
ព្រៃកោងកាងនៅតំបន់ឆ្នេរ ដ៏មានសារៈសំខាន់ ក្នុងការការពារឆ្នេរកុំឱ្យហូរច្រោះ ហើយថែមទាំងមានផ្ទុកកាបូន ដែលជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជាជម្រកជីវចម្រុះរាប់ពាន់ប្រភេទនៅកម្ពុជា។ រូបថត អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា
កោះកុងៈ ពិធីបុណ្យ«កោងកាងសន្តិភាព»នឹងត្រូវរៀបចំធ្វើឡើងរយៈពេល៣ថ្ងៃជាលើកដំបូង ក្នុងខេត្តកោះកុង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្ស ព្រៃកោងកាងនៅកម្ពុជា។
ពិធីបុណ្យនេះគ្រោងនឹងប្រារព្ឋធ្វើឡើង ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដោយក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ។
ក្រសួងបរិស្ថានបានជម្រាបជូនដំណឹងដល់សាធារណជន យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋថា ពិធីបុណ្យនេះប្រព្រឹត្តទៅក្នុងគោលបំណង« លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃ ព្រៃកោងកាង ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជា ការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន»។
បន្ថែមពីនោះ ពិធីបុណ្យ«កោងកាងសន្តិភាព»នេះ ក៏ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សព្រៃកោងកាង តាមរយៈបំផុសឱ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងរដ្ឋាភិបាល តំណាងអង្គទូត អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាសហគមន៍មូលដ្ឋាន។
ក្រសួងបានលើកឡើងថាពិធីនេះក៏នឹងជួយលើកស្ទួយតម្លៃនៃសន្តិភាព ភាពសុខដុមរមនា និងការរស់នៅប្រកបដោយសុខដុមជាមួយបរិស្ថាន ដែលព្រៃកោងកាងមិនត្រឹមតែជាធនធានធម្មជាតិដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិផងដែរ។
ការផ្សព្វផ្សាយអំពីសក្តានុពលនៃធនធានធម្មជាតិ ពិសេស ព្រៃកោងកាង ក្នុងការទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់នូវធនធានធម្មជាតិ និងឱកាសទេសចរណ៍ធម្មជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព ក៏ជាគោលបំណង នៃការរៀបចំពិធីនេះផងដែរ។
ក្រសួងបានឱ្យដឹងថា សកម្មភាពសំខាន់ៗនៅក្នុងពិធី «បុណ្យកោងកាងសន្តិភាព» មានដូចជា ការដាំដើមកោងកាង ដោយ មានការចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស អ្នកចូលរួម និងប្រជាពលរដ្ឋ ក្នុងការដាំកូនកោងកាងនៅតំបន់ ព្រៃកោងកាងដែលបានកំណត់ ការជិះទូកកម្សាន្ត និងទស្សនាព្រៃកោងកាង និងការហែលទឹកលេងកម្សាន្ត។
ពិធី «បុណ្យកោងកាងសន្តិភាព» ត្រូវបានរំពឹងថា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើក កម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជន ក្នុងការថែរក្សាព្រៃកោងកាង និងបរិស្ថាននៅកម្ពុជា។
ក្រុមអ្នករៀបចំកម្មវិធី បានអំពាវនាវដល់សាធារណជន ឱ្យចូលរួមយ៉ាងសកម្ម ក្នុងពិធីបុណ្យដ៏មានអត្ថន័យនេះ ដើម្បីរួមគ្នាថែរក្សាព្រៃកោងកាង និងសន្តិភាពសម្រាប់កូនចៅជំនាន់ក្រោយ។
នៅកម្ពុជា មានព្រៃកោងកាងប្រមាណ៥ម៉ឺនហិកតានៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។ នេះបើយោងតាម អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា (Fauna & Flora Cambodia Programme)។
អង្គការបានលើកឡើងថា កោងកាងពិតជាមានសារ:សំខាន់ណាស់។ ពួកវាមិនត្រឹមតែការពារឆ្នេរទប់ទល់នឹងរលកយក្ស និងការហូរច្រោះប៉ុណ្ណោះទេ ប៉ុន្តែពួកវាក៏ផ្ទុកទៅដោយកាបូន ដែលជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់ជីវចម្រុះរាប់ពាន់ប្រភេទនៅក្នុងសមុទ្រផងដែរ។
អង្គការបានអំពាវនាវឱ្យចូលរួមទាំងអស់គ្នា ដើម្បីការពារ ព្រៃកោងកាង តាមរយ:ការមិនកាប់បំផ្លាញព្រៃកោងកាង ហើយចូលនិយាយថា «ទេ» ចំពោះការបូមខ្សាច់ និងសកម្មភាពផ្សេងៗទៀត ដែលបង្កការប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីដ៏មានសំខាន់ទាំងនេះ។
ការស្រាវជ្រាវថ្មីមួយ ដែលបានផ្សព្វផ្សាយកាលពីឆ្នាំ២០២៤កន្លងមក បានរកឃើញវត្តមានសត្វជាង ៧០០ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងជាងទំហំជាង ៣ម៉ឺនហិកតាក្នុងខេត្តកោះកុងផងដែរ៕