ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ព្រមាន​ពីការ​កើន​ឡើង​កម្ដៅ​បញ្ហា​ព្រំដែន​ ដែល​បង្កឡើង​ដោយ​អ្នក​នយោបាយ​​​ជាតិនិយម​នៅ​កម្ពុជា និង​ថៃ ដោយ​លើកឡើង​​ថា ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​ក្នុង​បញ្ហា​ព្រំដែន​អាច​បង្កើន​ភាព​តានតឹង​រវាង​ប្រទេសជិតខាង​ទាំងពីរ​។​

សុន្ទរកថា​របស់លោក​ដែល​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​​ថ្ងៃទី ១៩ ខែកុម្ភៈនេះ បាន​បង្ហាញ​​ពី​សារៈសំខាន់​នៃដោះស្រាយ​បញ្ហា​ព្រំដែន​តាម​យន្ដ​ការ​គណកម្មការ​ថ្នាក់​ជាតិ​​ ការចរចា​បច្ចេកទេស និង​ក្រប​ខ័ណ្ឌ​​ច្បាប់​ជា​ប្រវត្តិសាស្ត្រ​​។

លោកនាយករដ្ឋមន្ដ្រី​បានថ្លែងថា៖ «ប៉ុន្មាន​ថ្ងៃនេះ ចលនា​ជាតិ​និយម ឬចលនា​អ្នក​នយោបាយ​ជំរុញ​ស្មារតី​ជាតិ​និយម ទាំងនៅ​កម្ពុជា និង​ថៃ​បាន​និងកំពុង​តែ​រុញ​ស្ថានភាព​នេះ​។

បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ពី​ជាំ​ទៅដល់​ចាំយាម​មាន​ ៧៤​បង្គោល ដោយ​ពី​មុំបី​មក​ដល់​ចាំយាម​មិន​មាន​បង្គោល​ព្រំដែន​នោះទេ តែមាន​ផែនទីឆ្នាំ​១៩០៨​ ដែល​ធ្វើឡើងដោយក្រុម​​គណកម្មការកំណត់​​ព្រំដែន​របស់​ឥណ្ឌូចិន និងសៀម​។

លោក​នាយករដ្ឋមន្ដ្រី​បានថ្លែងថា​៖ «រឿងព្រំដែន​ត្រូវការពេល​វេលា​ក្នុង​ការ​ដោះស្រាយ​ ដោយ​តាំងពី​ឆ្នាំ​១៩៩៨ យើង​បន្ដ​ធ្វើកិច្ចការងារ​នេះ។ យើង​រក​បាន​បង្គោល​ហើយ តែនៅកន្លែង​ខ្លះ ​នៅបាត់​ មិន​ទាន់​ត្រូវ យើង​ចរចា​។ ជាក់ស្ដែង បង្គោល ៧៣ យើង​មិនទាន់​ត្រូវ​គ្នាផង  ដោយ​យោងតាម​ផែនទីឆ្នាំ​១៩០៧ វា​នៅ​កន្លែង​នោះ​ ឥឡូវ វាមកនៅ​កន្លែង​នេះ​ យើង​អត់​ឯកភាព​ ទុក​បន្ដ​ចរចា​គ្នា​ទៀត​»។

លោក​បន្ដថា នៅ​មាន​ប្រទេសជាច្រើនទៀតដែល​មិន​ទាន់​ដោះស្រាយ​បញ្ហា​ព្រំដែន​ដាច់​ស្រឡះ ដូចជា​ ថៃ និង​ម៉ាឡេស៊ី ចិន និងឥណ្ឌា ជប៉ុន និង​រុស្ស៊ី រួមទាំង​សមុទ្រ​ចិន​ខាង​ត្បូង​។

លោកថា នរណា​ក៏​ស្នេហា​ជាតិ​ដែរ តែ​រាជរដ្ឋាភិបាល​មា​នការ​ទទួល​ខុសត្រូវចំពោះ​ប្រវត្ដិសាស្ដ្រ​។ អ្នក​រិះគន់​នៅ​កម្ពុជា និង​ថៃកំពុងតែ​ជំរុញ​រឿង​ប្ដឹង​ដូច​គ្នា តែ​រដ្ឋាភិបាល​មាន​យន្ដការ​ក្នុង​ការ​ដោះស្រាយ​។

លោក​​នាយករដ្ឋមន្ដ្រីបាន​លើកឡើងថា​៖ «​អ្វីដែល​យើង​​ដោះស្រាយ ត្រូវ​ផ្អែក​លើ​មូលដ្ឋាន​បច្ចេកទេស ​មាន​ផែនទី​ ក្រុម​ការងារ​បច្ចេកទេស លិខិត​តុបករណ៍​ច្បាស់​លាស់​ ដោយ​យក​ផែនទីព្រំដែន​ឆ្នាំ​១៩០៨ ជាគោល​ក្នុង​ការ​ចរចា​»។

លោក​បាន​ផ្តាំ​ទៅ​អ្នកនយោបាយ​ទាំងអស់ ទាំង​ខ្មែរ និង​ថៃ សូមកុំ​យក​រឿង​នយោបាយ ទៅ​លូកលាន់​លើ​កិច្ចការងារ បច្ចេកទេស​របស់​រាជ​រដ្ឋាភិបាល ដែល​កំពុង​អនុវត្ត​ការងារ ទាំងអស់ គឺ​លើ​គោល​ការ​បច្ចេក​ទេស ផែនទី និងច្បាប់​អន្តរជាតិ ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​នេះ​។

លោក​ថា អ្នក​នយោបាយ​ថៃ កុំ​ជំរុញ​រឿង​នេះ​យក​ចំណេញ​នយោបាយ​ ដោយ​សម្អាង​លើ​ហេតុ​ផល ដែល​មិន​ទាន់​ឯកភាព​គ្នា​។

​លោក​បាន​បញ្ជាក់ថា៖ «កម្ពុជាចង់​រ​ដោះស្រាយ​​​តាម​សន្តិវិធី ប៉ុន្តែ​កម្ពុជា​ក៏​រក្សា​សិទ្ធិ​ការពារ​គ្រប់​មធ្យោបាយ រួមទាំង​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់អាវុធ បើ​ប្រទេស​ណាមួយ​ហ៊ាន​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធមក​ឈ្លាន​ពាន​កម្ពុជា​។

លោក​បានរំឭកហេតុការណ៍​កើតឡើង​កាលពី​ឆ្នាំ​២០០៨ នៅពេល​ប្រជាជន​មួយ​ក្រុម​រត់​ចូលវត្ត​កែវសិក្ខាគិរីស្វារៈ ដែល​នាំ​ឱ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ​រយៈ​ពេល ៣ឆ្នាំ​។ នេះជាមូលហេតុដែល​ការ​យក​បញ្ហា​នយោបាយ​មក​លូក​លាន់​បញ្ហា​ព្រំដែន។

លោកស្នើ​ឱ្យ​ភាគី​ថៃ និង​កម្ពុជា​រក្សា​ស្ថានភាព​ទំនាក់ទំនង​ល្អដូច​ដើម ដោយ​ទុក​ភារកិច្ច​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ឱ្យ​គណកម្មការ​ថ្នាក់​ជាតិទាំងពីរ​តាមជំនាញ​ព្រំដែន និងយន្ដការ​ច្បាប់​។

លោក​បាន​លើកឡើងពី​ការ​កោត​សរសើរ​លើ​បណ្ដាញសង្គម​ចំពោះ​ភាពក្លាហាន​របស់​មេបញ្ជាការ​ប្រចាំព្រំដែន​ប្រាសាទ​តាមាន់ លោក នាក់ វង្ស កើតចេញ​ពី​ការ​ប្រកួត​បង្រួប​បង្រួម​រវាង​ខ្មែរ​ និង​ខ្មែរ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​។

សម្ដី​ម៉ាត់​ៗ​របស់លោក នាក់ វង្ស និយាយ​ទៅ​កាន់​នាយទាហាន​ថៃ​លើ​ប្រាសាទ​តាមាន់ថា «​បើចង់​បាញ់​គ្នា បាញ់​» បាន​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍​របស់​មហាជន​ចំពោះ​ទឹកចិត្ដ​អង់អាច​ នៅពេល​កង​ទាហាន​ថៃ​ចេញ​មករារ៉ាំង​ការ​ច្រៀង​បទគោរព​ទង់ជាតិ​របស់​ទេសចរ​ខ្មែរ។

លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បាន​ថ្លែងថា​៖ «​យើង​រួម​គ្នា​ជា​ខ្មែរ​តែមួយ​ កងទ័ព​តែមួយ​ រួម​គ្នា​ការងារ​ទឹក​ដី គឺដោយសារ​កត្ដា​នយោបាយ​ឈ្នះ​-ឈ្នះ​ បញ្ចប់​សង្គ្រាម ហើយ​សំខាន់​បំផុត កុំ​ឱ្យ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​​»។

លោក​បាន​និយាយថា ទាំងនេះបាន​ប្រែក្លាយ លោក​ឧត្តម សេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២  ​ពី​អតីត​ទាហាន​ខ្មែរ​ក្រហម​ទៅជា​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​មួយ​រូប​ ប្រចាំការ​នៅ​តំបន់​ប្រាសាទ​តាមាន់។

អភិបាលខេត្ដ​ឧត្ដរមានជ័យ លោក មាន ចាន់យ៉ាដា បាន​ឱ្យដឹងនៅថ្ងៃទី​១៩ ខែ​កុម្ភៈនេះ​​ថា ពលរដ្ឋ​ខ្មែរ​អាច​សេរីភាព​ក្នុងការ​បង្កើត​សកម្មភាព​សប្បាយ និង​ច្រៀង​បទភ្លេង​ជាតិ​តាមធម្មតា។

លោក​បានថ្លែងថា​៖ «ទោះបីជា​ជួប​ឧប្បត្ដិហេតុ​បែប​នេះ​ក៏ដោយ ក៏​អាជ្ញាធរ​យើង​មិន​មាន​ការ​រារ៉ាំង​សកម្មភាព​ច្រៀង​បទ​គោរពទង់​ជាតិ​ និងបទចម្រៀងពង្សាវតា​ខ្មែរ​។ វា​ជា​រឿង​ធម្មតា ហើយ​វា​ក៏​មិន​មែន​ជាលើកទីមួយដែរ​»។

លោកបាន​ឱ្យដឹងថា ឧប្បត្ដិហេតុ​តិចតួច​បែប​នេះ​ឧស្សាហ៍​កើត​មាន​ដែរ តែ​រៀង​រាល់​ក្រោយ​ពេល​ជួប​បញ្ហា​ភាគី​កងទ័ព​ព្រំដែន​នៃប្រទេសទាំងពីរ​ធ្វើ​ការ​សម្រប​សម្រួល​ និង​ពិភាក្សា​គ្នា​ទៅតាម​យន្ដការ​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក ចាន់យ៉ាដា បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា៖ «ជាធម្មតា ប្រាសាទ​តាមាន់​ជា​ទីតាំង​ប្រាសាទ​បុរាណ​របស់​ខ្មែរ​ ដែល​ប្រជាពលរដ្ឋ​តែងតែ​ទៅទស្សនា​ជាញឹកញាប់​ ហើយ​ពេល​ខ្លះ​ពួកគេ​មាន​សកម្មភាព​ផ្សេងៗ​ ដូចជា ការ​ច្រៀង​បទ​គោរព​ទង់ជាតិ និង​ពង្សាវតា​ខ្មែរ​ជាដើម​»៕