
ប្រជាពលរដ្ឋខ្មែរគ្រងសម្លៀកបំពាក់ប្រពៃណីច្រៀងចម្រៀងលើកតម្កើងជាតិនៅលើប្រាសាទតាមាន់។ រូបថត ហ្វេសប៊ុក
ឧត្ដរមានជ័យ៖ ក្រោយពីលើកទឹកចិត្ដពលរដ្ឋទៅលេងប្រាសាទតាមាន់ ខណៈស្ថានភាពវិលទៅប្រក្រតីវិញ អភិបាលខេត្ដឧត្ដរមានជ័យ លោក មាន ចាន់យ៉ាដា បានឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈនេះថា ពលរដ្ឋខ្មែរអាចសេរីភាពក្នុងការបង្កើតសកម្មភាពសប្បាយ និងច្រៀងបទភ្លេងជាតិតាមធម្មតា។
លោកបានថ្លែងថា៖ «ទោះបីជាជួបឧប្បត្ដិហេតុបែបនេះក៏ដោយ ក៏អាជ្ញាធរយើងមិនមានការរារាំងសកម្មភាពច្រៀងបទគោរពទង់ជាតិ និងបទចម្រៀងពង្សាវតាខ្មែរ។ វាជារឿងធម្មតា ហើយវាក៏មិនមែនជាលើកទីមួយដែរ»។
លោកបានឱ្យដឹងថា ឧប្បត្ដិហេតុតិចតួចបែបនេះឧស្សាហ៍កើតមានដែរ តែរៀងរាល់ក្រោយពេលជួបបញ្ហាភាគីកងទ័ពព្រំដែននៃប្រទេសទាំងពីរធ្វើការសម្របសម្រួល និងពិភាក្សាគ្នាទៅតាមយន្ដការការងាររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ដជជែកជាមួយទាហានថៃនៅប្រាសាទតាមាន់ថ្ងៃទី១៨ ខែកុម្ភៈ។ រូបថត សហការី
លោក ចាន់យ៉ាដា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ជាធម្មតា ប្រាសាទតាមាន់ជាទីតាំងប្រាសាទបុរាណរបស់ខ្មែរ ដែលប្រជាពលរដ្ឋតែងតែទៅទស្សនាជាញឹកញាប់ ហើយពេលខ្លះពួកគេមានសកម្មភាពផ្សេងៗ ដូចជា ការច្រៀងបទគោរពទង់ជាតិ និងពង្សាវតាខ្មែរជាដើម»។
លោកបានឱ្យដឹងកាលពីម្សិលមិញថា ស្ថានភាពនៅប្រាសាទតាមាន់មានសភាពធម្មតា និងបានលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋបន្ដទៅទស្សនាប្រាសាទដូនតាខ្មែរ។
លោក ចាន់យ៉ាដា បាននិយាយនៅក្នុងវីដេអូឃ្លីបជាងមួយនាទីថា លោកបានដឹកនាំប្រតិភូក្រុមការងាររដ្ឋបាលខេត្ដឡើងមកលើតួប្រាសាទតាមាន់របស់កម្ពុជា និងបានបញ្ជាក់ថា នៅវេលាម៉ោង ៣:១០រសៀល ស្ថានភាពនៅលើប្រសាទតាមាន់មានភាពប្រក្រតី។

ប្រាសាទតាមាន់ធំ មានទីតាំងស្ដិតនៅលើភ្នំដងរែក ភូមិតាមាន់ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចង្ងាយ៤៨គីឡូម៉ែត្រពីទីរួមក្រុងសំរោង។
លោកអភិបាលខេត្ដបានថ្លែងទៅកាន់នាយទាហានថៃថា៖ «យើងមានអី យើងជជែកគ្នាដើម្បីសេចក្ដីសុខប្រទេសយើងទាំងពីរ។ គ្មាននរណាមករំលោភបំពានលើទឹកដីនៃប្រទេសអ្នកណាទេ។ អ្វីៗទុកឱ្យគណកម្មការព្រំដែននៃប្រទេសទាំងពីរធ្វើការ»។
ហេតុការណ៍ក្ដៅស្លឹកត្រចៀកដាក់គ្នានេះ គឺភាគីទាហានថៃធ្វើការហាមការច្រៀងចម្រៀងគោរពទង់ជាតិរបស់ប្រជាពលរដ្ឋខ្មែឬកាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅលើប្រាង្គប្រាសាទតាមាន់។

អភិបាលខេត្ដឧត្ដរមានជ័យ លោក មាន ចាន់យ៉ាដា ថតរូបជាមួយក្រុមការងាររដ្ឋបាលខេត្ដ និងនាយទាហានកម្ពុជាឈរជើងនៅប្រាសាទតាមាន់។ រូបថត សហការី
យោងតាម The Nation របស់ថៃ បានផ្សាយថា កងយោធពលខេមរភូមិន្ទទី២ របស់ថៃ នៅថ្ងៃអង្គារបានផ្ញើលិខិតតវ៉ាមួយច្បាប់មកកាន់យោធភូមិភាគទី៤របស់កម្ពុជា ចំពោះអត្ដចរឹតមិនសមរម្យរបស់នាយទាហាន និងប្រជាជនកម្ពុជា នៅប្រាសាទតាមាន់ធំ ដោយបានអះអាងថា វាជាប្រាសាទបុរាណខ្មែរស្ថិតក្នុងទឹកដីនៃខេត្ដសុរិនរបស់ថៃ។
សារព័ត៌មានថៃដដែលបានបន្ដថា កងយោធពលខេមរភូមិន្ទទី២ បានទទូចឱ្យអាជ្ញាធរកម្ពុជា ណែនាំភ្ញៀវទេសចរដែលមកប្រាសាទតាមាន់ធំ គោរពច្បាប់ និងជៀសវាងនូវទង្វើមិនសមរម្យណាមួយ ក្នុងគោលបំណងរក្សាទំនាក់ទំនងជាវិជ្ជមានរវាងប្រទេសថៃ និងកម្ពុជា។
យោងតាមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៥ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក៧០២-៩០៥ សហការជាមួយកម្លាំងយោធាល្បាតត្រួតពិនិត្យបង្គោលសីមា តាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ជាពិសេស តាមដានក្ដាប់ការប្រែប្រួលសភាពការណ៍តាមព្រំដែន៕