
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ។ AKP
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ការពារការចំណាយប្រាក់ដើម្បីផ្សព្វផ្សាយនៅលើហ្វេសប៊ុក (boost post) របស់លោកដែលមានទំហំទឹកប្រាក់ជាង ១,៥ លានដុល្លារ។ លោកថាវាសិទ្ធិ និងជារឿងផ្ទាល់ខ្លួន ហើយក្រុមការងាររបស់លោកបានធ្វើតាំងពីដើមមក។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ លោកថា ក្រុមការងារកាន់ទំព័រហ្វេសប៊ុករបស់លោកបានធ្វើដូច្នេះ ៣ ឬ ៤ ឆ្នាំមកហើយ មិនមែនទើបតែក្នុងពេលនេះទេ ហើយការចំណាយប្រាក់នេះមិនបានប្រើថវិកាជាតិនោះទេ។
លោកថ្លែងថា៖ «គេយកហេតុផលថា ខ្ជះខ្ជាយលុយ គេថាខ្ញុំចាយ ១,៥លាន។ ខ្ញុំមិនដឹងថាអាហ្នឹងប៉ុន្មានទេ ព្រោះអាហ្នឹងក្រុមការងារគេធ្វើ ៣ ឬ ៤ ឆ្នាំមកហើយ មិនមែនមួយឆ្នាំ១,៥លានដុល្លារឬស្អីនោះទេ។ វាម្ដង១០០០ ម្ដង ២០០០ ម្ដង ៥០០០ដុល្លារ។ ពេលបើកដំបូងវាច្រើនបន្តិចទៅ។ សួរថាតើបែបនេះវាច្រើនប៉ុណ្ណា។ ឥឡូវខ្ញុំឲ្យគេស្រាវជ្រាវមើល។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ គាត់ចំណាយ ១៣៤លានដុល្លារក្នុងការ boosting នៅលើហ្វេសប៊ុក»។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គឺជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈថា លោក ហ៊ុន ម៉ាណែត បាន «ជះលុយជិត ២លានដុល្លារឱ្យក្រុមហ៊ុនហ្វេសប៊ុកផ្សព្វផ្សាយសកម្មភាពរបស់លោកក្នុងរយៈពេល ៣ឆ្នាំ» ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈឆ្នាំ២០២៥។
លោកនាយករដ្ឋមន្ត្រីបានបន្តថា សូម្បីលោកស្រី Kamala Harris បេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យបានចំណាយប្រាក់អស់ ១៨២លានដុល្លារគ្រាន់តែមួយរយៈខ្លីនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅឆ្នាំ២០២៤។
នៅក្នុងតំបន់អាស៊ាន លោកថា ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ក៏បានចំណាយ ២០លានដុល្លារដើម្បី boost ហ្វេសប៊ុកនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។
ការចំណាយប្រាក់ដើម្បីបង្ហោះលើហ្វេសប៊ុកឲ្យបានអ្នកមើលច្រើន ឬ boost post ក៏ត្រូវបានធ្វើដោយមេដឹកនាំជាច្រើននៅអាស៊ានផងដែរ សូម្បីនៅលើបណ្ដាញទិកតុក។
លោកក៏បានវាយបកទៅលើការរិះគន់ថា ហេតុអ្វីមិនយកប្រាក់សម្រាប់ចំណាយទៅលើហ្វេសប៊ុកទៅជួយពលរដ្ឋ។
លោកបញ្ជាក់ថា លោកចំណាយប្រមាណ ១,៥លានដុល្លារសម្រាប់អាហារូបករណ៍សិស្សនិស្សិតទាំងនៅក្នុងស្រុកនិងក្រៅប្រទេស និងជួយដល់ពលរដ្ឋក្រីក្រ ទាហាន មណ្ឌលជនពិការ និងមនុស្សជាច្រើនទៀត ដែលប្រាក់ទាំងនេះគឺជាប្រាក់ផ្ទាល់ខ្លួន និងប្រាក់បានពីសប្បុរសជន។
លោកបញ្ជាក់ដូច្នេះថា៖ «ខ្ញុំប្រូម៉ូត តាំងពីខ្ញុំមិនទាន់ធ្វើនាយករដ្ឋមន្ត្រីម្លេះ ព្រោះអាហ្នឹងជាសិទ្ធិរបស់ខ្ញុំ។ បងប្អូនណាក៏ដោយ សូម្បីអ្នកលក់ផ្ទះល្វែងក៏គេបើក (boost) ដែរ។ គេមិនត្រឹមតែ boost ទេ គេជួលទាំងមនុស្សទៀតឯណោះ»៕