ខេត្ដ​ប៉ៃលិន៖ កាលពីថ្ងៃទី​១៨ ខែកុម្ភៈ ​ប៉ៃលិន​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ថា​ជាខេត្តបញ្ចប់​ការ​​បន្ទោ​បង់​ពាសវាល​ពាស​កាល​ (ODF) ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែកអនាម័យ និង​សុខភាព​សាធារណៈ​របស់​កម្ពុជា​។​

​លោក ឆាយ រិទ្ធី​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ថ្លែង​ថា៖ «​សមិទ្ធផល​នៃ​ស្ថានភាព ODF នៅ​ប៉ៃលិន គឺជា​សក្ខីភាព​មួយ​បង្ហាញ​ពី​អំណាច​នៃ​ការចូលរួម​របស់​សហ​គម​ន៍ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​ ​​​នេះ​តំណាងឱ្យ​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការកែលម្អ​សុខភាព​សាធារណៈ កាត់បន្ថយ​ការឆ្លង​ជំងឺ ​​បរិស្ថាន​ស្អាត និង​មាន​សុខ​ភាពល្អ​សម្រាប់​អ្នករស់នៅ​ទាំងអស់»​។​

​យោងតាម​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​ដកស្រង់​សម្តី​អភិបាលខេត្ត​ប៉ៃលិន លោកស្រី​ បាន ស្រីមុំ បាន​ឱ្យដឹង​ថា ខេត្ត​ប៉ៃលិន មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៨​១១៣ គ្រួសារ ដែល​បច្ចុប្បន្ន​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ទាំងអស់​។​

ក្នុងនោះ ១៧១៤៤ គ្រួសារ (៩៥%) មាន​បង្គន់​អនាម័យ​ឯកជន ខណៈ ៩៦៩ គ្រួសារ (៥%) ប្រើប្រាស់​ឧបករណ៍ប្រើប្រាស់​រួមគ្នា​។​

លោកស្រី​បាន​ឱ្យដឹងថា​៖ «​​ទីក្រុង​ចំនួន​ពីរ​របស់​ខេត្ត និង​ឃុំ និង​ស្រុក​ទាំង​ប្រាំបី ទទួលបាន​ ODF ពេញលេញ​។ ក្នុងចំណោម​ភូមិ​ចំនួន ៩៣ មាន ៦០ ទទួលបាន​ ODF (៦១%) ខណៈដែល ៣៨ បាន​ឈានទៅ​ស្ថានភាព ODF Plus (៣៩%)»។​

គម្រោងភូមិសន្តិភាព ដែលផ្តល់មូលនិធិដោយសាធារណរដ្ឋកូរ៉េ តាមរយៈ KOICA បានដើរតួនាទីយ៉ាងសំខាន់ក្នុងសមិទ្ធផល ODF របស់ខេត្តប៉ៃលិន។ រូបថត សហការី

លោកស្រី ស្រីមុំ បានលើកឡើង​ពី​សមិទ្ធផល​អភិវឌ្ឍន៍​ជនបទ​​របស់​ខេត្ត រួមទាំង​ការកែលម្អ​ការផ្គត់ផ្គង់​ទឹកស្អាត ការអប់រំ​សុខភាព ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ និង​ឱកាស​អាជីវកម្ម​។​

បច្ចុប្បន្ននេះ ៧៩,៥% នៃ​ភូមិ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ទឹកស្អាត​ប្រើប្រាស់ គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​សុខភាព​សាធារណៈ និង​អនាម័យ​។​

កម្មវិធី​​នេះ​បានលើកឡើង​ពី​ភាពជោគជ័យ​នៃ​គម្រោង​ភូមិ​សន្តិភាព ​ជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ក្នុងការ​កែលម្អ​ការអនុវត្ត​អនាម័យ និង​ការផ្តល់​បង្គន់​អនាម័យ​សម្រាប់​គ្រួសារ​ទាំងអស់​ក្នុង​ខេត្ត​។​

គម្រោង​ភូមិ​សន្តិភាព ដែល​ផ្តល់​មូលនិធិ​ដោយ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ KOICA បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សមិទ្ធផល ODF របស់​ខេត្ត​ប៉ៃលិន​។​

យោងតាម KOICA បានឱ្យដឹងថា៖ «​គម្រោង​នេះ​រួមមាន​ការសាងសង់​បង្គ​ន់​សាធារណៈ​នៅក្នុង​សាលារៀន និង​មណ្ឌល​សុខភាព ការគាំទ្រ​យុទ្ធនា​ការអប់រំ​អនាម័យ និង​ការប្រមូល​កិច្ចខិតខំ​ប្រឹងប្រែង​សហគមន៍​ដើម្បី​លើកកម្ពស់​ការអនុវត្ត​អនាម័យ​កាន់តែ​ប្រសើរឡើង​" នេះ​បើ​យោងតាម KOICA»។​

លោក រិទ្ធី សែន បាន​បន្ដ​ថា៖ «​យើង​បាននិងកំពុង​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត អនាម័យ​ជនបទ សម្រេចបាន​អត្រា​គ្របដណ្តប់​ទឹក និង​អនាម័យ​ទូទាំងប្រទេស​ប្រមាណ ៨៨,៨០% ដែល​ក្នុងនោះ​មាន​អត្រា​គ្របដណ្តប់​ទឹក ៨៦,០៩% និង​អត្រា​គ្របដណ្តប់​អនាម័យ ៩១,៤៧%​»។​

​នៅ​ឆ្នាំ​២០៣០ គេ​រំពឹងថា​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​នឹង​ទទួលបាន​ទឹកស្អាត​គ្រប់គ្រាន់ សម្រេចបាន​នូវ​ការ​គ្របដណ្តប់​អនាម័យ​១០០% និង​រស់នៅក្នុង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​។​

​ប៉ៃលិន គឺជា​ខេត្ត​ទី​១៦ ក្នុងប្រទេស​កម្ពុជា ដែល​សម្រេចបាន​នូវ​ឋានៈ ODF ដោយ​ចូលរួម​ជាមួយ​រាជធានី​ភ្នំពេញ ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគិរី សៀមរាប ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង និង​កំពង់ធំ ក្នុង​សមិទ្ធផល​សុខភាព​សាធារណៈ​នេះ​៕