
រដ្ឋមន្ត្រីក្រសួងសាធារណការ លោកប៉េង ពោធិ៍នា ឡើងប្តេជ្ញាចិត្ត៣ចំណុច លើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ កម្ពុជាប្តេជ្ញាបង្កើតឱ្យបាននូវតំបន់សុវត្ថិភាពនៅតាមសាលារៀន ដើម្បីការពារកុមារ និង យុវជនពីគ្រោះថ្នាក់ចរាចរណ៍ ត្រឹមឆ្នាំ២០២៧ ដោយផ្អែកតាមគោលការណ៍ណែនាំស្តីអំពីតំបន់សុវត្ថិភាពនៅតាមសាលារៀន។
ការប្តេជ្ញានេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា នៅចំពោះមុខអង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ ទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក ដែលមានអ្នកចូលរួមប្រមាណជា២ ៥០០នាក់ មកពី១៩៣ប្រទេស។
លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដែលជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកផងនោះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងសន្និសីទសកលថ្នាក់រដ្ឋមន្ត្រីនេះ ចាប់ពីថ្ងៃទី១៨ ដល់២០ ខែកុម្ភៈនេះ។នេះបើយោងតាមក្រសួងសាធារណការ នាថ្ងៃពុធ ទី១៩ ខែកុម្ភៈនេះ។
បន្ថែមពីនោះ លោករដ្ឋមន្រ្តី ក៏បានប្តេជ្ញាទទួលយកមកអនុវត្តនូវឧបករណ៍គតិយុត្តស្នូលរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្ថែមទៀត ត្រឹមឆ្នាំ២០៣០ កម្ពុជា។
ការប្តេជ្ញាមួយទៀត ដ៏សំខាន់នោះគឺ«ត្រឹមឆ្នាំ២០៣០ កម្ពុជាប្តេជ្ញាកាត់បន្ថយចំនួនអ្នករងរបួស និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដែលបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ឱ្យបានយ៉ាងហោចណាស់ ៥០ភាគរយ»។

ក្រសួងបានលើកឡើងថា ការធ្វើការប្តេជ្ញាចិត្តនេះគឺជារបៀបវារៈថ្មីមួយសម្រាប់សន្និសីទ ដែលរដ្ឋាភិបាលនៃប្រទេសនានា ក៏ដូចជា អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល មូលនិធិ និងក្រុមហ៊ុនឯកជន មានឱកាសធ្វើការប្តេជ្ញាចិត្តជាផ្លូវការ ដើម្បីសម្រេចបាននូវគោលដៅ នៃទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០ភាគរយ នៅឆ្នាំ២០៣០។
សនិ្នសីទនេះ ត្រូវបានបើកជាផ្លូវការ នាថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ដោយមានការចូលរួមពីរដ្ឋមន្រ្តី ឥស្សរជនជាន់ខ្ពស់ តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំ និងវិស័យឯកជន នៃប្រទេសចំនួន ១៩៣។
សន្និសីទសកលនេះ ធ្វើឡើងក្រោមមូលបទ “ពិភពលោកមួយ ផ្លូវមួយ៖ ប្តេជ្ញាចិត្តដើម្បីជីវិត” (One world, one road: commit to life) ដោយប្រធានបទសំខាន់ៗ ដែលត្រូវលើកមកពិភាក្សា មានដូចជា៖ ការលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ ការលើកកម្ពស់ផ្នែកហិរញ្ញប្បទាន និងការគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅទប់ស្កាត់ និងកាត់បន្ថយអាត្រាអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
សន្និសីទកម្រិតសកលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣។ ក្នុងនោះរួមមាន ការចែករំលែកបទពិសោធន៍ ដែលបានអនុវត្តជុំវិញយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេស លើការងារសុវត្ថិភាពចរាចរណ៍ និង ចុងក្រោយគឺការធ្វើសមាហរណកម្មបន្ថែម លើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រេចបាននូវផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ (Global Plan of the Decade of Action for Road Safety 2021-2030)។
កាលពីខែសីហា កន្លងមក កម្ពុជាក៏បានបើកកិច្ចប្រជុំពិភាក្សាអំពីការបង្កើតសួនសុវត្ថិភាពចរាចរណ៍ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជាផងដែរ។
ក្នុងនោះក៏មាន ការគាំទ្រដំណើរទស្សនកិច្ចឈ្វេងយល់ពីការបង្កើតតំបន់សុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន របស់មន្ត្រីរាជរដ្ឋាភិបាល នៅប្រទេសវៀតណាម និងការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ក្រោយពីចុះទស្សនកិច្ចនេះ។
បន្ថែមពីនោះ «សួនសុវត្ថិភាពចរាចរណ៍» ក៏ត្រូវបានបង្កើតឡើងនៅតាមសាលារៀនជាច្រើនផងដែរ ទំាំងនៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត។
ក្រៅពីនោះ កម្ពុជាក៏កំពុងតែរៀបចំបង្កើត «សួនសុវត្ថិភាពចរាចរណ៍សិប្បនិមិ្មត» ជាលើកដំបូង នៅក្នុងសាលារៀន ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សផងដែរ៕