
ថ្នាក់ដឹកនាំ ទីប្រឹក្សា គ្រូបង្វឹក និងកីឡាករ កីឡាការិនីរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ចំនួន៣៣នាក់ បានទទួលគ្រឿងឥស្សរិយយស ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត ឈន ណន
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ជូនដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា គ្រូបង្វឹក និងកីឡាករ ការិនីរបស់សហព័ន្ធកីឡាតេក្វាន់ដូ អាយធីអែហ្វ កម្ពុជាចំនួន៣៣នាក់ ដែលធ្លាប់បានសាងស្នាដៃជូនជាតិ។
ការចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ជូនដល់សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជារបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នេះ ត្រូវបានធ្វើឡើងតាមសេចក្តីក្រាបទួលថ្វាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្ទាប់ពីលោក ម៉ាណែត បានឯកភាពទៅលើសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលសុំឱ្យមានការផ្តល់ជាគ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់នេះ។
តាមព្រះរាជក្រឹត្យនេះ គឺថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា ចំនួន៥នាក់ទទួលបាននូវគ្រឿងឥស្សរិយយស «ជាតូបការ» ចំណែកទីប្រឹក្សាសហព័ន្ធ គ្រូបង្វឹក និងកីឡាករ ចំនួន១២នាក់ ទទួលបានគ្រឿងឥស្សរិយយសព្រះរាជណាចក្រកម្ពុជាថ្នាក់ «មហាសេរីវឌ្ឍន៍» ហើយគ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន៣នាក់ ទទួលបានឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ «មហាសេនា» ខណៈទីប្រឹក្សាសហព័ន្ធ រួមទាំងកីឡាករ កីឡាការិនីចំនួន១៣នាក់ទៀត ទទួលបានឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ «ធិបឌិន្ទ»។
ចំពោះការផ្តល់នូវគ្រឿងឥស្សរិយយស ដែលមាន៤កម្រិត ឬ៤ថ្នាក់ខុសពីគ្នានេះ គឺដើម្បីជាការលើកទឹកចិត្ត និងផ្តល់នូវគុណតម្លៃដល់ថ្នាក់ដឹកនាំ និងទីប្រឹក្សាសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា ជាពិសេសគឺក្រុមគ្រូបង្វឹក និងកីឡាករ កីឡាការិនីតេក្វាន់ដូ ITFកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នា លើកមុខមាត់ប្រទេសជាតិ តាមរយៈការដណ្តើមបានមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធពីការប្រកួតជើងឯកអាស៊ាន ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកម្រិតទ្វីប កន្លងមកនេះ។
លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃពុធនេះថា៖ «ការទទួលបាននូវគ្រឿងឥស្សរិយយសនេះ ដោយសារសហព័ន្ធកីឡាតេក្វាន់ដូ ITF របស់យើង បានរួមគ្នាបង្កើតសមិទ្ធផល និងស្នាដៃជូនជាតិជាច្រើន ជាពិសេសការបង្កើតប្រវត្តិសាស្រ្តឈ្នះបានមេដាយមាស នៅក្នុងការប្រកួតកម្រិតទ្វីប កម្រិតពិភពលោក និងកម្រិតតំបន់ ដើម្បីលើកទង់ជាតិកម្ពុជា បង្ហាញឱ្យពិភពលោកបានឃើញ»។
សម្រាប់ការទទួលបានគ្រឿងឥស្សរិយយស តាមរយៈការចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានដោយផ្ទាល់របស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នេះ ត្រូវបានលោក បួនហ៊ីង សុធីយ៉ា ចាត់ទុកថា «ជាមហាកិត្តិយស» ចំពោះថ្នាក់ដឹកនាំ ទីប្រឹក្សា គ្រូបង្វឹក និងកីឡាករ កីឡាការិនីរបស់សហព័ន្ធកីឡាតេក្វាន់់ដូ ITFកម្ពុជា ហើយការផ្តល់តម្លៃតបស្នងដ៏ធំនេះ នឹងធ្វើឱ្យក្រុមកីឡាតេក្វាន់ដូ ITF កាន់តែមានទឹកចិត្ត និងឆន្ទៈ ក្នុងការបង្កើតស្នាដៃថ្មីៗបន្ថែមទៀតជូនប្រទេសជាតិ។
លោក សុធីយ៉ា បញ្ជាក់ថា៖ «សម្រាប់ការផ្តល់កិត្តិយសដ៏ថ្លាថ្លៃរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នេះ បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់មួយ ដើម្បីជំរុញការអភិវឌ្ឍន៍កីឡាតេក្វាន់ដូ ITF កម្ពុជាបន្ថែមទៀត ក៏ដូចជា ធ្វើជាគំរូដល់កីឡាករ កីឡាការិនីជំនាន់ក្រោយ ឱ្យធ្វើតាមអ្នកជំនាន់មុន គឺការខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព ដើម្បីឈានទៅបង្កើតបានស្នាដៃថ្មីៗជូនប្រទេសជាតិដែរ ហើយអ្នកធ្លាប់បានមេដាយ ក៏កាន់តែពុះពារជម្រះឧបសគ្គ ដើម្បីស្វែងរកជោគជ័យជូនប្រទេសជាតិបន្ថែមទៀតដូចគ្នា»៕