុន Air Cambodia នៅព្រលានយន្តហោះ
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្ពោធជើងហោះថ្មីពីក្រុងភ្នំពេញ-ទីក្រុងបាងកក ប្រទេសថៃ ដោយដឹកជញ្ជូនអ្នកដំណើរសរុប ៣០០នាក់ ទាំងទៅទាំងមក។ អ្នកនៅក្នុងវិស័យទេសចរណ៍ បានលើកឡើងថា ការពង្រីកជើងហោះហើរថ្មីនេះគឺជាការផ្តល់បទពិសោធន៍ថ្មី និងជម្រើសកាន់ប្រសើរសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តតាមផ្លូវអាកាស។
ក្រុមហ៊ុន អាកាសចរណ៍ ជាតិកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា៖ «អ្នកដំណើរត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាមួយកាដូ និងការថតរូបអនុស្សាវរីយ៍ នាជើងហោះហើរដំបូង ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រសេវាកម្មថ្មីនេះ ដែលការហោះហើរ នឹងធ្វើឡើងជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់ប្រភេទយន្តហោះ អ៊ែរប៊ើស ៣២០ ឬ ៣២១។ ចំពោះ សេវាកម្មលើយន្តហោះ យើងនឹងផ្តល់ជូនអាហារសម្រន់ និង អីវ៉ាន់សំរាប់ធ្វើដំណើររហូតដល់ ៣២ គីឡូក្រាម ហើយយើងខ្ញុំក៏មានផ្តល់ជូនសេវាកម្មថ្នាក់ពាណិជ្ជកម្ម ក្នុងតម្លៃពិសេស ប្រកបដោយផាសុកភាព»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា ការបើកជើងហើរថ្មីនេះ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា កាលពីថ្ងៃម្សិលម៉ិញ(១៧ កុម្ភៈ)គឺជាសញ្ញាវិជ្ជាមានសម្រាប់វិស័យអាកាសចរណ៍កម្ពុជាដែលបង្ហាញពីការកើនឡើងនូវមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស។
លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា ៖« នេះគឺជាជម្រើសដ៏ល្អ ហើយសម្បូរបែបសម្រាប់ភ្ញៀវទេសចរ ព្រោះយើងបានមើលឃើញថាភ្ញៀវទេសចរមកពីប្រទេសជិតខាងកម្ពុជាគឺមានចំនួនច្រើន ពិសេស ភ្ញៀវទេសចរថៃ ដូច្នេះ យើងត្រូវធ្វើយ៉ាងណាឱ្យមានភាពសម្បូរបែបទៅលើមធ្យោបាយដឹកជញ្ជូន ដើម្បីឱ្យអ្នកដំណើរមានទំនុកចិត្ត ក៏ដូចជា គាត់ត្រូវការហោះហើរនៅពេលណាក៏យើងមានជើងហោះហើរ»។
ចំពោះការបើកជើងហោះហើរថ្មីនេះ លោកស្រី បានប្តេជ្ញា នឹងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍បន្ថែមទៀត ទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើង។
លោកស្រីបន្តទៀតថា ៖«ការដឹកជញ្ជូនតាមផ្លូវអាកាសគឺជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងវិស័យទេសចរណ៍ ក៏ដូចជា ក្នុងវិស័យសេដ្ឋកិច្ច ហើយ អ្វីដែលកាន់តែពិសេសជាងនេះ ការបន្ថែមជើងហោះហើរនេះគឺជាក្រុមហ៊ុនអាកាសចរណ៍ ជាតិ កម្ពុជា ដែលជាក្រុមហ៊ុនរបស់ជាតិ ដែលបង្ហាញពីភាពរឹងមាំ និងទំនុកចិត្តរបស់ក្រុមហ៊ុនជាតិទាំងមូល»។
ទិន្នន័យរបស់ក្រសួងទេសចរណ៍បង្ហាញថា ក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៦, ៧លាននាក់ កើនឡើង ២២,៩ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥, ៤លាននាក់។
ក្នុងចំណោមនោះ ភ្ញៀវជនជាតិថៃឈរនៅនៅលេខរៀងទី១ មានចំនួនជាង ២, ១៤លាននាក់ ស្មើនឹង ៣២ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប (កើនឡើង ១៧,៩ ភាគរយ) តាមពីក្រោយដោយភ្ញៀវទេសចរវៀតណាម មានចំនួនជាង ១,៣៤លាននាក់ ស្មើនឹង ២០ ភាគរយ (កើនឡើង ៣១,៥ ភាគរយ) និងភ្ញៀវទេសចរចិនឈរលំដាប់លេខបី មានចំនួន ៨៤៨ ៩៥២ នាក់ ស្មើនឹង ១២,៧ ភាគរយ(កើន ៥៥ ភាគរយ)។
បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣០ ដំណើរការជើងហោះហើរត្រង់ពីប្រទេសអាស៊ានចំនួនប្រាំបី ចិនដីគោក កូរ៉េខាងត្បូង ហុងកុង តៃវ៉ាន់ ឥណ្ឌា កាតា និងអារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា។
បើយោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា បានទទួលស្វាគមន៍អ្នកដំណើតតាមផ្លូវអាកាសសរុបចំនួន ៥លាន ៦សែន ៥ម៉ឺននាក់ ក្នុងឆ្នាំ ២០២៤ កើនប្រមាណ ៤០ភាគរយ កើនពីចំនួន ៤លាន ៤ម៉ឺននាក់ កាលពីឆ្នាំ២០២៣ ហើយគេរំពឹងថា អ្នកដំណើរតាមផ្លូវអាកាសនឹងសម្រេចជាង៧លាននាក់ នៅឆ្នាំ២០២៥៕